កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe៖ ខ្ញុំមិនធ្លាប់សុំក្លិប PSG ផ្លាស់ទៅ Real Madrid ឡើយ
15, Jun 2023 , 2:19 pm        
រូបភាព
Kylian Mbappe មិនដែលសុំក្លិប ​Paris Saint Germain ផ្លាស់ទៅកាន់ Real Madrid ឡើយនៅពេលបិទបញ្ចប់រដូវកាលនេះ។ កីឡាករវ័យ ២៤ឆ្នាំ​ អះអាងថារូបគេសប្បាយចិត្តក្នុងការលេងនៅទឹកដីបារាំងរដូវកាលក្រោយ ប៉ុន្តែបន្ទាប់ពីបញ្ចប់រដូវកាល​ ២០២៣-២៤ គេនឹងមិនបន្តកិច្ចសន្យាជាមួយក្លិបទៀតឡើយ។



Mbappe បានបង្កឱ្យមានភាពច្របូកច្របល់ នៅពេលដែលរូបគេបានផ្ញើលិខិតមួយទៅកាន់ក្លិប ដែលមានក្លឹមសារថារូបគេនឹងមិនបន្តកិច្ចសន្យាថ្មីអ្វីបន្ថែមទៀតឡើយជាមួយនឹងក្លិប PSG។ កិច្ចសន្យារបស់ Mbappe នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៤ ប្រសិនបើរូបគេមិនព្រមបន្តជម្រើសបន្ត ១ឆ្នាំជាមួយនឹងក្លិប។
 
ក្លិប PSG ទំនងកំពុងតែស្វែងរកការដោះស្រាយណាមួយអំពីបញ្ហានៃការបាត់បង់ Mbappe ដោយគ្មានតម្លៃខ្លួននៅក្នុងឆ្នាំ ២០២៤។ ប្រសិនបើ Mbappe បន្តលេងដល់ឆ្នាំ ២០២៤ បន្ទាប់ពីចប់រដូវកាល រូបគេនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន នឹងអាចចុះកិច្ចសន្យាបណ្តោះអាសន្នជាមួយនឹងក្លិបថ្មីដែលរូបគេចង់លេង។
 
«ខ្ញុំមិនបានសួរនាំចំពោះរឿងទាំងពីរនេះទេ ការលក់ ឬក៏ការផ្លាស់ទៅកាន់ Real Madrid។ ខ្ញុំគ្រាន់តែអះអាងថាខ្ញុំមិនចង់បន្តការលេងច្រើនឆ្នាំបន្ថែមទៀតជាមួយនឹងកិច្ចសន្យារបស់ខ្ញុំនោះទេ យើងមិនដែលបាននិយាយគ្នាអំពីការបន្តកិច្ចសន្យាជាមួយក្លិប PSG ឡើយ ប៉ុន្តែខ្ញុំរីករាយក្នុងការស្នាក់នៅទីនេះរដូវកាលក្រោយ។»។ Mbappe បាននិយាយប្រាប់ទូរទស្សន៍អ៊ីតាលី Gazzetta dello Sports។
 
យ៉ាងណាប្រសិន Mbappe បន្តលេងនៅក្លិប PSG រហូតបញ្ចប់រដូវកាល ២០២៣-២៤ ក្លិបយក្សរបស់បារាំងនឹងត្រូវបាត់បង់ប្រាក់ ១៨០លានអឺរ៉ូ (១៩៤,៤៥លានដុល្លារ) ដែលពួកគេបានចំណាយនៅក្នុងឆ្នាំ ២០១៧ យក Mbappe ពីក្រុម​ AS Monaco៕
 

Tag:
 Kylian Mbappe
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com