កីឡាអន្តរជាតិ
អន្តរជាតិ
IShowSpeed វ៉ាដាច់ Ronaldo និង Messi ចំពោះការបង្ហោះរូបភាពទទួលបានចំនួនចូលចិត្តច្រើនបំផុតនៅ Instagram
21, Jun 2023 , 8:29 pm        
រូបភាព
IShowSpeed ដែលជាអ្នកបង្កើតមាតិការ និងជាតារានៅលើបណ្តាញសង្គម Youtube មួយរូប ទទួលបានចំនួនអ្នកចុចចូលចិត្ត ឬ Like នៅលើរូបភាពមួយសន្លឹកបង្ហោះនៅលើបណ្តាញសង្គម Instagram ដែលរូបគេបានថតជាមួយនឹងប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ Cristiano Ronaldo។ រូបភាពនោះវ៉ាដាច់ការបង្ហោះរបស់កីឡាករនិមិត្តរូបរបស់គេកីឡាករសញ្ជាតិព័រទុយហ្កាល់វ័យ ៣៨ឆ្នាំ និង Lionel Messi ដោយទទួលបានចំនួនច្រើនបំផុត សម្រាប់ការបង្ហោះចុងក្រោយ។



IShowSpeed ជារហ័សនាមនៅលើ Youtube ដោយបុរស់ជនជាតិអាម៉េរិក វ័យ ១៨ឆ្នាំរូបនេះមានឈ្មោះដើមថា Darren Watkins Jr និងជាតារាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ិនធឺណិត និង Youtube ផ្ទាល់។ IShowSpeed មានចំនួនអ្នកតាមដានរូបគេនៅលើ Youtube ប្រមាណជាង ១៧លាននាក់គិតដល់ពេលនេះ។
  


ភាពល្បីល្បាញរបស់គេគឺការផ្សាយផ្ទាល់នូវមាតិកាក្នុងការលេងហ្គេមដូចជាបាល់ទាត់ និងការបង្ហោះវីដេអូពីជីវិតប្រចាំថ្ងៃ ក៏ដូចជាដំណើរកម្សាន្ត និងទៅទស្សនាតាមការប្រកួតបាល់ទាត់ក្រុមល្បីៗលើពិភពលោកជាដើមនារយៈពេលចុងក្រោយមកនេះ។
 
តាមរយៈការផ្សាយផ្ទាល់របស់តារា Youtube វ័យក្មេងរូបនេះ រូបគេបានទទួលឱកាសជួបកីឡាករ Cristiano Ronaldo និងថតរូប កាលពីសប្តាហ៍មុនអំឡុងពេលបញ្ចប់ការប្រកួតរវាងក្រុមព័រទុយហ្កាល់បានយកឈ្នះលើក្រុមបូស្នីលទ្ធផល ៣-០ នៃជំនួបវគ្គជម្រុះពានរង្វាន់ Euro 2024 ក្នុងពូល J។ Ronaldo ជានិមិត្តរូបរបស់ IShowSpeed ដោយរូបគេតែងតែស្រមៃចង់ជួបដោយផ្ទាល់ជាយូឆ្នាំមកហើយ។
  


ការបង្ហោះរូបភាពដែលរូបគេបានថតជាមួយនឹង Ronaldo នៅលើបណ្តាញសង្គម Instagram ដោយមកដល់ពេលនេះ រូបភាពនោះទទួលបានចំនួនមនុស្សចុចពេញចិត្ត ឬ Like ដ៏ច្រើនបំផុតដល់ទៅ ១២លាននាក់។ ចំនួនដ៏ច្រើននេះ បានវ៉ាដាច់ការបង្ហោះចុងក្រោយបំផុតរបស់ Cristiano Ronaldo និង Lionel Messi ទៅទៀត។ 
 
ការបង្ហោះនោះបានវ៉ាដាច់ការបង្ហោះអំពី World Cup របស់ Messi ​ដែលទទួលបានចំនួនអ្នកចុច Like ១០លាននាក់ ព្រមទាំងការបង្ហោះអំពីជ័យជម្នះដ៏ទាក់ចិត្តមួយរបស់ក្រុមព័រទុយហ្កាល់ពីសំណាក់ Ronaldo ដែលទទួលបានចំនួនអ្នកចុចចូល Like ចំនួន ១០លាននាក់ផងដែរ។
 
រូបភាពដែល IShowSpeed បានជួបជាមួយនឹង Ronaldo បានផ្ទុះខ្លាំងនារយៈពេលចុងក្រោយនេះ បន្ទាប់ពីយុវជនវ័យ ១៨ឆ្នាំរូបនេះ បានព្យាយាមធ្វើដំណើរពីទ្វីបមួយទៅកាន់ទ្វីបមួយដើម្បីជួបប្រធានក្រុមពាក់អាវលេខ ៧ ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ ដែលជានិមិត្តរូបរបស់គេ៕
 



 

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com