កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បូ សំណាង ជាកីឡាការិនីខ្មែរដំបូងដែលបានពានរង្វាន់​​ពីកាសែតវៀតណាម Tuoi Tre
20, Jun 2023 , 6:59 pm        
រូបភាព
 កីឡាការិនីកម្ពុជា បូ សំណាង ទទួលបានអំណោយរូបថតនៃការប្រកួតរត់ចម្ងាយ៥០០០ម៉ែត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមដំណក់ទឹកភ្លៀង ពីលោក Tran Xuan Toan អគ្គនិពន្ធនាយករងនៃកាសែត Tuoi Tre ក្នុងពិធីពានរង្វាន់«32nd SEA Games Inspiration’ Awards» នៅទីក្រុងហូជីមិញ នាល្ងាចថ្ងៃទី១៨មិថុនា។ រូបថត៖ Tuoi Tre
កីឡាការិនីកម្ពុជា បូ សំណាង ទទួលបានអំណោយរូបថតនៃការប្រកួតរត់ចម្ងាយ៥០០០ម៉ែត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមដំណក់ទឹកភ្លៀង ពីលោក Tran Xuan Toan អគ្គនិពន្ធនាយករងនៃកាសែត Tuoi Tre ក្នុងពិធីពានរង្វាន់«32nd SEA Games Inspiration’ Awards» នៅទីក្រុងហូជីមិញ នាល្ងាចថ្ងៃទី១៨មិថុនា។ រូបថត៖ Tuoi Tre
ហូជីមិញ៖ កីឡាការិនី​កម្ពុជា បូ សំណាង ទទួលបានពានរង្វាន់ «32nd SEA Games Inspiration’ Awards» ជាមួយកីឡាការិនីរត់​ចម្ងាយឆ្ងាយ​របស់វៀតណាម Nguyen Thi Oanh ម្ចាស់មេដាយមាស​ចំនួន៤ ពីស៊ីហ្គេម​ឆ្នាំ​២០២៣ និង​កីឡាការិនី​​វាយកូនឃ្លីលើ​តុ Tran Mai Ngoc។  សំណាង ជាអត្តពលិកខ្មែរដំបូងគេដែលទទួលបានពានរង្វាន់នេះ ពីកាសែតយុវ័យ ( Tuoi Tre) របស់វៀតណាម ។

 
ទៅដល់ទី​ចុងក្រោយគេលើ​វិញ្ញាសា​រត់ចម្ងាយ​៥០០០ម៉ែត្រ ប៉ុន្តែ កីឡាការិនី បូ សំណាង ទទួលបានមេដាយ​បេះដូងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ​ រួមទាំងប្រជាជនវៀតណាម ព្រោះតែការ​ព្យាយាម​តស៊ូមិន​បោះបង់ ក្រោម​ដំណក់ទឹកភ្លៀង​ជោគជាំនៅពហុកីឡដ្ឋានជាតិមរតកតេជោ​។ សំណាង ត្រូវបានគណៈកម្មការ និងពលរដ្ឋវៀតណាម​ ស្ងើចសរសើរស្រឡាញ់ពេញចិត្តជាខ្លាំង​ ដោយបានបោះឆ្នោតជូននាងឱ្យទទួលបានពានរង្វាន់បំផុសគំនិតស៊ីហ្គេមលើកទី៣២ ( 32nd SEA Games Inspiration’ Awards) ជាមួយនឹងកីឡាការិនី Nguyen Thi Oanh និង Tran Mai Ngoc ដែលជាអត្តពលិកដ៏ឆ្នើមរបស់វៀតណាម។  
 
កីឡាការិនី បូ សំណាង ថតរូបពោរពេញដោយសា្នមញញឹមជាមួយកីឡាការិនីរត់ចម្ងាយឆ្ងាយរបស់វៀតណាម Nguyen Thi Oanh ម្ចាស់មេដាយមាសចំនួន៤ ពីស៊ីហ្គេមឆ្នាំ២០២៣  ដែលមានរង្វាន់ «32nd SEA Games Inspiration’ Awards» កាន់ក្នុងដៃរៀងខ្លួន។ រូបថត៖ Tuoi Tre

