ជាតិ
សង្គមជាតិ
អាជ្ញាធរចាប់បានរថយន្តដឹកគោក្របី៤០ក្បាលខុសច្បាប់ចេញពីថៃ
21, Jun 2023 , 5:19 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
អាជ្ញាធរ ចាប់បានរថយន្តមួយគ្រឿងដឹកគោក្របីរស់ចំនួន៤០ក្បាលពីថៃ មកចែកចាយនៅកម្ពុជាដោយខុសច្បាប់ នៅម៉ោង១ទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា។ បើតាមលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល រថយន្ត១គ្រឿងនោះ បានធ្វើផ្ទុយពីលិខិតអនុញ្ញាត ដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វចេញពីថៃ ឆ្លងកាត់កម្ពុជា ទៅកាន់វៀតណាមប៉ុណ្ណោះ។



តាមហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់ ដដែល រថយន្ត១គ្រឿងនោះ ម៉ាក HYUNDAI ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កចំណុះ១៦តោន ពាក់ស្លាកលេខត្បូងឃ្មុំ៣A-២៣២១ បានដឹកគោក្របីចំនួន៤០ក្បាលពីថៃ ចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបន្តទៅចែកចាយនៅរាជធានីភ្នំពេញ។ 

រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
 
យ៉ាងណាសមត្ថកិច្ចបានឃាត់ចាប់រថយន្ត១គ្រឿងនោះ នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយពិនិត្យឃើញល្មើសលិខិតអនុញ្ញាត ដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមប៉ុណ្ណោះ។ នេះបើតាមលោក ហ៊ុន សារ៉ាត់។
 
ចំពោះបទល្មើសនេះ អាជ្ញាធរបានយកវត្ថុតាងទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
 

Tag:
 គោក្របី
© រក្សាសិទ្ធិដោយ thmeythmey.com