ជាតិ
សង្គមជាតិ
មន្រ្តី៥រូបនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឡើងឋានៈស្មើរដ្ឋមន្រ្តី
22, Jun 2023 , 2:59 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាអធិបតីក្នុងពិធីមួយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុក៖ Cambodian Human Rights Committee)។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាអធិបតីក្នុងពិធីមួយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុក៖ Cambodian Human Rights Committee)។
សមាជិក៥រូបនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានដំឡើងឋានៈពីសមាជិកធម្មតា ទៅជាអនុប្រធាននៃស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលមួយនេះ ហើយថែមទាំងត្រូវផ្តល់ឋានៈស្មើរដ្ឋមន្រ្តីទៀតផង។ ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជក្រឹត្យស្តីពីការដំឡើងឋានៈដល់អ្នកទាំង៥ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ តាមការក្រាបង្គំស្នើសុំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។



អ្នកទាំង៥ ដែលទទួលបានតំណែងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានឋានៈស្មើរដ្ឋមន្រ្តី គឺលោក សុខ ប៊ុនថា លោក កត្តា អ៊ន លោក ខៀវ តុលា អ្នកស្រី ឆាំ ម៉ារី និងលោកស្រី ឡុង សូនីតា។ 
 
ក្រៅពីនេះ នៅមានសមាជិក១១នាក់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ត្រូវបានដំឡើងឋានៈដែរ។ យោងតាមព្រះរាជក្រឹត្យ សមាជិកទាំង១១នាក់នោះ សុទ្ធតែទទួលបានការដំឡើងឋានៈស្មើរដ្ឋលេខាធិការទាំងអស់គ្នា។ 
 
តាមរយៈសារលើគណនីហ្វេសប៊ុករបស់ខ្លួន លោក កែវ រ៉េមី ប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា មានសមត្ថភាព មានភាពអំណត់ឧស្សាហ៍ព្យាយាម មិនអួតអាង ហើយសុភាពរាបសា គឺស័ក្តិសមនឹងទទួលបានការលើកស្ទួយ។ ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន ដែលតែងសន្តោសប្រណី និងយកចិត្តទុកដាក់ដល់ស្ថាប័នមួយនេះ៕ 
 

Tag:
 ដំឡើងឋានៈ
© រក្សាសិទ្ធិដោយ thmeythmey.com