កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ EPL យល់ព្រមឱ្យដាក់ទោសជនស្រែកច្រៀងទាក់ទងនឹងសោកនាដកម្មអំឡុងពេលប្រកួត
15, Jun 2023 , 3:45 pm        
រូបភាព
ក្លិបកីឡាបាល់ទាត់អង់គ្លេស Premier League នៅថ្ងៃទី១៤ ខែមិថុនា បានយល់ព្រមជាឯកច្ឆ័ននូវវិធានការថ្មី ដើម្បីដាក់ទោសអ្នកគាំទ្រប្រើអាកប្បកិរិយាមិនសមរម្យ ក៏ដូចជាការស្រែកច្រៀងទាក់ទង់នឹងសោកនាដកម្ម អំឡុងការប្រកួត និងបំពាននៅលើអ៊ិនធឺណិតជាដើម។



ក្លិបដែលមានវត្តមានប្រកួតក្នុងក្របខណ្ឌ Premier League បានសម្រេចនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ពួកគេ ដើម្បីអនុម័តវិធានការផ្តោតលើការកាត់ទោស បរិយាកាសបទប្បញ្ញាតិ្ត ការអនុវត្តច្បាប់ ការអប់រំផ្សេងៗទាក់ទងទៅនឹងបញ្ហាដែលធ្លាប់បានកើតឡើងកន្លងមក។
 
ក្រុមការងារមួយ ដែលនឹងត្រូវបានហៅឈ្មោះថា អន្តរកីឡាបាល់ទាត់ នឹងត្រូវបានបង្កើតឡើងនៅក្នុងខែធ្នូខាងមុន ដើម្បីស្វែងរក និងប្រយុទ្ធប្រឆាំងទៅនឹងអាកប្បកិរិយាមិនសមរម្យ ព្រមទាំងឧប្បត្តិហេតុនៃការស្រែកច្រៀងណាមួយដែលបង្កឡើងក្នុងការប្រកួត។
 
«បញ្ហានេះបានបន្តកើតមានជារឿយៗ ហើយបានបង្កជាទុក្ខដ៏ធំដល់ក្រុមគ្រួសារជនរងគ្រោះ អ្នករស់រានមានជីវិត នឹងអ្នកគាំទ្រក្លិបក៏រងផលប៉ះពាល់ បន្ថែមពីលើនេះក៏ជាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្លិបដែលបានពាក់ព័ន្ធ ព្រមទាំងបាល់ទាត់ក្នុងប្រទេសអង់គ្លេស និងវែលស៍ផងដែរ។»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្លិបស្ថិតនៅក្នុង Premier League។
 
កាលពីថ្ងៃទី១៤ ខែមិថុនា អ្នកគាំទ្រក្លិប Tottenham Hotspur ម្នាក់ត្រូវបានហាមឃាត់ពីការចូលរួមទស្សនាការប្រកួតបាល់ទាត់រយៈពេល ៣ឆ្នាំ នឹងពិន័យជាប្រាក់ផ្សេងៗថែមទៀត បន្ទាប់ពីបានបង្កើតនូវការស្រែកច្រៀងទាក់ទងទៅនឹងគ្រោះមហន្តរាយកីឡដ្ឋាន Hillsborough អំឡុងពេលការប្រកួតជំនួបរវាង Spurs តទល់ Liverpool កាលពីខែមេសា។
 
អ្នកគាំទ្រវ័យ ២៥ឆ្នាំរូបនោះត្រូវបានចោទប្រកាន់ពីបទ ចេតនាបង្កការបៀតបៀន ការញុះញង់ពីគ្រោះមហន្តរាយ បង្កជាទុក្ខព្រួយ ដោយត្រូវបានចោទថាមានទោស៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com