កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងមិនរាថយក្នុងការបន្តលេងឱ្យជម្រើសជាតិព័រទុយហ្កាល់ឡើយ
20, Jun 2023 , 3:09 pm        
រូបភាព
Cristiano Ronaldo នឹងមិនរាថយក្នុងការបន្តលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើយ ខណៈរូបគេកំពុងតែត្រៀមខ្លួនក្នុងការស្វែងរកកំណត់ត្រាទី ២០០ សម្រាប់ការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ។ ខ្សែប្រយុទ្ធក្រុម Al-Nassr សង្ឃឹមថានឹងបង្ហាញខ្លួនឱ្យព័រទុយហ្កាល់ ប្រកួតទល់អ៊ីស្លង់ វគ្គជម្រុះពានរង្វាន់ Euro 2024។



កីឡាករវ័យ ៣៨ឆ្នាំ ធ្លាប់ធ្វើបានកំណត់ត្រាថ្មីនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅពេលដែលរូបគេបានបង្ហាញខ្លួនលេងឱ្យព័រទុយហ្កាល់ចំនួន ១៩៧លើក កាលពីខែមីនា។
ខណៈពេលដែលក្រុមព័រទុយហ្កាល់កំពុងស្ថិតក្នុងទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ត្រៀមខ្លួនសម្រាប់ការប្រកួត Ronaldo បាននិយាយប្រាប់ទៅកាន់អ្នកសែតថា រូបគេមិនរាថយក្នុងការលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើយ។
  


«ខ្ញុំនឹងមិនចុះចាញ់​ ឬរាថយក្នុងការមកកាន់ទីនេះ ក្នុងការលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ឡើយ ព្រោះវាតែងជាក្តីស្រម៉ៃរបស់ខ្ញុំជានិច្ច។ ដើម្បីអាចឈានដល់ការប្រកួតចំនួន ២០០ នៅក្រុមជម្រើសជាតិ វាមិនសម្រាប់អ្នករាល់គ្នាឡើយ តែវាបង្ហាញពីការស្រលាញ់ ដែលខ្ញុំមានសម្រាប់ប្រទេសខ្ញុំ និងក្រុមរបស់ខ្ញុំ។»។ Ronaldo បាននិយាយបែបនេះ។
 
ស្ថិតក្រោមការដឹកនាំរបស់លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិថ្មីរបស់ព័រទុយហ្កាល់ បន្ទាប់ពីបញ្ចប់ការប្រកួត World Cup 2022 នៅប្រទេសកាតារួច Ronaldo រកបានគ្រាប់បាល់ចំនួន ៤គ្រាប់ ពីការបង្ហាញខ្លួន៣លើក។ កាលពីសប្តាហ៍មុនព័រទុយហ្កាល់យកឈ្នះការប្រកួតលើក្រុមជម្រើសជាតិបូស្នី តែ Ronaldo មិនអាចរកបានគ្រាប់បាល់ក្នុងការប្រកួតនោះឡើយ។
 
បន្ថែមពីអ្វីដែលជាក្តីរំពឹងក្នុងការលេងនៅក្នុងក្រុមជម្រើសជាតិ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ បង្ហាញចំណាប់អារម្មណ៍របស់គេទៀតថា ៖«វាពិតជាអស្ចារ្យណាស់ក្នុងការឈ្នះការប្រកួតអន្តរជាតិនៅចំពេលបង្ហាញខ្លួនលើកទី​ ២០០ របស់ខ្ញុំជាមួយនឹងគោលដៅមួយនេះ។ ខ្ញុំមិនបានដេញតាមកំណត់ត្រាឡើយ តែពួកគេជាអ្នកដេញតាមខ្ញុំ ខ្ញុំសប្បាយចិត្តព្រោះវាជាផ្នែកមួយនៃការតាំងចិត្តរបស់ខ្ញុំ នឹងបន្តស្ថិតនៅកម្រិតកំពូលជាមួយនឹងក្រុម ហើយវាជាអ្វីដែលខ្ញុំមិនដែលគិតថាខ្ញុំនឹងសម្រេចបាន។»៕
 
 

Tag:
 Cristiano Ronaldo
  ព័រទុយហ្កាល់
© រក្សាសិទ្ធិដោយ thmeythmey.com