កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ranieri ទប់ទឹកភ្នែកមិនជាប់ ក្រោយជួយ Cagliari ត្រឡប់ទៅ Serie A វិញ
13, Jun 2023 , 10:11 am        
រូបភាព
លោក Claudio Ranieri បានដឹកនាំ Cagliari ត្រឡប់ទៅកាន់លីគកំពូលអ៊ីតាលី Serie A វិញ បន្ទាប់ពីឈ្នះ Bari ក្នុងការប្រកួតវគ្គ Playoff នៅថ្ងៃទី១២ ខែមិថុនា។ កាលពីឆ្នាំ១៩៩១ អតីតអ្នកចាត់ការ Leicester City រូបនេះ ក៏ធ្លាប់ជួយ Cagliari ឡើងពី Serie C បន្តទៅ Serie A ម្តងរួចមកហើយ។



Ranieri អ្នកចាត់ការទូទៅដ៏មានបទពិសោធន៍សញ្ជាតិអ៊ីតាលី មិនអាចទប់ទឹកភ្នែកបានឡើយ បន្ទាប់ពីជួយ Cagliari ឡើងទៅកាន់ក្របខណ្ឌ Serie A យ៉ាងលំបាក។ Cagliari បានយកឈ្នះ Bari ក្នុងលទ្ធផលទាំងពីរជើង ២-១ ដោយជើងទីមួយបញ្ចប់លទ្ធផល ១-១។
 
ជ័យជម្នះ ១-០ នៅជំនួបជើងទី២របស់ Cagliari ធ្វើបានដោយ Leonardo Pavoletti ដែលស៊ុតបញ្ចូលទីនាទី៩៤ លើក្រុមម្ចាស់ផ្ទះ Bari នៅកីឡដ្ឋាន Stadio San Nicola។
ក្រោយជួយក្រុមក្នុងប្រទេសកំណើតត្រឡប់ទៅលីគកំពូលវិញលោក Ranieri ដែលចូលដឹកនាំ Cagliari កាលពីខែមករាកន្លងទៅ បានប្រាប់កាសែត DAZN ថា Cagliari ជាអ្វីគ្រប់យ៉ាងរបស់ខ្លួន។
 
អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៧១ឆ្នាំ ដែលធ្លាប់ជួយ Leicester ឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League ជាប្រវត្តិសាស្ត្រនៅរដូវកាល ២០១៥-១៦ ក៏ធ្លាប់បាននាំ Cagliari ឡើងពី Serie C លីគទី៣អ៊ីតាលី ទៅកាន់ Serie A វិញ អំឡុងពេលដឹកនាំពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩១។
 
Ranieri ត្រូវបានតែងតាំងជាអ្នកស្នងតំណែងលោក Fabio Liverani ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នៅពេលក្រុមឈរនៅលេខរៀងទី៩។ ក្រោមការដឹកនាំរបស់ Ranieri ៦ខែ Cagliariចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម១៩ប្រកួតនៅ Serie B ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ និងបានកៅអី play-off។ Cagliari បានយកឈ្នះ Venezia និង Parma មុនពេលទម្លាក់ Bari ត្រឡប់ទៅ Serie A វិញ៕
 
 
 

Tag:
 Claudio Ranieri
  Cagliari
© រក្សាសិទ្ធិដោយ thmeythmey.com