ជាតិ
សង្គមជាតិ
មតេយ្យ និងបឋម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុង-ស្រុក-ខណ្ឌ ចាប់ពីឆ្នាំ២០២៤ទៅ
22, Jun 2023 , 12:19 pm        
រូបភាព
សិក្សានុសិស្សនៃបឋមសិក្សាមួយកន្លែង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ (រូបដោយ៖ សហការី)
សិក្សានុសិស្សនៃបឋមសិក្សាមួយកន្លែង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ (រូបដោយ៖ សហការី)
រដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរសិទ្ធិអំណាចទៅឲ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងវិស័យអប់រំមួយផ្នែកនៅថ្នាក់ក្រោម គឺរាប់ចាប់តាំងពីថ្នាក់មតេយ្យ ថ្នាក់បឋម និងការអប់រំក្រៅប្រព័ន្ធផ្សេងទៀត។



កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយ (ស.ជ.ណ.) ស្តីពីការយល់ព្រមរបស់រដ្ឋាភិបាលកម្ពុជា ឲ្យគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រគល់មុខងារអប់រំ ដែលកំពុងត្រូវបានអនុវត្តនៅតាមរដ្ឋបាលក្រុង-ស្រុកនៃខេត្តបាត់ដំបង ទៅឲ្យរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ទូទាំងប្រទេស យកទៅអនុវត្តដែរ ចាប់ពីឆ្នាំ២០២៤តទៅ។ 
 
ស.ជ.ណ. ដែលមានចំណារយល់ព្រមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានផ្ញើជូនទៅរដ្ឋមន្រ្តី៣រូប រួមមាន សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ។ 
 
សូមរម្លឹកថា រដ្ឋាភិបាល បានសម្រេចជ្រើសរើសយករដ្ឋបាលក្រុង-ស្រុកនៃខេត្តបាត់ដំបង​មុនគេ ក្នុងការផ្តល់សិទ្ធិឲ្យគ្រប់គ្រងលើថ្នាក់មតេយ្យ និងថ្នាក់បឋម តាមរយៈអនុក្រឹត្យ ដែលចេញកាលពីចុងឆ្នាំ២០១៩។ បន្ទាប់មក រដ្ឋាភិបាល ក៏ដកស្រង់ពិសោធន៍ពីរដ្ឋបាលក្រុង-ស្រុកនៃខេត្តបាត់ដំបងនេះ ដើម្បីយកទៅអនុវត្តនៅតាមរដ្ឋបាលក្រុង-ស្រុក-ខណ្ឌនៃបណ្តារាជធានី-ខេត្តទូទាំងប្រទេស ក្នុងការគ្រប់គ្រងថ្នាក់មតេយ្យ និងថ្នាក់បឋម។ 
 
យ៉ាងណា រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នឹងមិនមានសិទ្ធិគ្រប់យ៉ាងក្នុងការគ្រប់គ្រងវិស័យអប់រំនៅថ្នាក់មតេយ្យ និងថ្នាក់បឋមនោះទេ។ ក្នុងឱកាសទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទពីសាលកវិទ្យាល័យជាតិជាស៊ីមកំចាយមារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បញ្ជាក់ដូច្នេះថា៖«គ្រប់គ្រងហ្នឹង គ្រប់គ្រងមួយផ្នែកទេ មិនមែនឲ្យទាំងដុលទៅទេ»។ 
 
សម្តេចរដ្ឋមន្រ្តី លើកឡើងថា សិទ្ធិអំណាចរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្នុងការគ្រប់គ្រងថ្នាក់មតេយ្យ និងថ្នាក់បឋម ដូចជា ការគ្រប់គ្រងគ្រូបង្រៀន-បុគ្គលិកសិក្សា ថវិកា បៀវត្ស កិច្ចដំណើរការនៃរដ្ឋបាលសាលារៀន និងការថែទាំអគារសិក្សា ជាដើម។ រដ្ឋមន្រ្តីមហាផ្ទៃ បន្តថា រីឯ ការរៀបចំគោលនយោបាយអប់រំ ការរៀបចំកម្មវិធីសិក្សាប្រចាំឆ្នាំ ការផ្តល់សញ្ញាប័ត្រដល់គ្រូបង្រៀន-បុគ្គលិកសិក្សា និងការសាងសង់អគារសិក្សា ជាដើម នៅតែជាសិទ្ធិអំណាចរបស់ក្រសួងអប់រំដដែល។ 
 
សូមបញ្ជាក់ថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីវិស័យអប់រំ នៅមានវិស័យជាច្រើនទៀត ដែលរដ្ឋាភិបាល ធ្វើវិមជ្ឈការទម្លាក់សិទ្ធិអំណាចទៅឲ្យថ្នាក់ក្រោមជាតិគ្រប់គ្រង៕ 
 
 

Tag:
 អប់រំ
  មតេយ្យ
  បឋម
© រក្សាសិទ្ធិដោយ thmeythmey.com