ជាតិ
សង្គមជាតិ
សមាគមកសិករដឹកនាំដោយលោក ថេង សាវឿន ប្រែមកជាទទួលបានការគាំទ្រពីនាយករដ្ឋមន្រ្តី
19, Jun 2023 , 4:39 pm        
រូបភាព
លោក ថេង សាវឿន ប្រធានសមាគមសហព័ន្ធកសិករកម្ពុជា ចូលជួបសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ (រូបពីតេឡេក្រាមរបស់សម្តេច)។
លោក ថេង សាវឿន ប្រធានសមាគមសហព័ន្ធកសិករកម្ពុជា ចូលជួបសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ (រូបពីតេឡេក្រាមរបស់សម្តេច)។
បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងមួយប្រាវ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងថ្នាក់ដឹកនាំសមាគមនេះ បានជួបរឿងល្អឡើងវិញ។ ទាំងសមាគម ទាំងថ្នាក់ដឹកនាំសមាគមនេះ មិនត្រឹមតែអស់ក្តីបារម្ភពីការប្រឈមមុខនឹងផ្លូវច្បាប់នោះទេ ថែមទាំងទទួលបានការលើកទឹកចិត្តពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាថែមទៀត។



កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក ថេង សាវឿន ដែលជាសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានដឹកនាំសហការីចូលទៅជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេច សរសេរក្នុងបណ្តាញតេឡេក្រាមថា ជំនួបនេះ ត្រូវបានរៀបចំឡើង ដើម្បីស្តាប់រឿង ដែលកើតឡើងកន្លងមក និងសកម្មភាពរបស់សមាគម។
 
សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា៖«យើង ពិនិត្យឃើញផលប្រយោជន៍ ដែលសមាគមបានធ្វើ ដូចនេះខ្ញុំ បានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាព ដើម្បីផលប្រយោជន៍ប្រជាជនយើង និងបន្ថែមឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ»។
 
មុន១ថ្ងៃនៃការជួបជាមួយប្រមុខរដ្ឋាភិបាល លោក ថេង សាវឿន បង្ហោះសារខ្លីលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«យើង បានបោះមួយជំហានឆ្ពោះទៅមុខប្រកបដោយក្ដីសង្ឃឹម និងភាពវិជ្ជមានក្នុងការបន្តចូលរួមចំណែកជួយដល់កសិករជនបទ និងអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នា»។
 
កាលពី១ខែមុន គឺក្នុងអំឡុងខែឧសភា លោក ថេង សាវឿន រួមទាំងសហការី២នាក់ទៀត ត្រូវបានចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារខេត្តរតនគិរី ក្រោមបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ហើយត្រូវបានតុលាការដោះលែងវិញក្នុងខែឧសភាដដែល ក្រោយសារភាពពីទោសកំហុសរបស់ខ្លួន និងសុំកិច្ចអន្តរាគមន៍ទៅកាន់សម្តេច ហ៊ុន សែន។ យ៉ាងណា អ្នកទាំង៣ គ្រាន់តែត្រូវបានដោះលែងបណ្តោះអាសន្នប៉ុណ្ណោះ ដោយពួកគេ នៅតែជាប់បទចោទប្រកាន់ទាំង២ខាងលើដដែល ហើយថែមទាំងត្រូវស្ថិតក្នុងការត្រួតពិនិត្យរបស់តុលាការទៀតផង។   
 
ដោយសារសំណុំរឿងរបស់ថ្នាក់ដឹកនាំ មិនទាន់ត្រូវបានបញ្ចាប់ ទើបក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាបណ្តោះអាសន្ន។ តាមរយៈសេចក្តីសម្រេច ដែលចេញក្នុងខែមិថុនានេះ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រហូតដល់តុលាការខេត្តរតនគិរី បញ្ចប់នីតិវិធីជាស្ថាពរក្នុងសំណុំរឿងលេខ២៣៣ (របស់ថ្នាក់ដឹកនាំនៃសមាគមនេះ)។ 
 
តាមរយៈសំណេរក្នុងបណ្តាញតេឡេក្រាម សម្តេច ហ៊ុន សែន អះអាងថា សម្តេច បានណែនាំលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យធ្វើការជាមួយតុលាការខេត្តរតនគីរី ដើម្បីលើកលែងការចោទប្រកាន់ (លើថ្នាក់ដឹកនាំសមាគមកសិករ) និងផ្តល់សិទ្ធិឲ្យសមាគមនេះ បានធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់៕ 
 

Tag:
 ថេងសាវឿន
  សមាគមកសិករ
  សម្តេចហ៊ុនសែន
© រក្សាសិទ្ធិដោយ thmeythmey.com