អន្តរជាតិ
គម្រោង​ប្រែក្លាយ​វៀតណាម​ទៅ​ជា​ប្រទេស​ដែល​គ្មាន​ការ​បំភាយ​កាបូន​ប្រឈម​នឹង​ឧបសគ្គ
13, Jun 2023 , 7:29 pm        
រូបភាព
បុគ្គលិក​សន្តិសុខ​ម្នាក់​ដើរ​កាត់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ Sao Mai នៅខេត្ត An Giang ប្រទេស​វៀតណាម​កាលពីថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២២។
បុគ្គលិក​សន្តិសុខ​ម្នាក់​ដើរ​កាត់​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​ Sao Mai នៅខេត្ត An Giang ប្រទេស​វៀតណាម​កាលពីថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០២២។
ដោយ: VOA
គម្រោង​អភិវឌ្ឍន៍​ថាមពលជាតិ​របស់​វៀតណាម​ដែលត្រូវបាន​ទន្ទឹង​រង់ចាំ​ជាយូរមក​ហើយ មាន​គោលបំណង​សម្រេច​បាន​នូវការ​គ្មាន​បំភាយ​កាបូន​ត្រឹមឆ្នាំ២០៥០ ទទួល​បាន​ការអនុញ្ញាតពី​លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពី​ថ្ងៃទី១៦ ខែ​ឧសភា ប៉ុន្តែ​ប្រឈម​នឹង​ឧបសគ្គ​ក្នុងការ​អនុម័ត​និងឧបសគ្គ​ផ្នែក​មូលនិធិ។

 
គម្រោង PDP8​ ឬ Power Development Plan 8ដែល​ត្រូវ​បាន​ពន្យារពេល​ជាង២ឆ្នាំ មាន​គោលដៅ​ចាប់ផ្តើម​នៅឆ្នាំ២០៣០ និង​ចង់​សម្រេច​បាន​ត្រឹម​ឆ្នាំ២០៥០។ គម្រោង PDP8 ត្រូវការ​ថវិកា១៣៤,៧ ពាន់​លាន​ដុល្លារ​សម្រាប់​រោងចក្រ​ថាមពល​ថ្មី​និង​បង្គោល​ថាមពល​ដើម្បី​អាច​ចាប់​ផ្តើម​ធ្វើ​ទៅបាន​នៅ​ឆ្នាំ២០៣០។ ដើម្បី​លុបបំបាត់​ធ្យូង​ថ្ម​ទាំងស្រុង​ត្រឹមឆ្នាំ២០៥០ រដ្ឋាភិបាល​ត្រូវការ​ថវិកា​ប្រមាណ ៦៥៨ ពាន់​លានដុល្លារ។
 
ការ​អនុម័ត ថវិកា និង​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាលទាំងមូល​ដើម្បី​លុបបំបាត់​ធ្យូងថ្ម​ប្រឈម​នឹង​ការ​លំបាក។
 
លោក Ha Hoang Hop ​អ្នកសិក្សាស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ ISEAS-Yusof Ishak ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហាណូយ​បាន​ថ្លែងថា៖«គម្រោង​នេះ​ជា​បញ្ហា​ប្រឈម​ធំ​មួយ។ គម្រោង​នេះ​អាច​អនុម័ត​ទៅ​បាន​លុះត្រា​តែ​ត្រូវ​កែ​ទម្រង់​វិស័យ​ថាមពល​វៀតណាម​ទាំងមូល​ឡើងវិញ​តែម្តង»។​
 
ក្រោម​គម្រោង​នេះ​ វៀតណាម​នឹង​ត្រូវការ​បង្កើន​សមត្ថភាព​បង្កើត​ថាមពល​ជាង​២ដង​ត្រឹម​ឆ្នាំ២០៣០។ ធ្យូងថ្ម​នៅ​តែ​ជា​ប្រភព​ថាមពល​ចម្បង​ក្នុង​ទសវត្សរ៍​២០២០។ ឧស្ម័ន​ធម្មជាតិ​រាវ​អាច​ជាប្រភព​ថាមពល​ចម្បង​នៅ​ឆ្នាំ២០៣០ ក្រៅពីនេះ​មានដូចជា​ថាមពល​ទឹក ​ខ្យល់ ​ព្រះអាទិត្យ​និង​ជីវម៉ាស។
 
