ជាតិ
សង្គមជាតិ
ក.ប.ប រកឃើញសា្លបមាន់ ប្រហិត ត្រីសាបាក់ គ្រឿងក្នុងជ្រូកនាំចូល ខូចគុណភាពជិត៦តោនទៀត សាច់បង្កកនាំចូលខូចគុណភាពជិតតោន ត្រូវបានដុតចោល។
× មន្ត្រី ក.ប.ប. បានរកឃើញនិងដកហូត សាច់បង្កកខូចគុណភាព មិនមានអនុលោមភាពប្រមាណ ៦ តោនក្នុងខេត្តកណ្តាល និង ខេត្តបន្ទាយមានជ័យ។ សាច់បង្កកទាំងនោះ មានប្រមូលនាំចូលពីប្រទេសថៃ និងវៀតណាម ដែលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)រកបានឃើញពីថ្ងៃទី១ដល់៦មិថុនា។
បច្ចុប្បន្ន សាច់បង្កកខូចគុណភាព មិនមានអនុលោមភាពប្រមាណ៦តោននោះ ត្រូវបានមន្ត្រីរបស់អគ្គនាយកដ្ឋាន ក.ប.ប ដុតបំផ្លាញចោលហើយ។ បើតាមការផ្សាយរបស់អគ្គនាយកដ្ឋាន ក.ប.ប សាច់ខូចគុណភាពទាំងនោះ គឺមានស្លាបមាន់ចំនួន១,៥តោន ប្រហិតសាច់មាន់ សាច់/គ្រឿងក្នុងជ្រូក ត្រីសាបាក់ និងគ្រឿងសមុទ្រជាង៤,៤តោន។
ក.ប.ប បានបញ្ជាក់ថា៖ «ផលិតផលសាច់បង្កកខូចគុណភាពទាំងនេះ គឺមានការនាំចូលមកកម្ពុជា តាមច្រកនានា ក្នុងខេត្តកណ្តាល និងបន្ទាយមានជ័យ»។
គួររំលឹកថា កាលពីថ្ងៃទី២៣ឧសភា មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្ត បានរកសាច់បង្កកខូចគុណភាពចំនួន១,០៧៣គីឡូក្រាម។ បន្ទាប់ពីឃើញសាច់ទាំងនេះ ក៏ត្រូវបានដុតកម្ទេចចោលភ្លាមៗ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com