កីឡាអន្តរជាតិ
អន្តរជាតិ
MSC 2023 ៖ កម្ពុជាស្ថិតក្នុងចំណោម៨ក្រុមចុងក្រោយ បន្តទៅវគ្គខ្វែង
15, Jun 2023 , 9:59 am        
រូបភាព
​ការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends Bang Bang Southeast Asia Cup 2023 (MSC 2023) រកឃើញ៨ក្រុមចុងក្រោយ ដោយមានទាំងក្រុម Burn X Flash របស់កម្ពុជាផង ឡើងទៅវគ្គខ្វែង ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា។


អំឡុងការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុមកីឡាអេឡិចត្រូនិក ONIC Esports ដ៏ល្បីមកពីឥណ្ឌូណេស៊ី និង RSG Slate របស់សិង្ហបុរី បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងនាមជាក្រុមដែលមានសមត្ថភាពខ្ពស់ក្នុងការយកឈ្នះលើក្រុមដទៃ។ សមត្ថភាពនៃការប្រកួត ការរួមចិត្តជាក្រុម បច្ចេកទេសនៃការលេង ក្រុមទាំងពីរនេះបានបញ្ចប់ចំណាត់លេខ ១ នៅតាមពូលរបស់ពួកគេនីមួយៗដោយពិន្ទុ ៤-០ នៃកំណត់ត្រាការប្រកួតវគ្គចែកពូលសន្សំពិន្ទុ។
  


ក្រុមម្ចាស់ជើងឯក M4 World Championship 2022 ក្រុម ECHO និងក្រុម Blacklist International មកពីហ្វីលីពីនបានបញ្ចប់ចំណាត់ថ្នាក់នៅក្នុងពូលលេខមួយតាមពូលរៀងខ្លួនដូចគ្នា ប៉ុន្តែដោយពិន្ទុ ៤-១​ ដូចគ្នាបន្ទាប់ពីរងបរាជ័យ ១វគ្គ ចំណោម ៥វគ្គ នៃការប្រកួតចំនួន ២លើកក្នុងពូល។
 
ក្រុមចំនួន ៨ ដែលឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញរហូតឈ្នះកៅអីឡើងមកវគ្គជម្រុះរួមមាន៖ Burn X Flash ក្រុមតំណាងកម្ពុជា, ECHO និង Blacklist International មកពីហ្វីលីពីន, ONIC Esports និង EVOS Legends មកពីឥណ្ឌូណេស៊ី, RSG Slate មកពីសិង្ហបុរី, Fire Flux Impunity មកពីតួកគី និង TODAK មកពីម៉ាឡេស៊ី។
  


ការប្រកួតវគ្គជម្រុះនឹងចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ដោយក្រុមនីមួយនឹងត្រូវប្រកួតប្រជែងខ្លាំងដើម្បីក្លាយជាក្រុមជើងឯក ពីកំណែរទម្រង់នៃការប្រកួតថ្មីនៅក្នុងទឹកដីប្រទេសកម្ពុជា។ 
 
រាល់ការប្រកួតវគ្គជម្រុះនីមួយៗ ក្រុមទាំងអស់នឹងត្រូវឆ្លងកាត់ មួយប្រកួតមានចំនួន ៥វគ្គ ឬ Best of Five ដោយឡែកនៅវគ្គផ្តាច់ព្រ័ត្រការប្រកួតមានរហូតដល់ទៅ ៧វគ្គ ឬ Best of Seven។



ក្រុមចំនួន ៤ នឹងត្រូវជួបប្រកួតគ្នានៅថ្ងៃទី១៥ ខែមិថុនា នៃការប្រកួតជម្រុះដំបូង ដោយក្រុម RSG Slate របស់សិង្ហបុរី នឹងជួបជាមួយក្រុម Burn X Flash ដែលជាក្រុមកីឡាអេឡិចត្រូនិកតំណាងកម្ពុជា មុនការប្រកួតរវាងក្រុម Blacklist International របស់ហ្វីលីពីនជួបជាមួយក្រុម Fire Flux Impunity មកពីប្រទេសតួកគី។
 
ការប្រកួតនៅថ្ងៃទី១៦ ខែមិថុនា ក្រុម ECHO នឹងត្រូវប៉ះជាមួយក្រុម TODAK មុនជំនួបរវាងជើងខ្លាំងឥណ្ឌូណេស៊ី ដែលធ្លាប់ប៉ះគ្នាក្នុងការប្រកួតពានរង្វាន់ Mobile Legends Professional Leagues ឥណ្ឌូណេស៊ីរដូវកាលទី១១ ONIC Esports ត្រូវជួបគ្នាជាថ្មីជាមួយ EVOS Legends។
 
MSC 2023 គឺជាការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានក្រុមខ្លាំងៗច្រើនជាង១០ប្រទេសមកចូលរួម។ ដ្បិតវិស័យនេះ កំពុងរីកចម្រើន និងចាប់ផ្តើមមានសក្តានុពល កម្ពុជា បានទទួលការទុកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឆ្នាំ ២០២៣ ឬ MSC 2023នេះ៕
 

 




Tag:
 MSC 2023
  កីឡាអេឡិចត្រូនិក
  E-sports
© រក្សាសិទ្ធិដោយ thmeythmey.com