ជាតិ
អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ ផ្ដល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម
22, Jun 2023 , 4:49 pm        
រូបភាព
សហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម​ ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព, ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះបានប្រព្រឹត្ដឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣​ នៅសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។
 
នៅក្នុងឆ្នាំ២០២៣នេះ ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យមចំនួន២៧ ក្នុងចំណោមបេក្ខភាព ២៦៥ បានដាក់ពាក្យស្នើសុំហិរញ្ញប្បទាននៅក្នុងកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ ទីផ្សារនាំចេញ។ 
 


កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរមានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូចនិងមធ្យម ដែលទទួលផលប៉ះពាល់ពីកូវីដ​១៩ ក្នុងការរក្សាលំនឹង និងចាប់យកឱកាសថ្មីក្នុងការពង្រីកអាជីវកម្មទៅតាមវិស័យរៀងៗខ្លួន។ កម្មវិធីអភិវឌ្ឍន៍ទីផ្សារនាំចេញមានគោលបំណងផ្តល់ថវិការជូនសហគ្រាសធុនតូចនិងមធ្យម ដែលបានឬកំពុងរៀបចំគម្រោងនាំយកផលិតផលខ្មែរ ដែលមានសក្ដានុពលទៅកាន់ទីផ្សារក្រៅប្រទេស។​
 
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈសហគ្រិនខ្មែរ បានយកចិត្តទុកដាក់នៅក្នុងកិច្ចការអភិវឌ្ឍ សហគ្រិនភាព ដែលជាសកម្មភាពអាទិភាព​សម្រាប់ផ្ដល់ឱកាសជូនសហគ្រិន ក្នុងការលូតលាស់អាជីវកម្ម បង្កើនគុណតម្លៃបន្ថែម, ការងារ, នវានុវត្តន៍ និ​ងបន្តប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។» 
 


គួរកត់សម្គាល់ផងដែរថា សហគ្រិនខ្មែរមានកម្មវិធីជាច្រើនទៀត ដែលបាននឹងកំពុងអនុវត្ដ​ និងផ្តល់ជំនួយហិរញ្ញប្បទានដោយផ្ទាល់ តាំងពីឆ្នាំ២០២០ ហើយបានគាំទ្រដល់ ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម សរុបចំនួន៤០៤ ដែលមកពីបណ្ដាខេត្ដក្រុងនានាក្នុងប្រទេស​កម្ពុជា។
 
អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏ រស់រវើកនៅកម្ពុជា ដោយជំរុញ សកម្មភាពសហគ្រិនទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យា ក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្ម ផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យកម្មន្តសាល ផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម៕
 
(អត្ថបទពាណិជ្ជកម្ម)
 










© រក្សាសិទ្ធិដោយ thmeythmey.com