ជាតិ
សង្គមជាតិ
ថ្នាក់ទី៩៖ ព្រៃវែងមានសិស្សពូកែ១០នាក់ក្នុងចំណោម៣០នាក់ ជាពិសេសខាងអក្សរសិល្ប៍ខ្មែរ
19, Jun 2023 , 3:14 pm        
រូបភាព
សិស្សពូកែអក្សរសិល្ប៍១០នាក់នៅ​ថ្នាក់ទី​៩ មានសិស្ស​ស្រី​៧នាក់ក្នុងនោះ៤នាក់ពីវិទ្យាល័យ​ព្រៃព្នៅ ខេត្តព្រៃវែង។ រូបថត MoEYS Cambodia
សិស្សពូកែអក្សរសិល្ប៍១០នាក់នៅ​ថ្នាក់ទី​៩ មានសិស្ស​ស្រី​៧នាក់ក្នុងនោះ៤នាក់ពីវិទ្យាល័យ​ព្រៃព្នៅ ខេត្តព្រៃវែង។ រូបថត MoEYS Cambodia
ដោយ: រួបរួម
វិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង រក្សាកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខ្លួន ដោយមានសិស្សរហូតដល់ទៅ៤នាក់ស្ថិតក្នុងចំណោមសិស្សពូកែមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ នាសម័យប្រឡង ១២ មិថុនា ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្តបាត់ដំបង។ ក្រៅពីនេះ ព្រៃវែង មានសិស្សពូកែគណិតវិទ្យា២នាក់ និងរូបវិទ្យា៤នាក់ទៀត។

 
ការប្រកួតប្រជែងសិស្សពូកែទូទាំងប្រទេសសម្រាប់ថ្នាក់ទី៩ និងទី១២ ផ្តោតលើផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរថ្នាក់ទី៩ វិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង មានជ័យលាភីដល់ទៅ៤នាក់ក្នុងចំណោម១០នាក់។ ឡៃ កន្និកា, លី ម៉ូនីតា, សុភ័ក្ត សុម៉ារីតា និងម៉ុង គិមហុង ដែលសុទ្ធតែជាសិស្សស្រី ទទួលបានចំណាត់ថ្នាក់លេខ១, លេខ២, លេខ៣ និងលេខ៥ ទៅតាមលំដាប់ ខណៈ សិស្សប្រុស រិច ភារា ពីវិទ្យាល័យ ដូនតី ខេត្តត្បូងឃ្មុំ បានលេខ៤។
 
សិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី៩។ រូបថត MoEYS Cambodia
 
ជ័យលាភី៥រូបទៀតពីលេខ៦ដល់លេខ១០ មាន រស់ ដា (ស្រី) ពីវិទ្យាល័យ ហ៊ុន សែន ពងទឹក ខេត្តស្វាយរៀង, រ៉េត ចំរើន ពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង, អ៊ា សុផល (ស្រី) ពីវិទ្យាល័យសុខអាន សំរោង ខេត្តតាកែវ, ខាំ ឃុនសារ៉ាវត្តី (ស្រី) ពីសាលាអន្តរជាតិយូ អេស អេ ខេត្តបាត់ដំបង និង ឌុច ឆៃដែន ពីសាលាអន្តរជាតិបេស ខេត្តបន្ទាយមានជ័យ។
 
ចំពោះមុខវិជ្ជាគណិតវិទ្យាវិញ សិស្សប្រុសមានដល់ទៅ៨នាក់ក្នុងចំណោម១០នាក់ ដោយ សុន បូរីនរិន្ទ ពីវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង បានចំណាត់ថ្នាក់លេខ១, ធីដេត ដាវីដ ពីអនុវិទ្យាល័យអនុវត្ត ខេត្តព្រៃវែង បានលេខ២, នី លីហួរ ពីសលាអន្តរជាតិ យូ អេស អេ ខេត្តបាត់ដំបង បានលេខ៣, សួងហាន ឫទ្ធីសក្តិ ពីវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំងបានលេខ៤ និងឡាន បញ្ញាវ័ន ពីអនុវិទ្យាល័យភ្នៀត ខេត្តព្រៃវែង បានលេខ៥។
 
