ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី៣ត្រូវបានដំណើរការជាផ្លូវការ
22, Jun 2023 , 8:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។ រូបថត៖ MEF
បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ និងទីពីរ កម្ពុជាសម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី៣ ដែលអនុវត្តចាប់ពីថ្ងៃទី២២មិថុនានេះ តទៅ។ ប្រព័ន្ធនេះដំណើរការឡើង គឺ ដើម្បីបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។

 
ការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី៣នេះ​ ជាឆ្លើយតបនឹងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល​ សេដ្ឋកិច្ច និងសង្គមឌីជីថល វៃឆ្លាត និងរស់រវើក។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងពិធីដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី៣ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២មិថុនា។ 
 


លោក​បានបន្តមានប្រសាសន៍យ៉ាងដូច្នេះ៖  « ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មួយដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»។ 
 
កន្លងមក ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ដែលដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥មិថុនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យគ្រប់ក្រុមហ៊ុន-សហគ្រាសអាចចុះបញ្ជីបានជាកញ្ចប់ជាមួយក្រសួង-ស្ថាប័នចំនួន៣​។ ក្នុងនោះមាន មានក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈការងារ រួមនឹងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាចចុះបញ្ជីជាគម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ។
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ក្រសួងមហាផ្ទៃក៏បានផ្តល់កិច្ចសហការក្នុងការផ្តល់ទិន្ន័យអត្តសញ្ញាកម្ម សម្រាប់ការបង្កើតគណនីរួមដើម្បីចូលរួម Portal ផងដែរ​។​​
 
សម្រាប់ការដំណាក់កាលទីពីរ នៃការដាក់ឱ្យដំណើរការ​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ បានអនុញ្ញាតឱ្យក្រុមហ៊ុន-សហគ្រាសអាចស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតជំនាញផ្សេងៗនៅក្រសួង-ស្ថាប័នចំនួន៤បន្ថែម។ រួមមាន៖ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មនិងអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
 
​ចំពោះដំណាក់កាលទីបីត្រូវបាន​ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា នេះគឺជាបង្គោលចរថ្មីមួយទៀតនៃការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីក្រសួង-ស្ថាប័នរហូតដល់១២បន្ថែមទៀត​​។  ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នចំនួន៧ នឹងអាចដំណើរការចាប់ពីថ្ងៃនេះតទៅ ខណៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នចំនួន៥ទៀត នឹងអាចដាក់ឱ្យដំណើរការនៅចុង ខែកក្កដា ឆ្នាំ២០២៣។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អូនព័ន្ធ មុនីរ័ត្ន។​
 
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បន្តនិយាយយ៉ាងដូច្នេះ៖ «ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលកន្លងមកនេះ តែងតែមានការកាត់បន្ថយនូវនីតិវិធី ពេលវេលា​ និងថវិកា ក្នុងគោលដៅផ្តល់ភាពងាយស្រួលឱ្យបានជាអតិបរិមាដល់ការបង្កើតអាជីវកម្មស្របច្បាប់របស់វិស័យឯកជន»។ 
​ក្នុងស្មារតីនេះ​ រដ្ឋាភិបាលតែងកែសម្រួល និងបន្ថែមមុខងារថ្មីជាបន្តបន្ទាប់នៅលើថ្នាលនបច្ចេកវិទ្យាព័ត៌មាន ជាពិសេសមុខងារដែលអនុញ្ញាតឱ្យធុរជន និងវិនិយោគិន អាចលើកឡើងពីបញ្ហាប្រឈម និងផ្តល់មតិយោបល់ កែលម្អ ក្នុងន័យស្ថាបនា។
 
បច្ចុប្បន្ន ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានទាំងបីដំណាក់កាលនេះ ត្រូវបានដាក់ឱ្យអនុវត្តលើថ្នាលផ្លាស់ប្តូរទិន្ន័យកម្ពុជា ឬ​ហៅថាថ្នាល់ CamDX ។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ថ្នាល់CamDX នេះ គឺជាថ្នាល់បច្ចេកវិទ្យាឈានមុខមួយនៅកម្ពុជា ដែលទើបទទួលជ័យលាភីលការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដ(Open Source Adaptation of the Year) ពីកម្មវិធីពានរង្វាន់អនាគតនៃរដ្ឋាភិបាលប្រចាំឆ្នាំ២០២២។ លោកបានបន្ថែមដូច្នេះ៖ «ជាមួយនឹងការដាក់ឱ្យដំណើរការនូវដំណាក់កាលទីបី នាថ្ងៃនេះ ក្រសួង-ស្ថាប័ន ដែលប្រើប្រាស់ថ្នាល CamDX ដើម្បីផ្តល់សេវាសាធារណៈ នឹងមានចំនួនសរុប១៩»។

គិតត្រឹមថ្ងៃទី១៤មិថុនា ឆ្នា២០២៣ មានក្រុមហ៊ុន-សហគ្រាសចំនួន ២៦ ២៣២ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងមាន៦១៩ក្រុមហ៊ុន-ស្ថាប័ន ទទួលបានអាជ្ញាបណ្ណជំនាញ ដែលទំហំទឹកប្រាក់សរុប៧,៧៩ពាន់លានដុល្លារអាម៉េរិក៕
 

Tag:
 Cam DX
  ​លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com