អន្តរជាតិ
មនុស្សជាង៣០នាក់របួសក្នុងករណីផ្ទុះហ្គាសមួយនៅកណ្តាលក្រុងប៉ារីស
22, Jun 2023 , 9:29 am        
រូបភាព
ករណីផ្ទុះហ្គាសមួយ បានកើតឡើងនៅផ្លូវ Saint-Jacques តំបន់ទី៥នៃក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា។ រូបថត AFP
ករណីផ្ទុះហ្គាសមួយ បានកើតឡើងនៅផ្លូវ Saint-Jacques តំបន់ទី៥នៃក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា។ រូបថត AFP
ករណីផ្ទុះហ្គាសមួយ បានកើតឡើងនៅផ្លូវ Saint-Jacques តំបន់ទី៥នៃក្រុងប៉ារីស ប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា។ យោងតាមកាសែត Le Monde របាយការណ៍បឋមបង្ហាញថា មនុស្ស៣៣នាក់រងរបួសស្រាល និង៤នាក់រងរបួសធ្ងន់។
 
ការផ្ទុះ បានបង្កឡើងជាអគ្គិភ័យ ហើយបំផ្លាញសំណង់អាគារមួយចំនួន ហើយក្រុមសង្គ្រោះប្រមាណ២៧០នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរងគ្រោះជាបន្តបន្ទាប់ ក៏ដូចជាជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់។
 
លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ដែលចុះទៅដល់ទីតាំងកើតហេតុ បានអះអធាងថា មនុស្ស៣៣នាក់រងរបួសស្រាល និង៤ត្រូវការសង្គ្រោះបន្ទាន់ ខណៈមនុស្ស២នាក់ទៀត ត្រូវបានអះអាងថា ស្ថិតនៅក្រោមគំនរបាក់បែក។
 
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មាន៖ «យើងមិនទាន់ដឹងពីចំនួនអ្នកដែលបាត់ខ្លួនពិតប្រាកដនោះឡើយ ប៉ុន្តែយើងសង្ឃឹមថា អាចស្វែងរកឃើញទាំងអស់»។ 
 
មូលហេតុនៃការផ្ទុះហ្គាសនេះ ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈលោក Gerald Darmanin បានអះអាងថា គ្មានសញ្ញាប្រកាសអាសន្នណាមួយឡើយ នៅមុនឧប្បត្តិហេតុ៕

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com