អន្តរជាតិ
ចិន​ខឹង​ខ្លាំង ក្រោយឮលោក បៃឌិន ហៅលោក ស៊ី ថា «មេដឹកនាំផ្តាច់ការ» មួយ​រូប
21, Jun 2023 , 10:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាជំនួបជាមួយមេដឹកនាំចិនលោក Xi Jinping នៅក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែ​មិថុនា។ រូបថត AP
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាជំនួបជាមួយមេដឹកនាំចិនលោក Xi Jinping នៅក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែ​មិថុនា។ រូបថត AP
ចិន នា​ថ្ងៃពុធ ទី​២១ ខែ​មិថុនា នេះ បាន​ចាត់ទុក​ការប្រដូច​​របស់​ប្រធានាធិបតីអាម៉េរិក​ លោក ចូ បៃឌិន ដែល​ហៅ​បាន​មេដឹកនាំ​ខ្លួន​ថា ជា «មេដឹកនាំផ្តាច់ការមួយ» ជា​សម្តីដែល​មាន​គ្មាន​ហេតុផល និង​គ្មាន​ការទទួល​ខុស​ត្រូវ​ទាល់តែសោះ។

 
យោងតាម​ការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន AP សង្គ្រាម​សម្តី បាន​កើតឡើង​មួយថ្ងៃ ចន្ទាប់​ការ​បញ្ចប់ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នៅ​ក្រុង​ប៉េកាំង។
 
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Mao Ning បាន​លើកឡើងថា មតិ​របស់​លោក បៃឌិន នា​កម្មវិធីសប្បុរសធម៌មួយ​នៅ​រដ្ឋ​កាលីហ្វនីញ៉ា ប្រាសចាក​ការពិត​ទាំងស្រុង និង​បំពាន​យ៉ាងធ្ងន់ធ្ងរលើ​ពិធីសារការទូត ក៏ដូចជាការបំពាន​ដល់​សេចក្តីថ្លៃថ្នូរ​នយោបាយ​ចិន។
 
ដំណើរទស្សនកិច្ចរបស់លោក Blinken នៅប៉េកាំង ស្ថិតក្នុងគោល​បំណង​បន្ធូរបន្ថយភាព​តាន​តឹងរវាងមហាអំណាច​ពិភពលោក​ទាំងពីរ ប៉ុន្តែ​មើលទៅ​ទំនង​ជាមិន​ទទួលបាន​លទ្ធផល​ជាដុំកំភួន​អ្វីនោះឡើយ។
 
លោក បៃឌិន​ នា​កម្មវិធីរៃអង្គាសថវិកាមួយ បាននិយាយថា លោក ស៊ី រងនូវ​ការអាម៉ាស់ចំពោះភាពតានតឹងនាពេលថ្មីៗនេះជុំវិញបាឡុង​ចារកម្មចិនដែលត្រូវបានសង្ស័យថាត្រូវបានបាញ់ទម្លាក់ដោយកងទ័ពអាកាសនៅឆ្នេរខាងកើត។
 
«នោះ​ជា​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់​ជន​ផ្តាច់ការ នៅពេលដែល​​ពួកគេ​មិនដឹងថា ​មាន​អ្វី​ត្រូវ​កើតឡើង​​»​។ នេះបើតាម​ការ​ដកស្រង់​សម្តី​របស់​លោក បៃឌិន ដោយ AP។
 
ក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន  បានរំលឹកឡើងវិញថា បាឡុង​ដែលត្រូវបានបង្ហោះនោះ គឺក្នុងគោល​បំណង​ស្រាវជ្រាវ​ផ្នែក​ឧតុនិយម ប៉ុន្តែ​វាត្រូវបាន​ផ្ទុះធ្លាយ​​ដោយ​ចៃដន្យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com