កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic​ គ្រងជើងឯក French Open​ និងជាកំណត់ត្រា Grand Slam​ ទី២៣
12, Jun 2023 , 9:25 am        
រូបភាព
Novak Djokovic បានក្លាយជាម្ចាស់ជើងឯក French Open ឆ្នាំ២០២៣ ក្រោយយកឈ្នះគ្រូប្រជែង Casper Ruud​​ វគ្គផ្តាច់ព្រ័ត្រ​ ក្នុងលទ្ធផល ៧-៦(១), ៦-៣ និង ៧-៥​នៅថ្ងៃទី១​១​ ខែមិថុនា។ តាមរយៈជ័យជម្នះនេះ​ បានជួយកំពូលកីឡាករវាយកូនបាល់ស៊ែប៊ីឈ្នះ Grand Slam​​ ច្រើនជាងគេជាកំណត់ត្រាចំនួន២៣លើក។


កីឡាករវាយកូនបាល់លំដាប់ទី១ពិភពលោក វ័យ៣៦ឆ្នាំ បានស្មើកំណត់ត្រារបស់ Rafa Nadal ដែលគ្រង Grand Slam បន្ទាប់ពីឈ្នះ Australian Open កាលពីថ្ងៃទី២២​ ខែមករា។ ៥ខែក្រោយ Djokovic បានបំបែកកំណត់ត្រារបស់ Nadal​ ដែលជា King of Clay ដោយដណ្តើមបានពានរង្វាន់ Roland Garros នៅទឹកដីបារាំងជាលើកទី៣ (២០១៦,២០២១​ និង២០២៣)។
  


«ការប្រកួតដ៏ធំបំផុតទាំងបួន Australian Open, French Open, Wimbledon និង US Open សុទ្ធជាពានរង្វាន់ ដែលកីឡាករកីឡាការិនីម្នាក់ៗស្រមៃចង់ឈ្នះ​ យ៉ាងហោចណាស់១លើកក្នុងអាជីព។ ខ្ញុំពិតជាសំណាងណាស់ក្នុងជីវិតរបស់ ដែលឈ្នះវា ២៣ដងដ៏មិនគួរឱ្យជឿ»។ នេះជាការលើកឡើងរបស់ Djokovic ក្រោយឈ្នះកីឡាករន័រវែស Casper Ruud​ ដើម្បីលើកពាន French Open នៅទីលាន Court Philippe Chatrier ក្រុងប៉ារីស​។
 
Djokovic បានតាមស្មើកំណត់ត្រារបស់កីឡាការិនីអាម៉េរិក Serena Williams ដែលកាន់កំណត់ត្រា Grand Slam ២៣លើក។​ អតីតកីឡាការិនីវាយកូនបាល់អូស្ត្រាលី Margaret Court កាន់កំណត់ត្រា Grand Slam ច្រើនជាងគេបង្អស់២៤លើក។
 
ក្នុងចំណោមកីឡាករវាយកូនបាល់ដែលធ្លាប់ឈ្នះ Grand Slam លើសពី១០ដង​ មានតែ៤រូបប៉ុណ្ណោះ ក្នុងនោះ Djokovic ២៣លើក Rafa Nadal ២២លើក Roger Federer របស់ស្វ៊ីស ២០លើក និង Pete Sampras របស់អាម៉េរិក ១៤លើក៕
 

Tag:
 វាយកូនបាល់
  Novak Djokovic
  French Open
© រក្សាសិទ្ធិដោយ thmeythmey.com