កីឡាអន្តរជាតិ
អន្តរជាតិ
ក្រូអាស៊ី ទម្លាក់ហូឡង់ ឡើងវគ្គផ្តាច់ព្រ័ត្រ Nations League
15, Jun 2023 , 10:14 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Nations League ក្រោយយកឈ្នះហូឡង់ ៤-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រូអាស៊ី រង់ចាំជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលី ដែលត្រូវយកមួយក្រុមទៅប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ។



នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន De Kuip ប្រទេសហូឡង់ នារាត្រីថ្ងៃទី១៤ ខែមិថុនា ក្រុមម្ចាស់ផ្ទះរហស្សនាមទឹកក្រូចបានបើកការនាំមុខមុននៅនាទី៣៤ដោយកីឡាករ Donyell Malen។ លទ្ធផលនេះ បន្តរហូតបញ្ចប់វគ្គទី១។
 
ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន១០នាទី ក្រូអាស៊ីទទួលបានបាល់ពិន័យ១១ម៉ែត្រ ដោយ Andrej Kramaric ជាអ្នកសម្រេចទីគ្រាប់តាមស្មើ ១-១ មុន Mario Pasalic បន្ថែមគ្រាប់បាល់នាំមុនវិញនៅនាទី៧២។ ឈានដល់នាទី៩០+៦ Noa Lang ដែលទើបប្តូរចូលរកបានគ្រាប់តាមស្មើឱ្យហូឡង់វិញ។ បញ្ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ២-២។
 
ឈានដល់វគ្គបន្ថែមម៉ោង១៥នាទីពីរដង ក្រូអាស៊ីអាចសម្រេចគ្រាប់បាល់ដល់ទៅ២គ្រាប់ ក្នុងនាទី៩៨ និង១១៦ ដោយកីឡាករ Bruno Petkovic និងប្រធានក្រុម Luka Modric។ បញ្ចប់ការប្រកួតក្រូអាស៊ី ឈ្នះហូឡង់ ៤-២។
 
តាមរយៈលទ្ធផលនេះ ក្រូអាស៊ីដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅ World Cup ឆ្នាំ២០២២ នៅកាតា កក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ Nations League ដោយត្រូវរង់ចាំជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងអេស្ប៉ាញ និងអ៊ីតាលី នៅរាត្រីថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង១និង៤៥នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
នេះជារដូវកាលទី៣ហើយដែលសហព័ន្ធកីឡាល់ទាត់ទ្វីបអឺរ៉ុបបានរៀបចំពាន Nations League នេះឡើយ ដោយឆ្នាំដំបូងរដូវកាល២០១៨-១៩ ព័រទុយហ្កាល់ជាម្ចាស់ជើងឯក បន្ទាប់មករដូវកាល ២០២០-២១ បានទៅបារាំង។ Nations League អាក់ខានរៀបចំមួយឆ្នាំនៅរដូវកាល២០២១-២២ ដោយសារជំងឺកូវីដ-១៩ មុនចាប់ផ្តើមឡើងវិញនៅរដូវកាល ២០២២-២៣នេះ។ 
ជំនួបវគ្គផ្តាច់ព្រ័ត្រ Nations League នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នាកីឡដ្ឋាន De Kuip ប្រទេសហូឡង់៕
 

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com