ជាតិ
បោះឆ្នោត
រដ្ឋាភិបាល អនុញ្ញាតឲ្យប្រើអត្តសញ្ញាណប័ណ្ណផុតសុពលភាព ក្នុងការបោះឆ្នោត
21, Jun 2023 , 3:39 pm        
រូបភាព
រដ្ឋាភិបាល បានផ្តល់សុពលភាពដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព ដើម្បីអាចឲ្យម្ចាស់អត្តសញ្ញាណប័ណ្ណនោះ ប្រើប្រាស់ក្នុងការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។



យោងតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល ម្ចាស់អត្តសញ្ញាណប័ណ្ណ ដែលផុតសុពលភាព អាចបន្តប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន រហូតដល់ត្រឹមថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត។ កាលបរិច្ឆេទ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណត់សម្រាប់ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត គឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ 
 
ការសម្រេចបន្តសុពលភាពដល់អត្តសញ្ញាណប័ណ្ណនេះ ធ្វើឡើងតាមសំណើរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងពិធីមួយនាពេលថ្មីៗនេះ សម្តេចរដ្ឋមន្រ្តី លើកឡើងថា ការបន្តសុពលភាពនេះ គឺដោយសារអាជ្ញាធរ មិនអាចធ្វើអត្តសញ្ញាណប័ណ្ណថ្មីទាន់ពេល ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់ទៅហើយ។ 
 
ដូចការកំណត់ក្នុងអនុក្រឹត្យ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាក់ថា ការបន្តសុពលភាពនេះ នឹងត្រូវបញ្ចប់ ពេលលទ្ធផលផ្លូវការនៃការបោះឆ្នោត ត្រូវបានប្រកាសរួច។ សម្តេច ផ្តល់ហេតុផលថា ការបន្តសុពលភាពរហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ ក៏ព្រោះតែរដ្ឋាភិបាល បារម្ភខ្លាចក្រែងមានការបោះឆ្នោតឡើងវិញ នៅកន្លែងណាមួយ។ យ៉ាងណា សម្តេច អះអាងថា ការបោះឆ្នោតឡើងវិញ កម្រនឹងកើតឡើងណាស់។ 
 
ចំពោះអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណ រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំឲ្យប្រញាប់រាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរ ត្រូវចេញលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណជូន ដើម្បីយកទៅប្រើក្នុងការបោះឆ្នោត៕  ​​
 
 

Tag:
 អត្តសញ្ញាណប័ណ្ណ
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com