ជាតិ
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ជាង៧០០នាក់
09, Jun 2023 , 4:29 pm        
រូបភាព
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ចំនួន ៧៣៥នាក់   រូបភាពតំណាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបភាពរបស់សារព័ត៌មានថ្មីៗ
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនកម្រិតឧត្ដម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ចំនួន ៧៣៥នាក់ រូបភាពតំណាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ​ការ​ប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ + ២) ជំនាន់ទី២ សម្រាប់ក្របខណ្ឌរដ្ឋនៅ គ្រឹះស្ថានសិក្សា និងអង្គភាពនានា ចំនួន ៧៣៥ នាក់។ ការប្រឡង​នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ហើយ​ចូលរៀនវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៩ ខែតុលា។

 
ចំពោះមុខជំនាញ ដែលក្រសួងត្រូវជ្រើសរើស សម្រាប់ឆ្នាំនេះរួមមាន អក្សរសាស្រ្តខ្មែរ, សីលធម៌ពលរដ្ឋវិទ្យា, ភូមិវិទ្យា, កែច្នៃចំណីអាហារ, ផែនដីវិទ្យា, ក្សេត្រសាស្រ្ត, បសុវប្បកម្ម, សេដ្ឋកិច្ច, ព័ត៌មានវិទ្យា, វិស្វកម្មកុំព្យូទ័រ,​ មេកានិក និងអេឡិចត្រូនិច។ 
 
ជាមួយគ្នានេះ បេក្ខជនត្រូវជ្រើសរើសប៉ុស្តិ៍មុនពេលប្រឡង ទៅតាមតារាងកំណត់ប៉ុស្តិ៍របស់ក្រសួង និងតាមតម្រូវការរបស់អង្គភាពវិទ្យាល័យ។ ម្យ៉ាងទៀតបេក្ខជន ជាបុគ្គលិក​ មានសិទ្ធ ជ្រើសរើសវិទ្យាល័យណាមួយក្នុងរាជធានី - ខេត្ត ដែលខ្លួនកំពុងតែបម្រើការងារ។ ដោយឡែក បុគ្គលិក ដែលស្ថិតនៅក្រោម ឱវាទទីស្តីការក្រសួង មានសិទ្ធជ្រើសរើស តែប៉ុស្តិ៍នៅតាមគ្រឹះស្ថានឧត្តមសិក្សាវិទ្យាស្ថាន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ  ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ប៉ុណ្ណោះ។ 
 
ដោយឡែក បេក្ខជនណាដែលក្លែងបន្លំលិខិតដាក់ពាក្យប្រឡង  ជ្រើសរើសឯកទេសមុខវិជ្ជា ខុសពីសញ្ញាបត្ររបស់ខ្លួន ដែលមាននៅក្នុងសេចក្តីជូនដំណឹង ពេលក្រសួងរកឃើញ នឹងត្រូវលុបឈ្មោះចេញពីបញ្ជី គរុនិស្សិត។  រីឯ បេក្ខជន ដែលក្លែងបន្លំសញ្ញាបត្រ ពេលរកឃើញ នឹងត្រូវលុបឈ្មោះចេញពីគរុនិស្សិត ព្រមទាំងទទួលទោសទៅតាមច្បាប់។ ចំណែក បុគ្គលិកអប់រំ ដែលជ្រើសរើសប៉ុស្តិ៍ ខុសពីសេចក្តីជូនដំណឹងខាងលើ ក៏ត្រូវលុបឈ្មោះចេញពីបញ្ជីរបស់គរុនិស្សិត និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ ម្យ៉ាងទៀត បើសិនមានបុគ្គលិកអប់រំ បន្លំខ្លួនជានិស្សិត​ ក៏ត្រូវលុបឈ្មោះចេញពីគរុនិស្សិតដែរ ហើយពួកគេត្រូវទទួលទោសតាមច្បាប់ដូចគ្នា។ រឹតតែសំខាន់ បេក្ខជន មិនត្រូវប្តូរប៉ុស្តិ៍តាមសហព័ន្ធ នៅពេលមិនទាន់មានការតែងតាំងស៊ប់ ក្នុងក្របខណ្ឌឡើយ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com