កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ក្រុម Blacklist International ឬ ONIC Esports នឹងគ្រងជើងឯកពានរង្វាន់ MSC 2023 ក្នុងប្រទេសកម្ពុជា
18, Jun 2023 , 3:56 pm        
រូបភាព
ការប្រកួតប្រជែងពានរង្វាន់កីឡាអេឡិចត្រូនិក Mobile Legends Bang Bang Southeast Asia Cup 2023 រកឃើញក្រុមចំនួន ២ ដែលត្រូវប្រជែងដណ្តើមពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្ររវាងក្រុមកីឡាអេឡិចត្រូនិក Blacklist International របស់ហ្វីលីពីនទល់នឹងក្រុម ONIC Esports របស់ឥណ្ឌូណេស៊ី នាថ្ងៃទី១៨ ខែមិថុនា។



Blacklist International ជាក្រុមដែលស្វែងរកការឈ្នះពានរង្វាន់ MSC 2023 លើកដំបូងរបស់ខ្លួន ខណៈក្រុម ONIC Esports របស់ឥណ្ឌូណេស៊ីជាការស្វែងរកការគ្រងជើងឯកលើកទីពីរក្នុងប្រវត្តិសាស្ត្រខ្លួន។ ក្រុម ONIC Esports របស់ឥណ្ឌូណេស៊ីធ្លាប់ជាឈ្នះជើងឯក MSC 2019។
  


Blacklist International ឆ្លងកាត់ការប្រកួតតាំងពីវគ្គសន្សំពិន្ទុក្នុងពូលមក ដោយបានប្រកួតឈ្នះក្រុម Team Occupy របស់តួកគីលទ្ធផល ២-០, ឈ្នះក្រុម TODAK របស់ម៉ាឡេស៊ីលទ្ធផល ២-១ ហើយឈរចំណាត់ថ្នាក់កំពូលតារាងពូល D។ ឈានជើងឡើងដល់វគ្គជម្រុះ Knockout Stage Blacklist International បន្តបំបាក់ក្រុម Fire Flux Impunity ដោយលទ្ធផល ៣-០ ដើម្បីបន្តដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់មកពួកគេបានបំបាក់ក្រុម Burn X Flash ជាក្រុមតំណាងកម្ពុជាក្នុងលទ្ធផល ៣-១។
 
ចំណែកក្រុម ONIC Esports ឆ្លងកាត់ការប្រកួតដោយបានឈ្នះលើគូប្រកួតក្នុងពូល C ដោយបានប្រកួតឈ្នះលើក្រុម OUTPLAY មកពីអាម៉េរិកលទ្ធផល ២-០ និងយកឈ្នះលើក្រុម Burn X Flash របស់កម្ពុជា ២-០ ដូចគ្នាក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ឡើងទៅកាន់វគ្គជម្រុះក្នុងនាមជាក្រុមឈរលេខ ១ ក្នុងពូល បន្ទាប់មកក្រុមជើងខ្លាំងរបស់ឥណ្ឌូណេស៊ី បានទម្លាក់ក្រុម EVOS Esports ដែលមកពីឥណ្ឌូណេស៊ីដូចគ្នាលទ្ធផល ៣-០ មុនពេលពួកគេទម្លាក់ក្រុមម្ចាស់ជើងឯក M4 World Championship Serie លទ្ធផល ៣-០ ដើម្បីឈ្នះកៅអីវគ្គផ្តាច់ព្រ័ត្រ។
  


ការប្រកួតពានរង្វាន់ MSC 2023 បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលំដាប់អន្តរជាតិលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជាលើប្រភេទវិញ្ញាសាកីឡា Mobile Legends។ ការប្រកួតលើកដំបូងក្នុងប្រទេសកម្ពុជាមានក្រុមចំនួន ១២ ដែលមកពីប្រទេសចំនួន ៩ បានចូលរួមប្រជែងគ្នាដណ្តើមជើងឯកដែលមានប្រាក់រង្វាន់ប្រមាណ ១៤០,០០០ដុល្លារ។ 
  


ព្រឹត្តិការណ៍ MSC 2023 ជាការប្រកួតលំដាប់ថ្នាក់អន្តរជាតិលើកទី៥ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។ ការប្រកួតចំនួន ៤លើកចាប់តាំងពីឆ្នាំ ២០១៧ ដែលក្រុមម្ចាស់ជើងឯកជាក្រុម I Do Not Sleep (IDNS) របស់ថៃ, ឆ្នាំ ២០១៨ ក្រុមជើងឯក Aether Main របស់ហ្វីលីពីន, ឆ្នាំ ២០១៩ ក្រុមជើងឯក ONIC Esports របស់ឥណ្ឌូណេស៊ី និងក្នុងឆ្នាំ ២០២១ ក្រុមជើងឯក Execration របស់ហ្វីលីពីន។
 
តើរវាងក្រុម Blacklist International មកពីហ្វីលីពីនឬ ONIC Esports របស់ឥណ្ឌូណេស៊ីជាក្រុមគ្រងជើងឯកពានរង្វាន់ MSC 2023 នៅក្នុងប្រទេសកម្ពុជា?
 




Tag:
 កីឡាអេឡិចត្រូនិក
  MSC 2023
© រក្សាសិទ្ធិដោយ thmeythmey.com