ជាតិ
សេដ្ឋកិច្ច
កម្ពុជា ដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២
01, Sep 2021 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី២ នាព្រឹកថ្ងៃទី១កញ្ញា  ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom)។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី២ នាព្រឹកថ្ងៃទី១កញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom)។
ភ្នំពេញ៖ កម្ពុជាសម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី២  ចាប់ពីថ្ងៃទី១កញ្ញានេះ តទៅ។ ការដាក់ដំឱ្យណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ នេះ គឺកាន់តែផ្តល់ភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។



លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្តី្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី២ នាព្រឹកថ្ងៃទី១កញ្ញា  ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Zoom)។ បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ គឺមានក្រសួងនិងស្ថាប័នជំនាញចំនួន៤ទៀតបានចូលរួម ហើយធុរជន ឬវិនិយោគិន អាចស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មទៅតាមវិស័យនានា។ 
 
ក្រសួងនិងស្ថាប័នជំនាញទាំង៤នោះ រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
 
ការចូលរួមរបស់ក្រសួង-សា្ថប័នទាំង៤ខាងលើនេះ បានធ្វើឱ្យកម្ពុជា មានក្រសួង-សា្ថប័នចំនួន៨ ដែលប្រតិបត្តិការនៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយ។ តាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ធុរជនទាំងអស់ គឺអាចចុះបញ្ជីអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងផ្តល់ដំណឹងបើកសហគ្រាស ទៅក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ក្នុងពេលតែមួយ។
 
ទន្ទឹមនឹងគ្នានេះ វិនិយោគិនក៏អាចស្នើចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឬនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទៅតាមប្រភេទអាជីវកម្មនីមួយៗបាន ផងដែរ។ 
 
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ការចុះបញ្ជីអាជីវកម្មតាមបែបបច្ចេកវិទ្យាព័ត៌មាននេះ ធុរជនអាចចំណាយពេលវេលាចន្លោះពី៥ទៅ៧ថ្ងៃប៉ុណ្ណោះ ជាមួយនឹងការចំណាយតិច។ គ្រប់ធុរជន អាចចុះបញ្ជីអាជីវកម្មថ្មីរបស់ខ្លួនបានជាកញ្ចប់ជាមួយនឹងក្រសួងឬស្ថាប័នពាក់ព័ន្ធក្នុងពេលតែមួយ តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឬតាមអនឡាញ(Online)ដែលចូលក្នុងអាស័យដ្ឋាន www.registrationsevices.gov.kh
 
សូមរម្លឹកថា កម្ពុជាបានដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី១ កាលពីថ្ងៃទី១៥មិថុនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី២៤សីហា ឆ្នាំ២០២១ មានក្រុមហ៊ុនដែលបានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ចំនួន ៧ ៧១៥ ដែលមានទុនវិនិយោគ ជិត៣ ០០០លានដុល្លារ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន។  
 
បើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ ក្នុងចំណោមអាជីវកម្មទាំងនេះ គឺមានវិស័យចំនួន៥ដែលមានទំហំដើមទុន ច្រើនជាងគេ ដោយនៅក្នុងមាន វិស័យសំណង់មាន២៥.៣២ភាគរយ, វិស័យនាំចេញនាំចេញ និងទិញលក់ និងជួសជុលគ្រឿងយន្ត និងម៉ូតូគ្រប់ប្រភេទ មាន១៦.៤៤ភាគរយ, សកម្មភាពអចនលវត្ថុ មាន១៥.៥៣ភាគរយ, វិស័យកម្មន្តសាលមាន ១៤.៣ភាគរយ និងសកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាបរង មាន ៨.២២ភាគរយ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន៕
 

Tag:
 ថ្នាលបច្ចេកវិទ្យាព័ត៌មាន
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com