កីឡាអន្តរជាតិ
អន្តរជាតិ
រដូវកាលខកចិត្តរបស់អ៊ីតាលី!​ បរាជ័យវគ្គផ្តាច់ព្រ័ត្រ UCL, UEL, UECL និង U-20 World Cup
12, Jun 2023 , 5:29 pm        
រូបភាព
ក្លិបកីឡាបាល់ទាត់អ៊ីតាលីចំនួន៣ Inter Milan, AS Roma និង Fiorentina សុទ្ធតែរងបរាជ័យរៀងខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបទាំង៣កម្រិត UEFA Champions League, UEFA Europa League និង UEFA Europa Conference League។ មិនត្រឹមក្លិបឡើយ ក្រុមជម្រើសជាតិអ៊ីតាលីអាយុក្រោម២០ឆ្នាំ ក៏ចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន World Cup ឆ្នាំ២០២៣ ដែរ។



យុគ្គសម័យមាសរបស់ក្រុមបាល់ទាត់អ៊ីតាលីនៅឆ្នាំ២០២៣ បានរបូតពីដៃទៅវិញ បន្ទាប់ពីក្រុម៤របស់អឺរ៉ុបមួយនេះ សុទ្ធតែរងការខកចិត្តព្រមគ្នានៅជំនួបវគ្គផ្តាច់ព្រ័ត្រ។
 
Inter Milan ដែលមានឱកាសឈានទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាថ្មីក្នុងរយៈពេល១៣ឆ្នាំ បានរងបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ១-០។ លទ្ធផល ១-០ បានជួយក្រុមមេឃខៀវលើកពានកំពូលអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប និងជាការឈ្នះពាន៣ក្នុងមួយរដូវកាលលើកដំបូងរបស់ពួកគេផងដែរ។
 
គ្រាប់បាល់ជ័យជម្នះរបស់ Man City រកបានដោយខ្សែបម្រើ Rodrigo នៅនាទី៦៨ ដើម្បីក្រុមដែលដឹកនាំដោយលោក Pep Guardiola ក្រសោបពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបពីក្រុមម្ចាស់ជើងឯក៣សម័យ Inter Milan។
 
AS Roma ក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho ទទួលបានត្រឹមរងជើងឯក Europa League ក្រោយចាញ់ Sevilla របស់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-១។ ជ័យជម្នះរបស់ Sevilla​ ទាំងចម្រូងចម្រាស បានជួយពួកគេគ្រងជើងឯកពាន កម្រិតទី២អឺរ៉ុបនេះលើកទី៧ ជាកំណត់ត្រា។
 
ក្លិបបាល់ទាត់មកពីលីគកំពូលអ៊ីតាលី Serie A មួយទៀត Fiorentina ក៏បានរងបរាជ័យក្រោមស្នាដៃក្រុមអង់គ្លេស West Ham United ផងដែរ នៅវគ្គផ្តាច់ព្រ័ត្រ Conference League ក្នុងលទ្ធផល ២-១។ នេះជាពានលើកដំបូងរបស់ West Ham ក្រោយខកខានឈ្នះពានអ្វីទាំងអស់រយៈពេល៤៣ឆ្នាំ។
 
មិនត្រឹមតែក្លិបឡើយ ក្រុមជម្រើសជាតិ U-20 អ៊ីតាលី បានរងការខកចិត្តផងដែរ ក្រោយចាញ់អ៊ុយរ៉ូហ្កាយនៅវគ្គផ្តាច់ព្រ័ត្រ U-20 World Cup ក្នុងលទ្ធផល ១-០។ U-20 World Cup ឆ្នាំ២០២៣ ធ្វើឡើងនៅប្រទេសអាហ្សង់ទីន ដែលរ៉ាប់រងជំនួសឥណ្ឌូណេស៊ី ក្រោយ FIFA ដកសិទ្ធិវិញ៕
 

Tag:
 ៣ Inter Milan
  AS Roma
  Fiorentina
  U20 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com