កីឡាជាតិ
កីឡាអន្តរជាតិ
អន្តរជាតិ
MSC 2023 ៖ ការរៀបចំរបស់កម្ពុជាទទួលបានការសរសើរពីសំណាក់កីឡាករបរទេស
11, Jun 2023 , 3:59 pm        
រូបភាព
កីឡាករប្រកួតអេឡិចត្រូនិកមកពីក្រុមល្បីៗក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បានកោតសរសើរដល់ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតពានរង្វាន់ Mobile Legends Bang Bang Southeast Asia Cup 2023 (MSC 2023) ព្រមទាំងសរសើរពីការយកចិត្តទុកដាក់នៃការទទួលបដិសណ្ឋារកិច្ច។

ការប្រកួតពានរង្វាន់ MSC 2023 ចាប់ផ្តើមឡើងក្រោយប្រទេសកម្ពុជាបានបញ្ចប់ដោយជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាធំៗចំនួន ២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ MSC 2023 ជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ី ដែលមានក្រុមខ្លាំងៗចំនួន ១២មកពីប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងមកពីតំបន់អាហ្រ្វិក និងអាម៉េរិកចូលរួម។
  


បន្ទាប់ពីបានធ្វើដំណើរមកដល់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់ដ៏ធំនៃកីឡាអេឡិចត្រូនិកលើប្រភេទ Mobile Legends កីឡាករមកពីក្រុមល្បីៗដូចជា Kairi Rayos del Sol មកពីក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី, កីឡាករ Yawi មកពីក្រុម ECHO ម្ចាស់ជើងឯកពានរង្វាន់ M4 World Championship 2022 និងគ្រូបង្វឹកមកពីក្រុម EVO Esports ដែលមានឈ្មោះក្នុងការប្រកួត Flashonee បានកោតសរសើរទៅលើរៀបចំ និងការទទួលយ៉ាងកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។
  


«ចាប់តាំងពីខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំបានសម្លឹងមើលឃើញអ្នកគាំទ្រ បានមកទទួលស្វាគមន៍ខ្ញុំបានយ៉ាងល្អ និងកក់ក្តៅ ហើយមកដល់ទីកន្លែងប្រកួតដូចគ្នា ពិតជាអរគុណខ្លាំងណាស់។»។ នេះជាសម្តីរបស់ Kairi ដែលជាតារាកីឡាអេឡិចត្រូនិក Mobile Legends ដ៏ល្បីប្រចាំឥណ្ឌូណេស៊ី និងហ្វីលីពីន។
  


ចំណែកកីឡាករ Tristan Cabrera ឬឈ្មោះក្នុងការប្រកួត Yawi ក៏បានបង្ហាញពីចំណាប់អារម្មណ៍ស្រដៀងគ្នាទៅនឹងកីឡាករ Kairi អំពីការរៀបចំទទួលបដិសណ្ឋារកិច្ចពីសំណាក់ម្ចាស់ផ្ទះកម្ពុជា។ Yawi បាននិយាយដូច្នេះថា៖«​ ប្រទេសកម្ពុជាពិតជាល្អមែនទែន ប្រជាជននៅទីនេះពិតជាមានចិត្តល្អ ពួកគេតែងតែជួយរាល់ទុកធុរៈនៅពេលពួកគេយើងត្រូវការអ្វីមួយ ជាពិសេសខ្ញុំពេញចិត្តចំពោះម្ហូបអាហារនៅទីនេះ។»។
 
បើទោះបីជាក្រុម EVO Esports មកពីឡាវមិនសូវជាទទួលបានលទ្ធផលល្អក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល​ A ទល់នឹងក្រុម ECHO របស់ហ្វីលីពីន ប៉ុន្តែគ្រូបង្វឹកប្រចាំក្រុម EVO Esports លោក Flashonee បានបង្ហាញអារម្មណ៍ល្អចំពោះលទ្ធផលនៃការប្រកួត មិនតែប៉ុណ្ណោះបានកោតសរសើរការយកចិត្តទុកដាក់លើក្រុមរបស់ពួកគេ ពីសំណាក់ម្ចាស់ផ្ទះ។ លោក Flashonee បាននិយាយដូច្នេះថា ៖«ជាលើកទីមួយដែលខ្ញុំបានមកកម្ពុជា កម្ពុជាជាម្ចាស់ផ្ទះបានមើលថែពួកខ្ញុំបានយ៉ាងល្អ។»៕
 

Tag:
 កីឡាអេឡិចត្រូនិក
  MSC 2023
© រក្សាសិទ្ធិដោយ thmeythmey.com