កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ក្លាយជាកីឡាករលេងឱ្យជម្រើសជាតិ ច្រើនជាងគេលើលោក
21, Jun 2023 , 12:24 pm        
រូបភាព
Cristiano Ronaldo រកបានគ្រាប់បាល់ជ័យជម្នះឱ្យព័រទុយហ្កាល់យកឈ្នះអ៊ីស្លង់លទ្ធផល ១-០ ក្នុងវគ្គជម្រុះពូល J នៃព្រឹត្តិការណ៍ UEFA Euro 2024 ថ្ងៃទី២០ ខែមិថុនា។ បង្ហាញខ្លួនទី២០០ប្រកួត Ronaldo ក្លាយជាកីឡាករដំបូងគេលេងឱ្យជម្រើសជាតិច្រើនជាងគេលើលោក ក្នុងវ័យ៣៨ឆ្នាំ។



Ronaldo ក្លាយជាកីឡាករដំបូងបង្អស់នៅលើពិភពលោកដែលបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិចំនួន ២០០ប្រកួត។ កីឡាករខ្សែប្រយុទ្ធក្រុម Al-Nassr រូបនេះ បានគ្រប់គ្រងកំណត់ត្រាបង្ហាញខ្លួនលេងនៅក្រុមជម្រើសជាតិព័រទុយហ្កាល់នេះ នៅពេលរូបគេបានបំបែកកំណត់ត្រារបស់លោក Al-Mutawa សញ្ជាតិគូវែត ដែលបង្ហាញខ្លួនលេងនៅជម្រើសជាតិចំនួន ១៩៦ប្រកួត។ 
  


Ronaldo បានបំបែកកំណត់ត្រាបង្ហាញខ្លួនលេងនៅក្រុមជម្រើសជាតិព័រទុយហ្កាល់ កាលពីរូបគេបានបង្ហាញខ្លួនលេងឱ្យព័រទុយហ្កាល់ក្នុងព្រឹត្តិការណ៍ Euro 2024 វគ្គជម្រុះទល់នឹងក្រុមលិចតង់ស្តាញកាលពីខែមីនា។
 
គ្រាប់បាល់ជ័យជម្នះលើក្រុមអ៊ីស្លង់ ធ្វើបានដោយ Ronaldo នៅនាទី៨៩។ ក្រោយស៊ុតចូលភ្លាមៗ កីឡាករវ័យ ៣៨ឆ្នាំ ត្រូវរង់ចាំប្រមាណប្រហែល ២នាទី ដើម្បីអបអរគ្រាប់បាល់ជ័យជម្នះ ក្រោយត្រូវអាជ្ញាកណ្តាលបានត្រួតពិនិត្យប្រព័ន្ធ VAR ទៅលើជំហ Offside។
 
ក្រៅពីការបង្ហាញខ្លួនចំនួន ២០០លើកឱ្យក្រុមជម្រើសជាតិ គ្រាប់បាល់ ១គ្រាប់ដែល Ronaldo ស៊ុតចុងម៉ោងក្រសោបបានជ័យជម្នះនោះ គឺជាគ្រាប់បាល់ទី ១២៣ នៅក្រុមជម្រើសជាតិព័រទុយហ្កាល់របស់គេផ្ទាល់ថែមទៀត។ Ronaldo បន្តបង្កើនកំណត់ត្រារបស់គេក្នុងនាមជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេបង្អោះនៅក្រុមជម្រើសជាតិផងដែរ។
 
ជ័យជម្នះនេះ ក៏បានជួយឱ្យព័រទុយហ្កាល់បន្តឈរចំណាត់ថ្នាក់កំពូលតារាងពូល J ដោយមាន ១២ពិន្ទុ ឈរពីលើក្រុមលេខ ២ ស្លូវ៉ាគីដែលប្រកួតឈ្នះ ១-០ លើលិចតិនស្តាញ៕
 
 
 

Tag:
 Cristiano Ronaldo
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com