កីឡាអន្តរជាតិ
អន្តរជាតិ
Kante ចេញពី Chelsea ទៅចូលរួមក្រុមអារ៉ាប៊ីសាអូឌីត Al-Ittihad ជាមួយ Benzema
21, Jun 2023 , 11:02 am        
រូបភាព
ខ្សែបម្រើ​ ​​​N’Golo Kante នឹងចាកចេញពី Chelsea ដោយគ្មានតម្លៃផ្ទេរ ដើម្បីទៅចូលរួមក្រុម Al-Ittihad នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ។ នេះបើតាមសម្តីរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Saudi Pro League ថ្ងៃទី២០ ខែមិថុនា។



បន្ទាប់ពីរួមរស់នៅទឹកដីតោខៀវរយៈពេល៧ឆ្នាំ ក្រោយផ្លាស់ពីក្រុម Leicester City កាលពីឆ្នាំ ២០១៦ Kante នឹងត្រូវចូលរួមក្លិបនៅទឹកដីមជ្ឈឹមបូពា៍ Al-Ittihad ដែលមានម្ចាស់ពានរង្វាន់ Ballon d’Or ១សម័យ Karim Benzema នៅទីនោះដែរ។
 
តាមរយៈការបង្ហោះវីដេអូរបស់ក្លិប Al-Ittihad នៅលើបណ្តាញសង្គម Twitter បាននិយាយដូច្នេះថា៖«កុំជឿនូវព័ត៌មានក្លែងក្លាយ តែពេលនេះ Kante គឺជាកីឡាកររបស់ក្លិប Al-Ittihad របស់យើងហើយ។»។
 
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើនក៏បានចុះផ្សាយដែលថា ខ្សែបម្រើអន្តរជាតិបារាំង វ័យ ៣២ឆ្នាំ បានចុះកិច្ចសន្យារួចរាល់ជាមួយនឹងក្លិបនៅអារ៉ាប៊ីសាអូឌីត ដោយទទួលបានតម្លៃពលកម្មប្រមាណ ៨៦លានផោន (១០៩លានដុល្លារ) ក្នុងមួយឆ្នាំ។
 
 Al-Ittihad ម្ចាស់ជើងឯក ​Saudi Pro Leagu រដូវកាល២០២២-២៣ ទើបទទួលបាន Benzema ដែលបានចាកចេញពី Real Madrid ក្រោយចប់រដូវកន្លងទៅ។ ជាមួយកិច្ចសន្យា២ឆ្នាំ Benzema ទទួលបានប្រាក់ថ្លៃពលកម្មប្រមាណ ១០០លានអឺរ៉ូ (១០៩លានដុល្លារ) ក្នុងមួយឆ្នាំ។
 
សម្រាប់ Kante ក៏ដូចគ្នាគឺជាកីឡាករដ៏សំខាន់នៅក្នុងក្រុម Chelsea ដោយរូបគេបានឈ្នះពានរង្វាន់ Champions League, Premier League, Europa League និង FA Cup អំឡុងពេលរូបគេស្នាក់នៅ។ តែយ៉ាងណារដូវកាលមុន Kante មិនសូវបានបង្ហាញខ្លួនលេងឡើយ ដោយសារតែបញ្ហារបួសញាំញ៊ី ហើយរូបគេខកខានលេងឱ្យក្រុមនៅក្នុងក្របខណ្ឌ Premier League ទាំង ៣៨ប្រកួត។
 
គ្មានវត្តមាន Kante ក្រុម Chelsea ជួបបញ្ហាទម្រង់លេង ដោយធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ​ ១២ ក្នុងតារាង Premier League៕
 

Tag:
 N’Golo Kante
  Al-Ittihad
© រក្សាសិទ្ធិដោយ thmeythmey.com