ជាតិ
សហគមន៍ព្រៃធំពពេល រំពឹងទេសចរកើនឡើង ក្រោយមានផ្លូវថ្មើរជើងថ្មីនៅភ្នំគូលែន
18, Jun 2023 , 7:59 am        
រូបភាព
ថ្មីៗនេះសហគមន៍ព្រៃធំពពេល នៅលើភ្នំគូលែន បានធ្វើផ្លូវថ្មើរជើងមួយខ្សែប្រវែង៥គីឡូម៉ែត្រ សម្រាប់ទេសចរផ្សងព្រេង ដើរព្រៃលើភ្នំគូលែន។ នេះជាផ្លូវថ្មើរជើងដំបូង ធ្វើឡើងដើម្បីសម្រួលដល់ភ្ញៀវទេសចរ ចាប់ផ្ដើមពីចំណុចព្រះអង្គធំលើភ្នំ រហូតបន្តចុះក្រោមចម្ងាយ៥គីឡូម៉ែត្រ។ យ៉ាងណាសហគមន៍រំពឹងកំណើនភ្ញៀវទេសចរទៅឡើងភ្នំគូលែន ក្រោយមានផ្លូវថ្មើរជើងថ្មីនេះ។


 
លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំពពេល នៅលើភ្នំគូលែន ខេត្តសៀមរាប បញ្ជាក់ថា នេះជាគម្រោងធ្វើផ្លូវថ្មើរជើងរបស់ក្រសួងបរិស្ថាន ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងបរទេស ដែលនិយមផ្សងព្រេង ដើរព្រៃ ឡើងភ្នំគូលែន។ បច្ចុប្បន្នផ្លូវថ្មើរជើងនេះ ទើបតែធ្វើបានប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ ហើយពុំទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរដើរនោះឡើយ។
 
ប្រធានសហគមន៍រូបនេះលើកឡើងថា៖«នេះផ្លូវដំបូង ព្រោះកន្លងមកទេសចរ ឬសហគមន៍ ដើរតែក្នុងព្រៃ អត់មានផ្លូវដើរអ៊ីចឹងទេ។ ហើយក្រសួងគ្រោងធ្វើ៥គីឡូម៉ែត្រ ចេញពីព្រះអង្គធំ ដើរចុះក្រោមឆ្លងកាត់ទឹកធ្លាក់ ដងស្ទឹង និងទេសភាពស្អាតៗ។ ហើយឥឡូវសហគមន៍ទើបតែធ្វើផ្លូវហ្នឹងបាន១គីឡូម៉ែត្រទេ»។ 

រូបភាពផ្ដល់ដោយលោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំពពេល
 
កន្លងមកភ្ញៀវទេសចរមកកម្សាន្តនៅភ្នំគូលែន ប្រើមធ្យោបាយធ្វើដំណើរដោយម៉ូតូ ហើយបន្តដើរក្នុងព្រៃ ដើម្បីទៅដល់គោលដៅទេសចរណ៍ផ្សេងៗ និងសម្រាកបោះតង់ជាដើម។ ទន្ទឹមនឹងនេះ អ្នកមកភ្នំគូលែនភាគច្រើនជាជនបរទេស ពុំសូវមានទេសចរជាតិឡើយ ។ ដូច្នេះលោក ផុន រំពឹងថា ក្រោយមានផ្លូវថ្មើរជើងថ្មីនេះ អាចទាក់ទាញចំណាប់អារម្មណ៍ទេសចរជាតិ និងអន្តរជាតិបន្ថែមមកកម្សាន្តនៅលើភ្នំគូលែន។ 
 
លោក ផាន់ ផុន ថា នៅពេលមានកំណើនទេសចរ វាអាចជួយដល់ជីវភាពប្រជាសហគមន៍បន្ថែមពីលើការធ្វើស្រែចម្ការ ហើយលោក ក៏ចង់ឱ្យភ្ញៀវទេសចរទទួលបានបទពិសោធថ្មីពីតំបន់ទេសចរណ៍ធម្មជាតិមួយនេះផងដែរ៕


រូបភាពផ្ដល់ដោយលោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំពពេល

 

Tag:
 ផ្លូវថ្មើរជើង
 ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com