ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋសភា ត្រៀមបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តការកែច្បាប់បោះឆ្នោត
21, Jun 2023 , 11:29 am        
រូបភាព
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត។ នេះបើតាមព័ត៌មានពីរដ្ឋសភា ដែលត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីមានការសម្រេចរបស់គណៈអចិន្រ្តៃយ៍រដ្ឋសភា តាមរយៈកិច្ចប្រជុំនាព្រឹកថ្ងៃទី២១មិថុនានេះ។



កាលពីថ្ងៃទី២០មិថុនា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលទៅជួបគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ។ 
 
ខ្លឹមសាររួម​ ដែលត្រូវបានតាក់តែងឡើងក្នុងសេចក្តីព្រាងវិសោធនកម្មខាងលើ គឺ អ្នកដែលមិនទៅបោះឆ្នោត នឹងមិនមានសិទ្ធិឈរជាបេក្ខជនឲ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោកលើកក្រោយឡើយ។ ការធ្វើវិសោធនកម្មច្បាប់នេះ ហាក់ដូចជា រុញអ្នកប្រឆាំងឲ្យទៅបោះឆ្នោតដែរ ពីព្រោះថា បើមិនទៅបោះឆ្នោត ពួកគេ នឹងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតនៅពេលក្រោយនោះទេ។ 
 
 ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចាប់ផ្តើមរួមគ្នាសរសេរមាត្រាថ្មីនេះ ដាក់ចូលទៅក្នុងច្បាប់បោះឆ្នោតយ៉ាងឆាប់រហ័ស តាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេចប្រមុខរដ្ឋាភិបាល ប្រកាសជាសាធារណៈថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវរៀបចំឲ្យលឿន ដើម្បីក្លាយជាច្បាប់ឲ្យបានមុនការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ 
 
ក្នុងការបោះឆ្នោតជាតិលើកទី៧ខាងមុខនេះ មានគណបក្ស១៧ ដែលនឹងចូលរួមប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដ៏ខ្លាំងក្លា។ ឯគណបក្សភ្លើងទៀន ដែលត្រូវចាត់ទុកជាគណបក្សជំទាស់លេចធ្លោជាងគេនោះ មិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ ដោយសារបាត់ប្រកាសដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ៕ 
 
 

Tag:
 វិសោធនកម្មច្បាប់បោះឆ្នោត
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com