កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថា World Cup 2022 ប្រហែលជាព្រឹត្តិការណ៍លើកចុងក្រោយរបស់ខ្លួន
14, Jun 2023 , 11:59 am        
រូបភាព
Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន នៅថ្ងៃទី១៣ ខែមិថុនា បានបញ្ជាក់ថារូបគេមិនបានគិតឡើយថានឹងអាចលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជាថ្មីម្តងទៀត។ ខ្សែប្រយុទ្ធ Paris Saint Germain ដែលជួយអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ ២០២២ នៅកាតា បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយប្រពន្ធផ្សព្វផ្សាយរបស់ចិន។



«ខ្ញុំបាននិយាយជាច្រើនលើករួចមកហើយកាលពីមុនថា ​World Cup ឆ្នាំ២០២២ ជាការប្រកួតចុងក្រោយរបស់ខ្ញុំ។ ខ្ញុំនឹងមើលពីរបៀបដែលអ្វីៗជាដំណើរការ ប៉ុន្តែតាមទ្រឹស្តីជាក់ស្តែង ខ្ញុំមិនគិតឡើយថាខ្ញុំនឹងអាចមានវត្តមានសម្រាប់ World Cup លើកក្រោយនេះ។»។​ នេះបើតាមសម្តីរបស់ Messi បាននិយាយក្នុងវីដេអូដែលបានបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម Kuaishou។
 
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ បច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងទីក្រុងប៉េកាំង ជាទីកន្លែងដែលអាហ្សង់ទីននឹងលេងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមអូស្ត្រាលីនាថ្ងៃទី១៥ ខែមិថុនា។
 
ប្រសិនបើកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន វ័យ៣៦ឆ្នាំរូបនេះបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ World Cup 2026 រូបគេនឹងឈានដល់វ័យ ៣៩ឆ្នាំក្នុងការប្រកួតនោះ។ កាលពីដើមឆ្នាំ ២០២៣ Messi ធ្លាប់បាននិយាយប្រាប់ទៅកាន់កាសែតរបស់អាហ្សង់ទីន Ole ថារូបគេនឹងមានភាពលំបាកដើម្បីចូលរួមប្រកួតនៅព្រឹត្តិការណ៍ World Cup ដទៃទៀត។
 
ដោយឡែកកាលពីសប្តាហ៍មុន Messi បានប្រកាសអំពីការសម្រេចចិត្តចូលរួមក្លិប Inter Miami ស្ថិតនៅក្របខណ្ឌ Major League Soccer បន្ទាប់ពីរូបគេបានផុតកិច្ចសន្យាជាមួយក្រុម Paris Saint Germain។
 
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវជួបប្រកួតទល់ក្រុមជម្រើសជាតិអូស្ត្រាលី ដែលការប្រកួតធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា នៅក្នុងកីឡដ្ឋាន Worker’s ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាប្រមាណ ៦៨,០០០នាក់ ស្ថិតក្នុងទីក្រុងប៉េកាំង។ 
 
គួររំលឹកថាក្រុមជម្រើសជាតិអាហ្សង់ទីន នឹងអូស្ត្រាលី​ធ្លាប់ប្រជែងគ្នានៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ ​World Cup 2022 នៅទីក្រុងដូហា ប្រទេសកាតា ហើយកាលនោះអាហ្សង់ទីនយកឈ្នះដោយលទ្ធផល ២-១។ ខណៈដែល Messi កំពុងក្លាយជាទីចាប់អារម្មណ៍របស់ប្រជាជនចិនដែលដណ្តើមគ្នាចង់ឃើញការប្រកួតរបស់កីឡាកររូបនេះ ប៉ុន្តែថ្លៃសំបុត្រសម្រាប់ចូលទស្សនាកំពុងតែមានការកើនឡើងដល់ទៅតម្លៃ ៤,៨០០យន់ (៦៧១ដុល្លារ)៕
 

Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com