វៀតណាម​ជាប្រទេស​ជោគជ័យ​មុនគេមួយ​ផ្នែក​ថាមពលកកើតឡើងវិញ​ ដែល​បាន​បំពាក់​ថាមពល​ប្រើដោយ​ខ្យល់​និង​ព្រះអាទិត្យ​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ត្រឹម​ឆ្នាំ២០១៩ ​ប៉ុន្តែ​មាន​បង្គោល​ថាមពលជាតិ​ទំនើបតិចតួចប៉ុណ្ណោះ។ ជា​លទ្ធផល ថាមពល​ភាគច្រើន​ត្រូវបាន​ខ្ជះខ្ជាយ ​ខណៈ​ក្រុមហ៊ុន​អគ្គិសនី​គ្រប់គ្រងដោយ​រដ្ឋ EVN ដាក់​កម្រិត​លើ​សមិទ្ធផល​ដើម្បី​រារាំង​ការ​ផ្ទុក​លើស​តម្រូវការ។ បន្ថែម​ពី​លើនេះ​ ការ​ស៊ើបអង្កេត​មួយ​ទៅលើ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម បាន​លាតត្រដាង​ថា​ក្រុម​មន្ត្រី​បានអនុញ្ញាត​ឱ្យ​មានគម្រោង​ថាមពល​សូឡា​ច្រើនជាង​អ្វីដែលគួរ​ត្រូវ​បាន​អនុញ្ញាត។
 
លោក Dang Nguyen ​អ្នកជំនាញ​ផ្នែក​ច្បាប់​ក្នុង​វិស័យថាមពល​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​ថ្លែង​ថា៖​«ឥឡូវនេះ​មាន​ថាមពល​សូឡា​ច្រើន​ពេក»។ គម្រោង​សូឡា​ថ្មី​នឹង​ត្រូវ​ផ្អាក​សិន​រហូត​ដល់​ឆ្នាំ២០៣០ ប៉ុន្តែ​ទស្សនៈវិស័យ​នៃ​គម្រោង​ថាមពល​ខ្យល់​មាន​សុទិដ្ឋិនិយម​ជាង​មុន។
 
លោក Nguyen បាន​ថ្លែង​ថា៖« ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អនុញ្ញាត​ ហើយ​អនុញ្ញាត​ទៀត។ មិនច្បាស់​ថា​ក្រសួង​នេះ​អនុញ្ញាត​លើសដែន​សមត្ថកិច្ច​ខ្លួន​ឬក៏អត់»។​
 
ថវិកា​និង​ការ​កាត់​បន្ថយ​ធ្យូងថ្ម
 
លោកChinh ​ប្តេជ្ញា​កែប្រែ​វៀតណាម​ឱ្យ​ទៅជាប្រទេស​ដែល​គ្មាន​ការ​បំភាយ​កាបូន​ត្រឹម​ឆ្នាំ២០៥០ នៅ​ឯ​សន្និសីទ​ស្តីពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ២០២១។ លោក​អំពាវនាវ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​នានា​ជួយ​ដល់​វៀតណាម​ក្នុង​ពេល​ផ្លាស់ប្តូរ​ទៅ​ជា​ប្រទេស​បៃតង​នេះ។
 
មូលនិធិ​អន្តរជាតិ​មាន​ដូចជា​កិច្ចព្រមព្រៀង​ភាពជាដៃគូ​ថាមពល JETP ​ដែល​មានទឹក​ប្រាក់​១៥,៥​ពាន់​លាន​ដុល្លារ​រវាង​វៀតណាម​និង​ប្រទេស​ G7 បូកបញ្ចូល​ប្រទេស​ន័រវែស​និង​ដាណឺម៉ាក។ ក្រោយ​ចរចា​អស់រយៈ​ពេល​យូរ កិច្ចព្រមព្រៀង​មួយ​សម្រេច​បាន​កាលពី​ខែ​ធ្នូ ​ប៉ុន្តែ​ថវិកា​មិនទាន់​ទទួល​បាន​នៅ​ឡើយទេ រហូត​ទាល់​តែ​គម្រោង PDP8 ​ត្រូវ​បាន​អនុម័ត​សិន។
 