ពិធីប្រគល់ពានរង្វាន់«32nd SEA Games Inspiration’ Awards» ដល់អត្តពលិកដ៏ឆ្នើម និងមានភាពលេចធ្លោទាំង៣រូបនេះ ត្រូវបានធ្វើឡើងនៅកណ្តាលក្រុងហូជីមិញ​ រៀបចំដោយកាសែត Tuoi Tre  នាល្ងាចថ្ងៃទី១៨មិថុនា។  កាសែតដែលមានអាយុ​កាល​៤៨​ឆ្នាំមួយនេះ ផ្តល់តម្លៃ​យ៉ាងខ្លាំងលើ​ព័ត៌មានកីឡា ជាពិសេស​ការផ្តល់​គំរូភាព​សម្រាប់អ្នក​ដទៃ ដោយមិន​ត្រឹម​តែជា​ការ​ឈ្នះមេដាយ​នោះឡើយ។ 
 
បើតាមលោក Bui Hoang Vu ប្រធានព័ត៌មានកីឡារបស់ Tuoi Tre សំណាង ជាអត្តពលិកបរទេសដំបូងគេសម្រាប់កាសែត Tuoi Tre ដែលបានចុះសម្ភាស និងផ្តល់ពានរង្វាន់ដោយផ្ទាល់ ព្រោះតែស្មារតីកីឡាដ៏មុះមុតរបស់នាង។ នាឱកាសទស្សនៈកិច្ចការិយាល័យ Tuoi Tre នៅទីក្រុង​ហូជីមិញ លោក Bui Hoang Vu បានបញ្ជាក់មកកាន់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ ៖ «ពានរង្វាន់ដែលសំណាងទទួលនេះ គឺមិនមែនសម្រាប់ស្នាដៃរបស់នាងទេ ប៉ុន្តែ​គឺ​សម្រាប់​ការ​ប្រឹងប្រែងតស៊ូ និង​មិនបោះបង់ការប្រកួតរបស់នាង ដើម្បីយកឈ្នះលើខ្លួនឯង ទោះជួបឧបសគ្គភ្លៀងខ្លាំងយ៉ាងក៏ដោយ»។ 
 
ការព្យាយាមឥតឈប់ឈរដើម្បីយកឈ្នះលើខ្លួនឯងរបស់ កីឡាការិនី​ ​បូ សំណាង ជាគំរូភាពមួយយ៉ាងដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់រូប  ធ្វើឱ្យគណៈកម្មការជំនាញ អ្នក​សារព័ត៌មាន និង​អ្នកអាន​របស់ខ្លួន Tuoi Tre ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការផ្សព្វផ្សាយអំពី​ស៊ីហ្គេមលើកទី​៣២នៅកម្ពុជា ជ្រើសរើសយកនាង​ជាម្ចាស់ជ័យលាភី​សម្រាប់ពាន​រង្វាន់ «32nd SEA Games Inspiration’ Awards»។ លោក Bui Hoang Vu បានបន្ថែមថា សំណាង រួមនឹងម្ចាស់ជ័យលាភី២រូបទៀត នោះ​កីឡាការិនីអត្តពលកម្ម​វៀតណាម Nguyen Thi Oanh និង​កីឡាការិនី​​វាយកូនឃ្លីលើ​តុ Tran Mai Ngoc គឺមានភាព​លេចធ្លោនិងមានស្មារតីអូឡាំពិកខ្ពស់ជាងគេ ក្នុងចំណោមអត្តពលិកប្រមាណ២០នាក់ ដែលមានការបំផុសគំនិត​ស៊ីហ្គេមលើកទី៣២ ខ្លាំងជាងគេ។​
  
