ជាតិ
សម្តេច ហ៊ុន សែន ស្របតាមសំណើសាងសង់សួនអនុស្សាវរីយ៍ឈ្នះ-ឈ្នះតាមបណ្តាខេត្ត
20, Jun 2023 , 10:49 am        
រូបភាព
ជាប្រយោជន៍នៃការរំលឹកអតីតកាលប្រវត្តិសាស្ត្រ និងជាតំបន់កម្សាន្ត ក៏ដូចជាទីហាត់ប្រាណរបស់ប្រជាពលរដ្ឋ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ស្របតាមសំណើរបស់សម្តេច ទៀ បាញ់ លើគម្រោងសាងសង់សួនអនុស្សាវរីយ៍ តាមលំនាំវិមានឈ្នះ-ឈ្នះនៅតាមបណ្តាខេត្ត។

 
នាពិធីអបអរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ ព្រឹកថ្ងៃអង្គារនេះ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសុំអនុសាសន៍ពីសម្តេច ហ៊ុន សែន លើគម្រោងបង្កើតសួនតេជោសន្តិភាព នៅតាមបណ្តាខេត្ត។
 
បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ សួនតេជោសន្តិភាពនៅតាមបណ្តាខេត្ត ជាសួនតំណាងឱ្យខ្លឹមសារនយោបាយឈ្នះ-ឈ្នះ ពោលគឺមានលំនាំដូចវិមានឈ្នះ-ឈ្នះនៅក្នុងរាជធានីភ្នំពេញ។ «សន្តិភាពបានពីណា? អ្នកណាធ្វើឱ្យមានសន្តិភាព?»។ សម្តេច ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះអំពីសារសំខាន់នៃការងារសាងសង់សួនអនុស្សាវរីយ៍ឈ្នះ-ឈ្នះតាមបណ្តាខេត្ត។
 
សម្តេច ហ៊ុន សែន យល់ស្របតាមសំណើ ដោយបញ្ជាក់ថា ជារឿងដែលអាចធ្វើទៅបាន ដោយក្រៅពីទីតាំងរំលឹកអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ សួននេះក៏នឹងក្លាយជាទីកន្លែងកម្សាន្ត តំបន់ហាត់ប្រាណ របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផងដែរ។
 
ប្រមុខរដ្ឋាភិបាល ក៏ផ្តល់ភ្លើងខៀវផងដែរ ពាក់ព័ន្ធនឹងអនុក្រឹត្យរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ក៏ដូចជាតំបន់ប្រវត្តិសាស្ត្រនៅតាមភូមិភាគ ប៉ុន្តែចំពោះសំណើពីគម្រោងបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា សម្តេចណែនាំឱ្យមានការសិក្សាល្អិតល្អន់ជាមួយអ្នកច្បាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com