ជាតិ
សង្គមជាតិ
រូបសំណាកព្រះថោងនាងនាគ ត្រូវបានកែលម្អ ក្រោយដុះស្និមដោយសារបញ្ហាអាកាសធាតុ
21, Jun 2023 , 7:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
បញ្ហាអាកាសធាតុភ្លៀងខ្យល់ខ្លាំង បានធ្វើឱ្យរូបសំណាកព្រះថោងនាងនាគ ក្នុងខេត្តព្រះសីហនុ រងការខូចខាតផ្នែកខ្លះ ហើយតម្រូវឱ្យមានការកែលម្អឡើងវិញផងដែរ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បញ្ជាក់ថា នៅត្រង់ជើងនៃរូបសំណាកព្រះថោងមានដុះស្និម អ្នកជំនាញកំពុងត្រួតពិនិត្យ និងកែលម្អចំណុចខូចខាតឱ្យមកដូចដើមវិញ។



លោក ឡុង ឌីម៉ង់ លើកឡើងថា៖«ដូចយើងដឹងហើយ រូបបដិមាព្រះថោងនាងនាគ ធ្វើឡើងដោយស្ពន់ អ៊ីចឹងស្ពន់ត្រូវនឹងម្ដុំទឹកសមុទ្រនេះ វាអាចទៅជាដុះស្និមកន្លែងផ្នែកជើង អ៊ីចឹងយើងកំពុងរៀបចំកែលម្អឡើងវិញ ដុះខាត់ និងលាបថ្នាំទប់ទល់ការដុះស្និម»។ 
  
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

ក្រៅពីផ្នែកជើងព្រះថោងដែលដុះស្និមនេះ អ្នកជំនាញក៏កំពុងត្រួតពិនិត្យបន្ថែមនៅផ្នែកផ្សេងទៀត ទាំងខាងក្នុង និងផ្នែកខាងក្រៅ ដើម្បីកែលម្អលាបថ្នាំការពារការដុះស្និម។ លោក ឌីម៉ង់ បន្ថែមថា អ្នកជំនាញក៏កំពុងស្រាវជ្រាវស្វែងប្រភេទថ្នាំលាប ដើម្បីទប់ស្កាត់បញ្ហាច្រែះចំពោះរូបសំណាក់ក្នុងរយៈពេលវែងផងដែរ។
 
នេះមិនមែនជាលើកទី១ឡើយ ដែលរូបសំណាកព្រះថោងនាងនាគ ធ្វើពីស្ពន់កម្ពស់២១ម៉ែត្រនេះ ឡើងស្និមនោះដែរ។ កន្លងមកកាលពីឆ្នាំ២០២២អ្នកជំនាញក៏
ធ្លាប់សម្អាតស្និមលើរូបសំណាកផងដែរ។
  
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

គួរជម្រាបថា រូបសំណាក «ព្រះថោងនាងនាគ» ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ត្រូវបានរៀបចំពិធីអភិសេកជាផ្លូវការនាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។ រូបសំណាក ព្រះថោងតោងស្បៃព្រះនាងនាគ នេះ មានកម្ពស់ជាង២១ម៉ែត្រ រចនាស្ថាបត្យកម្ម ដោយកូនខ្មែរ ត្រូវបានសាងសង់ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃ២៥ ខែមីនា ២០២២។ 
 
រូបសំណាក “ព្រះថោងនាងនាគ” បានដាក់បែរព្រះភក្ត្រ ឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេង ការកកើតនគរខ្មែរ គឺព្រះនាងនាគបានឲ្យព្រះថោង តោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិម្មិតរូប នៃការកកើតទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមកក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ៕ 
 

Tag:
 រូបសំណាក់ព្រះថោងនាងនាគ
© រក្សាសិទ្ធិដោយ thmeythmey.com