កីឡាការិនី បូ សំណាង ឡើងឆាកជាមួយកីឡាការិនីរត់ចម្ងាយឆ្ងាយរបស់វៀតណាម Nguyen Thi Oanh ម្ចាស់មេដាយមាសចំនួន៤ ពីស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីបង្ហាញចំណាប់អារម្មណ៍ក្នុងពិធីពានរង្វាន់ «32nd SEA Games Inspiration’ Awards»ដែលមានលោក Huy Tho អគ្គនាយករងនៃនាយកដ្ឋានកីឡារបស់កាសែត Tuoi Tre ជាអ្នកសម្របសម្រួល។ រូបថត៖ Tuoi Tre

ជាមួយគ្នានេះ លោក Cao Huy Tho អគ្គនាយករងនៃនាយកដ្ឋានកីឡារបស់កាសែត​ Tuoi Tre បានលើកឡើងថា បូ សំណាង គឺជាតួអង្គយ៉ាងសំខាន់ក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ ព្រោះនាងជាជនបរទេសដំបូងដែលត្រូវបានគណៈកម្មការជំនាញ មហាជនទាំងក្នុងនិងក្រៅប្រទេស ចាប់អារម្មណ៍លើភាពអំណត់ធន់ និងការតស៊ូរបស់នាង ដោយសម្រេចបោះឆ្នោះជូនរហូតទទួលបានជ័យលាភីពីកម្មវិធីពានរង្វាន់ «32nd SEA Games Inspiration’ Awards» ។
 
«កម្មវិធីមិនមែនត្រូវបង្កើតជារៀងរាល់ឆ្នាំ ឬ រាល់ឆ្នាំនៃការប្រកួតកីឡាស៊ីហ្គេមឡើយ។ យើងបង្កើតកម្មវិធីនេះឡើងគឺនៅពេលដែល​កីឡាករកីឡាការិនីរូបណា មានភាពទាក់ទាញ និងទទួលបានចាប់អារម្មណ៍ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង កីឡាការិនីកម្ពុជា បូ សំណាង បានធ្វើឱ្យមនុស្សយ៉ាង​ច្រើននៅជុំវិញ​ពិភពលោក តាមរយៈទំព័រសារព័ត៌មានជាតិ និងអន្តរជាតិ មានការចាប់អារម្មណ៍និងស្ងើចសរសើរជាខ្លាំងនូវទឹកចិត្តកីឡាអូឡាំពិករបស់នាង»។​ ​ នេះជាការរៀបរាប់របស់លោក Cao Huy Tho។ 
 
អមដោយពាន​រង្វាន់ដែលមានទឹក​ប្រាក់​១៥០០ដុល្លារអាម៉េរិក បូ សំណាង ក៏ដូចកីឡាការិនី Nguyen Thi Oanh និង Tran Mai Ngoc ទទួលបាន​កញ្ចប់​ដំណើរកម្សាន្តក្នុងទំហំទឹកប្រាក់៣០០០ដុល្លារ នៅតំបន់ទេសចរណ៍ដ៏ល្បី Son Doong Cave ស្ថិតនៅឧទ្យានជាតិ Phong Nha-Ke Bang ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ​​ នា​ខេត្ត Quang Binh ផងដែរ។  បើតាមលោក Huy Tho ការផ្តល់ប្រាក់រង្វាន់នេះ វាមិនមែនជាមានទំហំធំដុំក៏ពិតមែន តែវាជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនីដែលមានចិត្តតស៊ូ ព្យាយាម ក្នុងការសម្រេចគោលដៅទៅអនាគត។
 
