កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលនឹងប្រកួតមិត្តភាពទល់អេស្ប៉ាញនៅ Bernabeu ដើម្បីយុទ្ធនាការប្រឆាំងការរើសអើង
14, Jun 2023 , 8:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងត្រូវប្រកួតមិត្តភាពទល់ក្រុមអេស្ប៉ាញនៅក្នុងកីឡដ្ឋាន ​Santiago Bernabeu របស់ក្រុម Real Madrid នៅខែមីនាឆ្នាំក្រោយ ដើម្បីចូលរួមយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍ និងបង្ហាញការគាំទ្រចំពោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr។ នេះបើតាមសម្តីប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) លោក Luis Rubiales នៅថ្ងៃទី១៣ ខែមិថុនា។



លោក Rubiales និងដៃគូសហការលោក ​Ednaldo Rodrigues ដែលជាប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានជួបពិភាក្សាគ្នាក្នុងទីក្រុង ​Madrid ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមដំណើរយុទ្ធនាការប្រឆាំងទៅនឹងការរើសអើងជាតិសាសន៍ ក្រោមពាក្យស្លោក «One skin»។
  


ការព្រមព្រៀងគ្នារវាងសហព័ន្ធបាល់ទាត់ទាំង ២ ធ្វើឡើងក្រោយពេលដែលកីឡាករប្រេស៊ីល Vinicius វ័យ ២២ឆ្នាំ បានរងគ្រោះនៅក្នុងការប្រកួតក្របខណ្ឌ La Liga នៅទីក្រុង Valencia កាលពីខែឧសភា។ ហេតុការណ៍នៃការរើសអើងលើ Vinicius ប្រមាណ ១០ករណីត្រូវបាន La Liga រាយការណ៍ទៅកាន់តុលាការនារដូវកាលនេះ។
 
«វាជារឿងដ៏សំខាន់ដែលត្រូវយល់ដឹង​ ការដាក់ទណ្ឌកម្មកាន់តែពិបាកត្រូវអនុវត្តនៅក្នុងករណីនៃការរើសអើងជាតិសាសន៍ដោយអាជ្ញាធរបាល់ទាត់។ ការពិន័យមិនគ្រប់គ្រាន់នោះទេ ក្លិបក៏ត្រូវតែទទួលខុសត្រូវផងដែរ CBF គឺជាសហព័ន្ធបាល់ទាត់ដំបូងដែលត្រូវអនុម័តទណ្ឌកម្មធ្ងន់ធ្ងរសម្រាប់ករណីនៃការរើសអើងជាតិសាសន៍។[…]»។ លោក Rodrigues ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយក្នុងសន្និសីទកាសែតបែបនេះ។
 
កាលពីខែឧសភា CBF ក៏ធ្លាប់បានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅក្នុងការប្រកួតលើប្រេស៊ីលជាមួយនឹងពាក្យស្លោកថា «គ្មានការប្រកួតជាមួយនឹងការរើសអើងជាតិសាសន៍»។
 
ក្រុមម្ចាស់ជើងឯក World Cup ៥សម័យកាលប្រេស៊ីល នឹងត្រូវជួបការប្រកួតទល់នឹងជម្រើសជាតិ ហ្គីណេ នៅទីក្រុង Barcelona នៅថ្ងៃទី១៧ ខែមិថុនា ហើយនឹងត្រូវជួបក្រុមសេណេហ្កាល់នៅក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ នាថ្ងៃទី២០ ខែមិថុនា៕
 
 
 

Tag:
 ប្រេស៊ីល
  Santiago Bernabeu
© រក្សាសិទ្ធិដោយ thmeythmey.com