ជាតិ
បទសម្ភាសន៍
វីដេអូ
វិចិត្រករ សេង វិសុទ្ធ ពន្យល់ពីបច្ចេកទេសគូរគំនូរសម្រាប់សៀវភៅកុមារ​
12, Jun 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ ការ​គូរ​រូប​នៅ​ក្នុង​សៀវ​ភៅ​រឿងសម្រាប់​កុមារ​ ពុំ​​មែន​ចេះ​តែ​គូរទៅ​​តាម​ការ​នឹក​ឃើញ​នោះ​ឡើយ​​។ ប៉ុន្តែ​គេ​បែង​ចែក​ប្លង់​គំនូរ និង​អក្សរ​​ច្បាស់​លាស់​ ទៅ​តាម​កម្រិត​អាយុ​របស់​កុមារ​។ ការ​បែង​ចែក​ប្លង់​នេះ គឺ​ផ្ដោត​​លើ​​​​ចិត្ត​សាស្ត្ររបស់​​កុមារទូទៅ​​ ដែលចាប់​​​អារម្មណ៍​លើ​គំនូរ​ ក្នុង​ទម្រង់​បែបណា​។​

 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សេង វិសុទ្ធ អ្នករចនាក្រាហ្វិក និងវិចិត្រករ ដូចតទៅ៖

 
លោក សេង វិសុទ្ធ អ្នក​​រចនាក្រាហ្វិក និង​ជា​វិចិត្រ​ករ​​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា កុមារ​​មាន​ការ​ចាប់​អារម្មណ៍​​​​លើ​រូប​ខ្លាំង​​ ​ដូច្នេះ​ទាម​ទារ​ឱ្យការ​ផលិត​​​​សៀវ​ភៅ​​សម្រាប់​កុមារ​ មាន​រូប​ច្រើន​ជាង​អក្សរ​។ បន្ថែម​ពី​នោះ​ រូប​ភាព​សម្រាប់​កុមារ​ ក៏​ត្រូវ​តែ​មាន​ពណ៌​ស្រស់​ៗ និង​មាន​ពន្លឺ​ច្រើន ដើម្បី​ទាញ​​ចំណាប់​អារម្មណ៍​​របស់​កុមារ​ដែរ​។ ជាង​នោះ​ទៅ​ទៀត រូប​នីមួយ​ៗ​ត្រូវ​តែ​បែង​ចែក​ខណ្ឌ ​​ពី​រូប​មួយ​​ទៅ​រូប​មួយ​ទៀត​​ឱ្យ​ច្បាស់ ទើប​កុមារ​អាច​បែង​ចែក​រូប​នោះ​​បាន​​ច្បាស់​ ហើយ​ពួក​គេ​​ងាយ​ស្រួល​ចំណាំ​។
 
​«​កុមារ​កាន់​តែ​តូច​​ ​ប្លង់​រូប​កាន់​តែ​ធំ​ ហើយ​ប្លង់​អក្សរ​តិច​ជាង​​។ នៅ​ស៊ីប៉ា​យើង​គូរ​រូប​ បែង​ចែក​អាយុ​កុមារ​​ពី​០​ឆ្នាំទៅ​៦​ឆ្នាំ និង​ពី​៦​ឆ្នាំ​ទៅ​១២​ឆ្នាំ​ និង​ដេញ​ទៅ​លើ​រហូត​ដល់​មនុស្ស​ពេញ​វ័យ​​។ ដូច្នេះ​បើ​កុមារ​មាន​អាយុ​ច្រើន​ យើង​គូរ​រូប​លម្អិត​ជាង​​កុមារ​ដែល​មាន​អាយុ​តិច​ខ្លាំង»​។ នេះ​​ជា​ការពន្យល់​បន្ថែម​ របស់​លោក វិសុទ្ធ​។ 
 
យ៉ាង​ណា​ក៏​ដោយ សៀវ​ភៅ​រឿង​កុមារ​មួយ​ក្បាល​ ​មាន​អ្នក​និពន្ធ​អត្ថបទ​រឿង​ផ្សេង ហើយ​អ្នក​​​គូរ​រូប​​​ផ្សេង​ទៀត​។​​ ​ដើម្បី​ឱ្យ​គំនូរ​មួយ​ផ្ទាំង​ៗ ឬសៀវ​ភៅ​មួយ​ក្បាល​ មាន​រូប​ស៊ី​​គ្នា​ជា​មួយ​អត្ថបទ ទាំង​អ្នក​និពន្ធ ​និង​វិចិត្រករ​​ ត្រូវ​ជំនុំពិភាក្សា​​គ្នា​ច្រើន​។ បន្ថែម​ពី​នោះ​ ដើម្បី​ឱ្យ​សៀវ​ភៅ​​​មួយ​ក្បាល​នោះ ​​ពោរពេញ​ដោយ​ភាព​ទាក់​ទាញ តម្រូវ​​ឱ្យ​​មាន​​​អ្នក​កែ​សម្រួលទាំង​រូប ​និង​អត្ថបទ មួយ​រូប​ផ្សេង​ទៀត​។
 
លោក វិសុទ្ធ ដែលមាន​​បទ​ពិសោធ ​គូររូប​តាំង​ពី​ឆ្នាំ​២០០៤​អះអាង​​៖ «សៀវ​ភៅ​ដែល​មាន​តែ​អ្នក​គូរ ​និង​អ្នក​សរសេរ​ធ្វើ​ការ​តែ​ពី​រ​នាក់ នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ច្រើន។ អាច​និយាយ​ថា​ គំនូរ​និង​អត្ថបទ ​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​នៅ​ផ្នែក​ខ្លះ​។​​ ដូច្នេះ​បើ​មាន​អ្នក​សម្រប​សម្រួល​ម្នាក់​ សៀវ​​ភៅ​មួយ​ក្បាល​នោះ​ មាន​ភាព​ទទួល​យក​បាន​ខ្ពស់​»៕
 
 
 
 
 
 
 

Tag:
 តោះអានជុំគ្នា
  អប់រំ​
  អំណាន
  គំនូរ​
  កុមារ​
  សៀវ​ភៅ​
  សៀវ​ភៅ​រឿង​
© រក្សាសិទ្ធិដោយ thmeythmey.com