កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ពិន័យ Mourinho ៤ប្រកួត ចំពោះការប្រមាថអាជ្ញាកណ្តាល Anthony Taylor
22, Jun 2023 , 3:29 pm        
រូបភាព
លោក Jose Mourinho អ្នកចាត់ការទូទៅ AS Roma ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដាក់បម្រាមមិនឱ្យឈរបញ្ជាកូនក្រុមចំនួន៤ប្រកួតក្នុងការប្រកួតពានរង្វាន់ ​Europa League រដូវកាលក្រោយ។  ការដាក់ពិន័យនេះធ្វើឡើង បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ ប្រើជេរប្រមាថលើអាជ្ញាកណ្តាលលោក Anthony Taylor អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ទល់ក្រុម Sevilla។ នេះបើតាមសេចក្តីថ្លែងការរបស់ UEFA ថ្ងៃទី២១ ខែមិថុនា។



ក្រោយជំនួបប្រកួតដែល Roma ចាញ់ Sevilla វគ្គផ្តាច់ព្រ័ត្រ Europa League លោក Mourinho បានរិះគន់អាជ្ញាកណ្តាលកាត់ក្តីលម្អៀង។ លោក Taylor ដែលជាអាជ្ញាកណ្តាលការប្រកួតនឹងក្រុមគ្រួសារ ក៏ត្រូវបានរងការរំលោភបំពាននៅក្នុងព្រលានយន្តហោះទីក្រុង ​Budapest ពីសំណាក់អ្នកគាំទ្ររបស់ក្រុមអ៊ីតាលីផងដែរ។


 
ចំពោះហេតុការណ៍នោះក្លិប Roma បានរងពិន័យជាប្រាក់ប្រមាណ ៥៥,០០០អឺរ៉ូ (៦៣,៤៦៤ដុល្លារ) នឹងហាមមិនឱ្យលក់សំបុត្រសម្រាប់អ្នកគាំទ្រនៅការប្រកួតក្រៅទឹកដីបន្ទាប់ ចំពោះការប្រើប្រាស់កាំជ្រូចភ្លើង និងកាំជ្រូច, ការចោលវត្ថុផ្សេងៗចូលក្នុងទីលាន ព្រមទាំងបង្កការបំផ្លាញដល់រចនាសម្ព័ន្ធក្នុងកីឡដ្ឋាន។
 
ក្លិប Roma ក៏ត្រូវបានបញ្ជាឱ្យទាក់ទងទៅសហព័ន្ធបាល់ទាត់ហុងគ្រីក្នុងរយៈពេល ៣០ថ្ងៃ សម្រាប់ការដោះស្រាយការខូចខាតដែលបណ្តាលមកពីអ្នកគាំទ្រនៅក្នុងកីឡដ្ឋានទៀតផង។ មិនតែប៉ុណ្ណោះ Roma ត្រូវបានពិន័យជាប្រាក់សរុបចំនួនប្រមាណ ៨០,៥០០អឺរ៉ូ (៨៨,៤៨១ដុល្លារ) និងត្រូវបិទទីតាំងអង្គុយក្នុងកីឡដ្ឋានរបស់ពួកគេប្រមាណចំនួន ៦,០០០ កៅអីចំពោះការចោលវត្ថុផ្សេងៗចូលទីលានអំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ Bayer Leverkusen។
 
ក្រៅពីក្លិប Roma ដែលមានទាំងគ្រូបង្វឹក និងក្លិបត្រូវរងបម្រាម នឹងជាប់ពិន័យ ក្លិបផ្សេងៗទៀតដូចជា West ham United, Fiorentina, FC Basel ក៏ដូចជា​ Bayer Leverkusen ក៏ត្រូវបានរងពិន័យចំពោះទង្វើរមិនសមរម្យរបស់អ្នកគាំទ្រ។
 
West Ham រងពិន័យជាប្រាក់ ៥៨,០០០អឺរ៉ូ (៦៣,៧៥០ដុល្លារ) ចំពោះការចោលវត្ថុផ្សេងៗចូលក្នុងទីលានប្រកួតពីសំណាក់អ្នកគាំទ្រនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលពួកគេបានឈ្នះពាន Europa Conference League។
 
Bayer Leverkusen ត្រូវរងពិន័យជាប្រាក់ប្រមាណ ៤៣,០០០អឺរ៉ូ (៤៧,០០០ដុល្លារ) នឹងបញ្ជាឱ្យបិទទីតាំងអង្គុយចំនួន ៥០០០កៅអី ចំពោះការដុតកាំជ្រូចភ្លើង ការដុតកាំជ្រូច នឹងការចោលវត្ថុផ្សេងៗចូលក្នុងទីលាន
 
ក្លិប Fiorentina និង​ FC Basel ជាប់បម្រាមពី UEFA មិនឱ្យលក់សំបុត្រសម្រាប់ការប្រកួតក្រៅទឹកដីរបស់ពួកគេនៅក្នុងរដូវកាលថ្មីក្នុងការប្រកួតប្រជែងពានរង្វាន់តំបន់អឺរ៉ុបរៀងៗខ្លួន៕
 

Tag:
 UEFA
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com