កីឡាអន្តរជាតិ
អន្តរជាតិ
ភាគហ៊ុន Man Utd កើន២០ភាគរយ ដោយសារព័ត៌មានពីការទិញក្លិបរបស់សេដ្ឋីកាតា Sheikh Jassim
14, Jun 2023 , 3:41 pm        
រូបភាព
Manchester United បានកើនឡើងភាគហ៊ុនប្រមាណជាង ២០ភាគរយនៅលើការជួញដូរទីផ្សារមុន ថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីមានរបាយការណ៍ថាលោក Sheikh Jassim bin Hamad al-Thani នឹងទទួលបានជោគជ័យជាមួយនឹងការទិញយកក្លិបយក្សអង់គ្លេសមួយនេះ។



បើតាមកាសែតរបស់កាតា Al-Watan បានរាយការណ៍ពីថ្ងៃទី១៣ ខែមិថុនា ថាលោក Sheikh Jassim ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីប្រទេសកាតា បានប្រកាសពីការទិញយកក្លិបបិសាចក្រហមរបស់ក្របខណ្ឌ Premier League ឆាប់ៗនេះ។
 
​កាសែត UK’s Daily Mail កាលពីសប្តាហ៍មុនក៏បានបញ្ជាក់ដែរថាលោក Sheikh Jassim បានដាក់ការដេញថ្លៃលើកទី៥ និងជាជុំផ្តាច់ព្រ័ត្រ ដោយបានស្នើច្រើនជាង ៥ពាន់លានផោន (៦,២៨ពាន់លានដុល្លារ)។ ដោយសារតែព័ត៌មានទាំងអស់នេះ បានធ្វើឱ្យក្លិបយក្សអង់គ្លេសមួយនេះ កើនភាគហ៊ុនដល់ទៅ២០ភាគរយ។
 
ជាក់ស្តែងនាឆ្នាំ ២០២៣ ភាគហ៊ុនរបស់ក្លិប Manchester United ដែលបានចុះក្នុងបញ្ជីស្ថិតនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក (New York Stock Exchange) មានការធ្លាក់ចុះប្រមាណ ១៤ភាគរយ មុនពេលលេចលឺដំណឹងពីការដេញថ្លៃបានសម្រេចរបស់លោក Sheikh Jassim។
 
ចំណែកថ្ងៃផុតកំណត់នៃការដេញថ្លៃទិញក្លិបបិសាចក្រហមវិញ បានផុតកំណត់កាលពីថ្ងៃទី៩ មកម្ល៉េះ ប៉ុន្តែការប្រកាសជាផ្លូវការណាមួយនៅមិនទាន់បានធ្វើឡើងនៅឡើយ៕
 
 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com