 
នាអំឡុងពេលធ្វើដំណើរមកកាន់ទៅហូជីមិញដើម្បីទទួលពាន់រង្វាន់ សំណាង ត្រូវបានក្រុមការងារកាសែត Tuoi Tre ​និងពលរដ្ឋវៀតណាមទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ និងយកចិត្តទុកដាក់ខ្ពស់។ ក្នុងពិធីទទួលពានរង្វាន់ «32nd SEA Games Inspiration’ Awards»  កីឡាការិនី បូ សំណាង ក៏បានតបនឹងសំណួរទស្សនិកជនវៀតណាមម្នាក់យ៉ាងមានភាពជឿជាក់ដែលនិយាយអំពីស្មារតីអត្តពលិកតំណាងកម្ពុជា​។
 
« ការមិនបោះបង់ និងតស៊ូ​ ព្យាយាមឱ្យដល់គោលដៅ គឺវាមានអត្ថន័យខ្លាំងមែនទែនទាំងវិស័យកីឡា និងជីវិតពិត ព្រោះវាអាចនិយាយបានថា ជាគំរូមួយសម្រាប់មនុស្សគ្រប់រូប ឱ្យខិតខំព្យាយាមដើរទៅមុខ ទោះបីប្រឈមនឹងបញ្ហាអ្វីក៏ដោយ»។​  សំណាង បានថ្លែងបែបនេះដោយបញ្ជាក់ថា៖ «​ភាពជោគជ័យ គឺនៅរង់ចាំយើងជានិច្ច ឱ្យតែយើងប្រឹងតស៊ូ និងមិនបោះបង់វាចោល»។
 
ម្ចាស់ពានរង្វាន់ «32nd SEA Games Inspiration’ Awards» ទាំងបីរូប(រាប់ស្តាំ)កីឡាការិនី បូ សំណាង, កីឡាការិនីរត់ចម្ងាយឆ្ងាយរបស់វៀតណាម Nguyen Thi Oanh និងកីឡាការិនីវាយកូនឃ្លីលើតុ Tran Mai Ngoc  ថតរូបជុំគ្នាពោរពេញភាពរីករាយអមដោយភាសាបេះដូង និងក្តីស្រឡាញ់។ រូបថត៖ ThmeyThmey 

ជុំវិញនូវឆន្ទៈ និងស្មារតីកីឡា លោក Tran Xuan Toan អគ្គនិពន្ធនាយករងនៃកាសែត Tuoi Tre បានស្ងើចសរសើរ និងជូនពរ សំណាង ឱ្យទទួលបានជោគជ័យលើអាជីពក្នុងវិស័យកីឡានេះ ដោយសម្រេចគោលដៅដណ្តើមមេដាយនិងកិត្តិយសជូនជាតិកម្ពុជា។ លោក បាននិយាយការតស៊ូរបស់ សំណាង ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២មកនេះ វាមិនត្រឹមជះឥទ្ធិពល និងគំនិតវិជ្ជមានដល់ប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានជះឥទ្ធិពលដ៏សែនរំជួលចិត្តដល់ជនជាតិវៀតណាម និងប្រជាជននានាក្នុងពិភពលោក ផងដែរ។ 
 
«កីឡាមិនការបែងចែកពូជសាសន៍ និងនយោបាយឡើយ! កាសែត Tuoi Tre យើងខ្ញុំ និងពលរដ្ឋ រួមទាំងរដ្ឋាភិបាលវៀតណាម ស្វាគមន៍ជានិច្ចនូវវត្តមាន បូ សំណាង​ ដែលជាគំរូភាពដ៏អស្ចារ្យ​សម្រាប់មនុស្សគ្រប់រូបក្នុងពិភពលោក»។ នេះជាការលើកឡើងរបស់លោក Tran Xuan Toan ដែលការណ៍នេះបានបង្ហាញពីការពង្រឹង​មិត្តភាពរវាងកម្ពុជានិងវៀតណាមឱ្យកាន់តែជិតសិទ្ធ​បន្ថែមទៀត តាមរយៈវិស័យកីឡា៕ 
 

Tag:
 បូ សំណាង
  Sea Games
© រក្សាសិទ្ធិដោយ thmeythmey.com