 
សិស្សពូកែផ្នែកគណិតវិទ្យាថ្នាក់ទី៩។ រូបថត MoEYS Cambodia

លេខ៦ បានលើ ម៉េង សុខឡុងពីវិទ្យាល័យនេត យ៉ង់ ខណៈ ឈាង សំណាង ពីសាលាប៊ែលធីអន្តរជាតិទី៥ រាជធានីភ្នំពេញ បានលេខ៧, ឃឿន ម៉ានី (ស្រី) ពីអនុវិទ្យាល័យហ៊ុន សែន ពពេល ខេត្តត្បូងឃ្មុំ បានលេខ៨, តាំង ប៉េងហ៊ី ពីសាលាអន្តរជាតិ យូ អេស អេ សាខាច្បារអំពៅ រាជធានីភ្នំពេញ បានលេខ៩ និង ជឹម ឆាយយី (ស្រី) ពីវិទ្យាល័យព្រែកដំបូក ខេត្តកំពង់ចាម បានលេខ១០។
 
ដោយឡែកមុខវិជ្ជារូបវិទ្យា សិស្សឈ្មោះ ផល អរុណវតី (ស្រី) ពីសាលាវេស្ទើនអន្តរជាតិ (ភ្នំពេញថ្មី) រាជធានីភ្នំពេញ បានលេខ១, ទាន សុក្ររម្នី (ស្រី) ពីវិទ្យាល័យឯកជនឧត្តមវិជ្ជា ខេត្តកំពត បានលេខ១។ ព្រៃវែង មានជ័យលាភី៤រូប ក្នុងនោះ ពីវិទ្យាល័យមេសាង មាន ផន បូរ៉ី (ស្រី)  លេខ៣, សំណាង ស៊ីថា (ស្រី) លេខ៨, វិទ្យាល័យ ហ៊ុនសែន អង្គរ ស មាន ជា ច័ន្ទពណ៌ លេខ៥, វាសនា វុត្ថា លេខ៩។
 
 
សិស្សពូកែផ្នែករូបវិទ្យា​ថ្នាក់ទី៩។ រូបថត MoEYS Cambodia

នៅខេត្តកណ្តាលវិញ សិស្សពូកែ២រូប ចេញពីសាលាអន្តរជាតិវេស្ទលែនដ៍ គឺ ស៊ឹម មុយឈីវ លេខ៤, ហុង គឹមម៉េង លេខ៦ និងវាសនា សុកញ្ចនៈ ពីអនុវិទ្យាល័យសំប៉ាន បានលេខ៧។ ង៉ែត បញ្ញាឧត្តម ពីវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប បានចំណាត់ថ្នាក់លេខ១០។
 
សរុបសិស្សពូកែទាំង៣០នាក់លើ៣មុខវិជ្ជានៃថ្នាក់ទី៩ ព្រៃវែង មានជ័យលាភីដល់ទៅ១០នាក់ បាត់ដំបង ស្ថិតនៅលំដាប់លេខ២ ដោយមាន៤នាក់, ភ្នំពេញមាន៣នាក់, កណ្តាលមាន៣នាក់, ត្បូងឃ្មុំមាន២នាក់, កំពង់ឆ្នាំង២នាក់, ស្វាយរៀងមាន១នាក់, តាកែវមាន១នាក់, បន្ទាយមានជ័យមាន១នាក់, កំពង់ចាមមាន១នាក់, កំពតមាន១នាក់ និងសៀមរាបមាន១នាក់។ 
 
ចំពោះរង្វាន់វិញ ក្រៅពីវិញ្ញាបនបត្របញ្ជាក់សិស្សពូកែ ជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលបានមេដាយម្នាក់១គ្រឿង។ រីឯប្រាក់រង្វាន់ លេខ១បាន៣,៥លានរៀល, លេខ២បាន៣,២លានរៀល, លេខ៣បាន២,៩លានរៀល, លេខ៤បាន២,៦លានរៀល, លេខ៥បាន២,៣លានរៀល, លេខ៦បាន២លានរៀល, លេខ៧បាន១,៧លានរៀល, លេខ៨បាន១,៤លានរៀល, លេខ៩បាន១,១លានរៀល និងលេខ១០ បាន៨០ម៉ឺនរៀល។
 
ជ័យលាភីទាំងអស់ក៏នឹងអាចទទួលបានប្រាក់រង្វាន់ ឬវត្ថុលើកទឹកចិត្តផ្សេងៗបន្ថែមពីសប្បុរសជនផងដែរ។ នេះបើយោងតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចុះកាលពីថ្ងៃទី១៨ ខែមិថុនា៕


Tag:
 អប់រំ
  សិស្សពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com