កីឡាអន្តរជាតិ
អន្តរជាតិ
Gundogan នឹងចេញពី Man City ទៅ Barcelona
22, Jun 2023 , 11:09 am        
រូបភាព
Ilkay Gundogan ប្រធានក្រុម Manchester City នឹងទៅចូលរួមជាមួយ Barcelona ក្រោយពេលកិច្ចសន្យារបស់គេនៅ Eithad បញ្ចប់នៅដំណាច់ខែមិថុនានេះ។


ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំ បានជួយក្រុមមេឃខៀវលើកពាន៣ក្នុងមួយរដូវកាល ២០២២-២៣ រួមមាន FA Cup, Premier League និង UEFA Champions League ក្នុងប្រវត្តិសាស្ត្រក្លិប។
 
ស្របពេលកិច្ចសន្យាខិតជិតមកដល់ ក្លិប Man City បានទាក់ទងចរចាជាមួយ Gundogan ដើម្បីបន្តកិច្ចសន្យាថ្មីបន្ថែម ដែលនេះស្របតាមគោលបំណងរបស់អ្នកចាត់ការលោក Pep Guardiola ក្នុងរក្សាទុករូបគេជួយក្រុមនៅរដូវកាលបន្តបន្ទាប់។ យ៉ាងណា បើតាមការចុះផ្សាយរបស់កាសែត BBC ខ្សែបម្រើឆ្នើមវ័យ៣២ឆ្នាំរូបនេះ បានបដិសេធនឹងមេឃខៀវ ហើយយល់ព្រមទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Barcelona ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។
 
ក្នុងរដូវកាល ២០២២-២៣ Gundogan បង្ហាញខ្លួនឱ្យ Man City ៥១ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់។ ខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះ រកបាន២គ្រាប់ម្នាក់ឯងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ក្នងជ័យជម្នះលើ Manchester United ២-១ និងលេង៩០នាទីពេញក្នុងជំនួបផ្តាច់ព្រ័ត្រ Champions League ទល់ Inter Milan។
 
គិតចាប់ពីផ្ទេរពី Borussia Dortmund ទៅកាន់ទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៦ Gundogan រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប៦០គ្រាប់។​ រយៈពេល៧ឆ្នាំនៅ Etihad រូបគេជួយក្រុមឈ្នះពានចំនួន១៤ ក្នុងនោះ Premier League ៥លើក FA Cup ២លើក EFL Cup ៤លើក Community Shields ២លើក និង Champions League ១លើក។
 
មិនអាចឃាត់ Gundogan បាន លោក Guardiola បានជូនពរកូនក្រុមខ្លួនរូបនេះ ទទួលបានជោគជ័យសម្រាប់ការប្រកួតប្រជែងថ្មីនៅទឹកដីអេស្ប៉ាញ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានសម្លឹងមើលបេក្ខភាពជំនួសតំណែង Gundogan ផងដែរ ក្នុងនោះខ្សែបម្រើ Mateo Kovacic របស់ Chelsea និងជម្រើសជាតិក្រូអាស៊ី ជាជម្រើសនាំមុខគេ។ Kovacic អាចមានតម្លៃផ្ទេរលើសពី៣០លានដុល្លារអាម៉េរិក៕
 

Tag:
 Ilkay Gundogan
© រក្សាសិទ្ធិដោយ thmeythmey.com