កីឡាអន្តរជាតិ
អន្តរជាតិ
Inter Miami នឹងតែងតាំងអតីតគ្រូ Barcelona ជាអ្នកចាត់ក្រុមថ្មី
20, Jun 2023 , 5:56 pm        
រូបភាព
ក្លិប Inter Miami ដែលជាក្លិបថ្មីរបស់កីឡាករឆ្នើម Lionel Messi បានយល់ព្រមចុះកិច្ចសន្យានាំយកអតីតអ្នកចាត់ការក្រុម Barcelona លោក Gerardo Martino ធ្វើជាអ្នកចាត់ការក្រុមថ្មីរបស់ខ្លួន។ លោក Martino នឹងជំនួសតំណែងលោក Phil Neville អតីតកីឡាករ Manchester United ដែលទើបត្រូវបានបញ្ចប់តំណែងកាលពីដើមខែមិថុនានេះ។



បើតាមរយៈរបាយការណ៍មួយ ពីសំណាក់អ្នកកាសែតមួយរូបឈ្មោះ Cesar Luis Merlo ក្លិប Inter Miami ត្រូវការផ្លាស់ប្តូរនូវប្រព័ន្ធគ្រប់គ្រង ដើម្បីស្វែងរកទម្រង់លេងរបស់ក្រុមដ៏គួរឱ្យចាប់អារម្មណមួយ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុត។ 
 
រដូវកាល ២០២២-២៣ Inter Miami ស្ថិតក្នុងក្របខណ្ឌ Major League Soccer ឆ្លងកាត់ការប្រកួតចំនួន ១៧លើកពួកគេរកបានជ័យជម្នះតែ ៥លើកតែប៉ុណ្ណោះ ឈរនៅបាតតារាងលីគកំពូលអាម៉េរិក Major League Soccer ភាគខាងកើត ឬ (MLS Eastern Conference)។
 
បើតាមការបង្ហោះរបស់អ្នកកាសែត Luis Merlo នៅលើបណ្តាញសង្គម Twitter របស់ខ្លួន លោក Gerard Martino សញ្ជាតិអាហ្សង់ទីន នឹងត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមដែល Messi ទើបនឹងផ្លាស់ទៅលេងក្នុងពេលដ៏ឆាប់ខាងមុខនេះ។
 
«Inter Miami បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងលោក Gerard Martino ហើយលោកក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការដឹកនាំក្រុមថ្មី។ ប្រសិនបើរូបលោកទទួលបានទិដ្ឋការសម្រាប់ការងាររួច ក្លិបក៏រំពឹងថាគ្រូបង្វឹកថ្មីនឹងចូលមកដឹកនាំនៅដើមខែ កក្កដាតទៅ។»។ នេះជាអ្វីដែលលោក Merlo បានលើកឡើង។
 
Lionel Messi បានចុះកិច្ចសន្យាទៅលេងឱ្យក្លិបស្ថិតនៅក្នុងលីគ MLS ហើយត្រូវបានរំពឹងថានឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងខែសីហា នៅពេលដែលរដូវកាលចាប់បន្ត បន្ទាប់ពីឈប់សម្រាកពាក់កណ្តាលរដូវកាល។ Messi ធ្លាប់ធ្វើជាកូនក្រុមរបស់លោក Martino ឬរហ័សនាម Tata កាលនៅ Barcelona ហើយរូបគេរកបានគ្រាប់បាល់ចំនួន ៤១គ្រាប់ ពីការបង្ហាញខ្លួន ៤៦ប្រកួត៕
 

Tag:
 Inter Miami
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com