កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបានគ្រាប់បាល់លឿនបំផុតឱ្យអាហ្សង់ទីន នៅប៉េកាំង
16, Jun 2023 , 3:31 pm        
រូបភាព
Lionel Messi រកបានគ្រាប់បាល់លឿនបំផុតសម្រាប់អាជីពនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិដែលអាហ្សង់ទីនយកឈ្នះអូស្ត្រាលីក្នុងលទ្ធផល ២-០ នាថ្ងៃទី១៥ ខែមិថុនា ក្នុងកីឡដ្ឋាន Worker’s ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។



ពីរគ្រាប់របស់អាហ្សង់ទីនធ្វើបានដោយខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Lionel Messi នៅត្រឹម​ ២នាទីដំបូងនៃវគ្គទី១ណ្ណោះ ដែលនេះបានធ្វើប្រធានក្រុម វ័យ៣៦ឆ្នាំ រកបានគ្រាប់បាល់ដ៏លឿនបំផុតនៅក្នុងអាជីពជាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន។​ គ្រាប់បាល់ទីពីរកើតឡើងនៅនាទី ៦៨ ដែលធ្វើបានដោយកីឡាករ German Pezzella។


 
គ្រាប់បាល់ដ៏លឿនបំផុតរបស់ Messi បានធ្វើឱ្យអ្នកគាំទ្រដែលជាប្រជាជនចិន ស្ទើរតែពេញក្នុងកីឡដ្ឋាន Worker’s បានស្រែកអបអរចំពោះការស៊ុតចូលគ្រាប់បាល់ដ៏លឿនបំផុតមួយនោះ។
 
បន្ទាប់ពីបានជួយក្រុមឈ្នះការប្រកួតមិត្តភាព កីឡាករវ័យ ៣៦ឆ្នាំ ដែលទើបផ្លាស់ពី PSG ទៅលេងនៅក្លិប Inter Miami កាលពីពេលថ្មីៗ និយាយថាខ្លួនពិតជារីករាយចំពោះការលេងនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនខ្លាំងបំផុត។
 
«ខ្ញុំរីករាយ យើងរីករាយដែលបានចូលរួមក្នុងក្រុមជម្រើសជាតិ។ វាពិតជាមានស្មុគស្មាញក្នុងការលេងដោយតែកំដៅ និងសំណើម ប៉ុន្តែលើសពីអ្វីគ្រប់យ៉ាង យើងបានបន្តការលេងដោយមានការគិតដូចគ្នា ចិត្តដូចគ្នា។»។
 
Messi បានក្លាយជាប្រធានបទក៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសចិននារយៈពេលសប្តាហ៍ចុងក្រោយមកនេះ ចាប់តាំងពីរូបគេបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន។ 
 
ភាពល្បីល្បាញរបស់ Messi ដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន មានអ្នកគាំទ្រជាប្រជាជនចិនច្រើនរយនាក់ ហើយអ្នកគាំទ្រក៏បានចោមរោមស្ទើរតែជុំវិញបរិវេណសណ្ឋាគារបស់ក្រុមជម្រើសអាហ្សង់ទីន ដោយពាក់ទោដោយអាវក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ។
 
ការប្រកួតមិត្តភាពបន្ទាប់របស់ក្រុមអាហ្សង់ទីន នឹងត្រូវធ្វើដំណើរទៅប្រកួតទល់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ប៉ុន្តែការប្រកួតនោះនឹងមិនមានវត្តមានរបស់ Messi ឡើយ៕
 

Tag:
 Lionel Messi
  Argentina
© រក្សាសិទ្ធិដោយ thmeythmey.com