អន្តរជាតិ
អង្គការ​សហប្រជាជាតិ​ថា​ ក្រុម​អាល់កៃដា​និង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ចាប់ផ្ដើម​រីក​ឡើង​នៅ​អាហ្វហ្គានីស្ថាន
16, Jun 2023 , 7:29 pm        
រូបភាព
រូបឯកសារ៖ ក្រុមប្រដាប់អាវុធ al-Shabab ដែលពាក់ព័ន្ធនឹងក្រុមអាល់កៃដា ប្រមូលផ្តុំគ្នានៅក្រៅរដ្ឋធានី Mogadishu នៅប្រទេសស៊ូម៉ាលី កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០០៨។
រូបឯកសារ៖ ក្រុមប្រដាប់អាវុធ al-Shabab ដែលពាក់ព័ន្ធនឹងក្រុមអាល់កៃដា ប្រមូលផ្តុំគ្នានៅក្រៅរដ្ឋធានី Mogadishu នៅប្រទេសស៊ូម៉ាលី កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០០៨។
ដោយ: VOA
គេ​ឃើញ​មាន​ភ័ស្តុតាង​ប្រទាំង​ប្រទើស​ជា​ច្រើន​ដែល​ថា​ ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ក្លាយ​យ៉ាង​លឿន​ទៅ​ជា​កន្លែង​សម្រាប់​សកម្មភាព​ភេរវកម្ម ដោយ​ក្រុម​អាល់កៃដា (al-Qaida) និង​សាខា​ក្រុម​ភេរវកម្ម​ជ្រុល​និយម​រដ្ឋ​ឥស្លាម (Islamic State) នៅ​អាហ្វហ្គានីស្ថាន​ បាន​រីក​ឡើង​យ៉ាង​ខ្លាំង​ទាំង​ចំនួន​និង​សមត្ថភាព ដោយ​គ្មាន​វត្តមាន​កងទ័ព​អាមេរិក​និង​កងទ័ព​បស្ចិម​ប្រទេស​នៅ​ទីនោះ។



ការ​វាយតម្លៃ​ដ៏​គួរ​ឱ្យ​ខ្លាច​នេះ ដែល​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​ក្នុង​របាយការណ៍​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ផ្អែក​លើ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ជា​សមាជិក បាន​សន្និដ្ឋាន​ថា ក្រុម​ភេរវកម្ម​ទាំង​នេះ «មាន​សេរីភាព​ធំ​ជាង​មុន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ» នៅ​ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​តាលីបង់​ និង​កំពុង «ទាញ​ប្រយោជន៍​ពី​នេះ»។
 
របាយការណ៍​របស់​ក្រុម​តាមដាន​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​នេះ​បាន​ព្រមាន​ថា ក្រុម​អាល់កៃដា​និង​ក្រុម​តាលីបង់​នៅ​រក្សា​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក «ដោយ​ក្រុម​អាល់កៃដា​យល់​ថា​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ដឹកនាំ​ដោយ​ក្រុម​តាលីបង់​គឺ​ជា​ជម្រក​ដែល​មាន​សុវត្ថិភាព»។
 
ផ្ទុយ​ពី​នេះ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ខេត្ត Khorasan ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ ក្រុម IS-Khorasan ឬ​ក្រុម ISIS-K បាន​ទាញ​ប្រយោជន៍​ពី​ភាព​អសមត្ថភាព​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​តំបន់​ដាច់​ស្រយាល​និង​ពី​ការ​មិន​ពេញចិត្ត​លើ​ការ​ដឹកនាំ​របស់​ក្រុម​តាលីបង់។
 
ក្រុម​អាល់កៃដា ដែល​គេ​បាន​វាយ​តម្លៃ​ថា​មាន​សមាជិក​តែ​រាប់​សិប​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​មួយ​ឆ្នាំ​មុន ឥឡូវ​នេះ​ត្រូវ​គេ​ជឿ​ថា​មាន​មន្ត្រី​ជាន់​ខ្ពស់​ពី ៣០ ទៅ ៦០ នាក់​នៅ​ខាង​ក្រៅ​ប្រទេស​អាហ្វហ្គានីស្ថាន ក៏​ដូចជា​យុទ្ធជន ៤០០ នាក់​បន្ថែម សមាជិក​គ្រួសារ​ចំនួន ១.៦០០ នាក់ និង​ជំរំ​ហ្វឹកហាត់​ថ្មី​មួយ​ចំនួន​ទៀត។
 
បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ក្រុម IS-Khorasan បាន​កើន​សមាជិក​រហូត​ដល់​ចំនួន​ចន្លោះ​ពី ៤.០០០ ទៅ ៦.០០០ នាក់ ដោយ​មាន​បន្ទាយ​ឬ​ក៏​ជំរំ​នៅ​ក្នុង​ខេត្ត​យ៉ាង​តិច ១៣ និង​មាន​បណ្ដាញ​ក្រុម​លាក់​ខ្លួន​ដែល​អាច​ទៅ​ដល់​ទីក្រុង​កាប៊ុល​និង​កន្លែង​ផ្សេងៗ​ទៀត​បាន។
 
ប៉ុន្តែ ជា​ការ​ដែល​អាច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដូច​ការ​ប៉ាន់​ប្រមាណ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​នេះ​ដែរ មន្ត្រី​សហរដ្ឋ​អាមេរិក​ជា​ច្រើន​រូប​បាន​ប្រាប់ VOA ថា ពួកគេ​មិន​ឃើញ​មាន​ភ័ស្តុតាង​ណា​មួយ​គាំទ្រ​ដល់​ការ​រក​ឃើញ​ទាំង​នេះ​នោះ​ទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com