លោក Zachary Abuza អ្នកជំនាញ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​មហាវិទ្យាល័យ National War ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្លែង​ថា ​គម្រោង ​PDP8​នៅមាន​ចំណុច​ខ្វះខាត​ គឺមាន​ត្រឹម​គ្រប់គ្រាន់​សម្រាប់​ទទួល​បាន​ថវិកា​ពី​គម្រោង JETP ​ក៏ដូចជា ​វិនិយោគ​ឯកជន​ក្នុង​គម្រោង​ថាមពល​កកើត​ឡើងវិញ​ប៉ុណ្ណោះ។
 
លោក​បាន​ថ្លែងថា៖«គម្រោងនេះ​មិន​បាន​រៀបរាប់​ឱ្យ​លម្អិត។ គឺ​មិនមាន​ភាព​ច្បាស់​លាស់​។ ពួកគេ​ធ្វើ​ឱ្យ​តែ​បាន​ ដើម្បី​ទទួល​ថវិកា​១៥,៥ពាន់លាន​ពី​គម្រោង JETP ​និង​ថវិកា​ប្រមាណ៥ពាន់​លាន​ពី​វិនិយោគ​ឯកជន​កំពុង​ជាប់​គាំង»។​
 
អ្នកជំនាញ​ថាមពល​មួយរូប​នៅ​ទីក្រុង​ហូជីមិញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​លោក​មិន​បាន​ការ​អនុញ្ញាត​ឱ្យ​និយាយ​ជាសារធារណៈ​បាន​ថ្លែងថា មិនមាន​ភាព​ច្បាស់​លាស់​នោះទេថា ថវិកា​របស់​គម្រោង JETP នឹង​ត្រូវបាន​បញ្ចេញ​មកឬ​ក៏​អត់នោះទេ។
 
លោក​បាន​ថ្លែងថា៖«គ្រប់គ្នា​និយាយ​អំពី​មូលនិធិ JETP ប៉ុន្តែ​ថាតើ​ថវិកា​នេះ​នឹង​ត្រូវ​គេ​បញ្ចេញ​មក​ឬ​ក៏​អត់នោះ គឺ​គ្មាន​នរណាដឹង​នោះទេ»។
 
បន្ថែម​ពី​លើនេះទៀត លោក​បារម្ភ​ពីកង្វះខាត​ថវិកា​ដល់​ឆ្នាំ២០៥០​ ដែលប្រើ​ថវិកា​រដ្ឋាភិបាល​និង​យន្តការ​តម្លៃ​ទូទាំង​ប្រទេស​សម្រាប់​ថាមពល​កកើតឡើងវិញ។
 
លោក​ថ្លែង​បន្ថែមថា៖«រដ្ឋាភិបាល​មិនមាន​ថវិកា​នោះទេ ហើយ​វិស័យ​ឯកជន​ យន្តការ​តម្លៃ​គឺជា​បញ្ហា​ធំបំផុត»។
 
