កីឡាអន្តរជាតិ
អន្តរជាតិ
Messi នឹងបង្ហាញខ្លួនឱ្យ Inter Miami នៅប្រកួតដំបូង ក្នុងខែកក្កដា
21, Jun 2023 , 4:09 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi នឹងចាប់ផ្តើមបង្ហាញខ្លួនលើកដំបូងឱុ្យក្រុមថ្មី Inter Miami នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅពេលក្រុមស្ថិតនៅលីគកំពូលអាម៉េរិក Major League Soccer មួយនេះទទួលស្វាគមន៍ក្រុម Crus Azul របស់ម៉ិកស៊ិកនៅក្នុងជំនួបបើកឆាកពានរង្វាន់ Leagues Cup។ នេះបើតាមប្រធានក្លិប Inter Miami លោក Jorge Mas ប្រាប់កាសែត Miami Herald ថ្ងៃទី២០ ខែមិថុនា។



ការប្រកួតពានរង្វាន់ Leagues Cup ជាការប្រជែងដណ្តើមពានរង្វាន់រវាងក្លិបស្ថិតនៅក្របខណ្ឌ MLS និងក្លិបស្ថិតនៅក្របខណ្ឌ Liga MX របស់ប្រទេសម៉ិកស៊ិក។
សម្រាប់ Messi នឹង ​Inter Miami ភាគីទាំង ២ បានយល់ព្រមចុះកិច្ចសន្យារវាងគ្នា ហើយមកដលពេលនេះ Messi ត្រូវរង់ចាំតែការធ្វើលិខិតការងារក៏ដូចជាទិដ្ឋការឆ្លងដែនផ្សេងៗ រួចរាល់តែប៉ុណ្ណោះ ដើម្បីអាចធ្វើឱ្យកីឡាករសញ្ជាតិអាហ្សង់ទីន អាចប្រកាសជាផ្លូវការពីការចូលរួមក្លិបថ្មីក្នុងខែមិថុនានេះ។ 
  


បើតាមកាសែត Miami Herald កីឡាករវ័យ ៣៥ឆ្នាំ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ កន្លះជាមួយនឹងក្លិបស្ថិតនៅក្របខណ្ឌ MSL របស់អាម៉េរិកដោយទទួលបានតម្លៃខ្លួនប្រមាណ ៥០លានដុល្លារ ទៅ ៦០លានដុល្លារក្នុងមួយឆ្នាំ​ ជាមួយនឹងជម្រើសបន្តដល់កិច្ចសន្យាដល់ឆ្នាំ ២០២៦។ 
 
«មិនមានការផ្លាស់ប្តូរនៅក្នុងច្បាប់ស្តីពីបញ្ជូលកីឡាករទៅក្នុងបញ្ជីឈ្មោះកីឡាករអ្វីឡើយ។ មិនមានអ្វីជាបញ្ហាអ្វីទាំងអស់ ដែលក្លិបកំពុងរៀបចំការងារដើម្បីបញ្ជូលឈ្មោះ Lionel Messi ទៅក្នុងបញ្ជីឈ្មោះរបស់ Inter Miami។»។ នេះបើតាមសម្តីលោក Mas។
 
មិនត្រឹមតែប៉ុណ្ណោះលោក Mas ដែលជាប្រធានក្លិប Inter Miami ក៏បានអះអាងបន្ថែមថាការមកដល់របស់ Messi នៅក្នុងទឹកដីអាម៉េរិក នឹងធ្វើឱ្យក្របខណ្ឌ MLS កាន់តែជក់ចិត្តនិងជួយឱ្យលីគអាម៉េរិកក្លាយជាលីគដ៏ល្អមួយនៅក្នុងចំណោមលីគកំពូលលើពិភពលោក។
 
ចាប់តាំងពីព័ត៌មានដែល Messi បានចូលរួមជាមួយនឹងក្លិប Inter Miami មក ឥទ្ធិពលរបស់កីឡាករវ័យ ៣៥ឆ្នាំ បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយតម្លៃសំបុត្រការប្រកួតបានកើនឡើងតម្លៃប្រមាណ ១,០៣៤ភាគរយ នឹងបានធ្វើឱ្យគេហទំព័រក្លិបនៅលើបណ្តាញ Instagram កើនឡើងប្រមាណ ៨លាននាក់ក្នុងរយៈពេលចុងក្រោយ នេះ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com