កីឡាអន្តរជាតិ
អន្តរជាតិ
លោក Rodgers វិលទៅដឹកនាំក្រុម Celtic ដោយចុះកិច្ចសន្យា ៣រដូវកាល
21, Jun 2023 , 8:29 am        
រូបភាព
ក្រុម Celtic បានតែងតាំងលោក Brendan Rodgers ជាអ្នកចាត់ការទូទៅជាថ្មី ដោយចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្នុងលីគកំពូលស្កុតឡែន Scottish Premiership នាថ្ងៃទី១៩ ខែមិថុនា។



លោក Rodgers ដែលត្រូវបានក្លិប Leicester City បញ្ចប់តំណែងអ្នកាត់ការកាលពីរដូវកាលមុន ធ្លាប់បានដឹកនាំក្រុម Celtic នេះម្តងរួចមកហើយពីឆ្នាំ ២០១៦​ ដល់ឆ្នាំ ២០១៩។ អ្នកចាត់ការសញ្ជាតិអៀរឡង់រូបនេះ បានជួយក្រុមខ្លាំងរបស់ស្កុតឡែនលើពានរង្វាន់ Scottish Premiership, Scottish Cup និង ​Scottish League Cup។
 
វិលទៅកាន់ទ្រនំចាស់សារជាថ្មី លោក Rodgers ប្រាប់ទៅកាន់គេហទំព័ររបស់ក្លិប Celtic ដូច្នេះថា៖«ខ្ញុំពិតជារំភើបដែលអាចវិលត្រលប់ទៅកាន់ក្លិប Celtic ហើយខ្ញុំពិតជារីករាយខ្លាំងដែលទទួលបាននូវឱកាសមួយនេះ។ យើងថែមទាំងធ្លាប់មានពេលវេលារីករាយនៅ Celtic ព្រមទាំងលើកនេះក៏ជាគោលដៅថ្មីម្តងទៀត ដើម្បីនាំបាល់ទាត់ដ៏អស្ចារ្យមកទីនេះ និងដើម្បីភាពជោគជ័យ។»។
 
អំឡុងការដឹកនាំនៅទឹកដីអង់គ្លេសចុងក្រោយបង្អោះលោក Rodgers បានជួយក្រុម Leicester City ឈ្នះពានរង្វាន់ FA Cup ក្នុងរដូវកាល ២០២០-២១ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
 
បន្ទាប់ពីជួយ Leicester City ជាប់ចំណាត់ថ្នាក់លេខ ៥ នៅក្របខណ្ឌ Premier League ២រដូវកាលជាប់គ្នា រដូវកាលចុងក្រោយក្រុមរហ័សនាមកញ្រ្ចោង ជួបបញ្ហាទម្រង់លេងយ៉ាងខ្លាំង ដោយក្រុមស្ថិតនៅតំបន់បាតតារាងមុនពេលបណ្តេញលោក Rodgers កាលពីខែមេសា។ 
 
តែយ៉ាងណា Leicester City នៅតែមិនអាចបន្តដំណើរលេងនៅក្នុង Premier League បានដោយពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ១៨ ហើយធ្លាក់ទៅលេងនៅក្របខណ្ឌ Championship រដូវកាលក្រោយ៕
 

Tag:
 Celtic
  Brendan Rogers
© រក្សាសិទ្ធិដោយ thmeythmey.com