ការ​គាំទ្រ​សរុប​ក្នុង​ជួរ​រដ្ឋាភិបាល​ដើម្បី​លុបបំបាត់​ធ្យូងថ្ម​ក៏​នៅ​មាន​ភាព​ស្រពេច​ស្រពិល។ អ្នកស្រី Nguy Thi Khanh ដែល​ជា​អ្នកដឹកនាំ​យុទ្ធនាការ​ប្រឆាំង​ធ្យូងថ្ម​ក្នុង​ប្រទេសនេះ​ត្រូវ​ជាប់​ពន្ធនាគារ ១៦ខែ​ពីបទ​បំពាន​លើការ​បង់ពន្ធ​កាលពី​ខែមិថុនា​ឆ្នាំមុន។ អ្នកស្រី Khanh ត្រូវបាន​ដោះលែង​វិញ​៥ខែ​មុនពេល​កំណត់​គឺ​កាលពី​ដើម​ខែ​ឧសភា ប៉ុន្តែ​ការ​ចាប់​អ្នកស្រី​ដាក់​ពន្ធនាគារ​បង្ហាញ​ឱ្យ​ឃើញពី​ការ​បែកបាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​លុបបំបាត់​ធ្យូងថ្ម។
 
លោក Abuza ថ្លែងថា៖«មាន​ចំណាប់​អារម្មណ៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ធ្យូងថ្ម​និង​ថាមពល​ដទៃទៀត។ វាជា​ប្រព័ន្ធ​ដែល​អាប់អួរ​និង​ពុករលួយ​ដែល​ពួកគេ​អាច​ទទួល​បាន​ការ​ចោទ​ប្រកាន់»។
 
លោកBen Swanton សហនាយក​នៃ​ក្រុម​សិទ្ធិមនុស្ស​ The 88 Project ​ឬគម្រោង៨៨​ថ្លែង​ថា ​ការ​ដោះលែង​អ្នកស្រី Khanh ​បង្ហាញ​ពី​សម្ពាធ​ខាងក្រៅ​ដែល​អាច​ជំរុញ​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថានដែល​ជាប់​ពន្ធនាគារ។
 
លោក Swanton ​បាន​សរសេរ​ក្នុង​អ៊ីម៉េល​ថា៖​«កម្រណាស់​ដែល​អ្នកទោសនយោបាយ​អាច​ត្រូវបាន​គេ​ដោះលែងមុន​ពេល​កំណត់។ ក្នុងករណី​អ្នកស្រី Khanh មាន​សម្ពាធ​ការទូត​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​អ្នកស្រី ​សម្ពាធ​ដែល​កើនឡើង​ក្រោយ​រដ្ឋាភិបាល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថាមពល​លើ​គម្រោង JETP»។
 
ទោះជាយ៉ាងនេះក្តី ការ​សំដៅ​លើ​អ្នកបរិស្ថាន​នៅតែ​បន្ត ដោយ​ប៉ូលិស​នៅ​ទីក្រុង​ហូជីមិញ​បានចាប់ខ្លួន​សកម្មជន​បរិស្ថាន​ដ៏​ល្បីល្បាញ​មួយរូប​គឺអ្នកស្រី Hoang Thi Minh Hong ពីបទ​បំពាន​ពន្ធ​កាលពី​ថ្ងៃទី៣០ ខែឧសភា។
 
លោក Phil Robertson ​បាន​ថ្លែងក្នុង​សំបុត្រ​មួយ​ទៅកាន់​អ្នកកាសែត​ថា៖«​ការប្រើ​ប្រាស់​ច្បាប់​ពន្ធដារ​ដ៏​ស្រពេចស្រពិល​របស់​វៀតណាម​សំដៅ​ទៅលើ​សកម្មជន​បរិស្ថាន​និង​សកម្មជន​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាមួយ​នឹង​ការ​ធ្វើទុកបុកម្នេញ​ដែល​មាន​ហេតុ​ផល​នយោបាយ​គឺជា​រឿង​ថ្មី ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង។ អ្នកស្រី Hoang Thi Minh Hong ​គឺជា​ជនរងគ្រោះ​ថ្មី​ទៀត»។​
លោក​ថ្លែង​បន្ថែមថា៖«ការ​គាបសង្កត់​ថ្មីៗនេះកើតឡើង ស្របពេល​ដែល​វៀតណាម​អះអាង​ថាខ្លួន​នឹង​កាត់បន្ថយ​ការ​បំភាយ​កាបូន​ដោយប្រើ​ថវិកា​បរទេស​ដ៏ច្រើន​សន្ធឹក​សន្ធាប់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com