FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បារម្ភថា មិនសូវមានការបញ្ជាទិញសំបុត្រ World Cup នារី ក្នុងប្រទេសនូវែលសេឡង់
23, Jun 2023 , 8:59 am        
រូបភាព
អ្នកស្រី Sarai Bareman ប្រធានប្រតិបត្តិសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បារម្ភពីការលក់សំបុត្រទស្សនាការប្រកួត FIFA World Cup 2023 ផ្នែកនារី នៅក្នុងប្រទេសនូវែលសេឡង់។ បារម្ភ ដ្បិតសហម្ចាស់ផ្ទះមួយនេះ មិនសូវមានការបញ្ជាទិញសំបុត្រច្រើនដូចអូស្ត្រាលី ដែលជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ភពលោកនារីឆ្នាំ២០២៣។



សម្រាប់សហម្ចាស់ផ្ទះអូស្រ្តាលីវិញ អ្នកស្រី Bareman ដែលជានាយកប្រតិបត្តិផ្នែកបាល់ទាត់ស្រ្តីរបស់ FIFA ក៏បាននិយាយថា អ្នកស្រីមានការព្រួយបារម្ភតិចតួចបំផុតចំពោះអូស្ត្រាលី ដែលថាអ្នកគាំទ្រប្រមាណច្រើនជាង ៤០,០០​០ នឹងអាចចូលទស្សនាការប្រកួត កម្តៅសាច់ដុំទល់នឹងក្រុមជម្រើសជាតិនារីបារាំង នៅថ្ងៃទី១៤ ខែកក្កដា។


 
«ខ្ញុំអាចនិយាយបានថា ការផ្តោតការយកចិត្តទុកដាក់របស់ខ្ញុំច្រើនជាងទៅលើនូវែលសេឡង់ ខណៈដែលយើងមិនមានប្រណីតភាពច្រើនសម្រាប់ក្រុមនារីនៅទីនេះ។ ក្នុងប្រទេសអូស្ត្រាលីវិញ ពួកគេស្រលាញ់ប្រទេសរបស់គេខ្លាំង ជាពិសេស Sam Kerr គឺជាកំពូលតារាងបាល់ទាត់នារី […] នៅទីនោះអំណាចនៃការលក់ដែលក្រុមអូស្ត្រាលីធ្វើបាន ខុសពីអ្វីដែលយើងមិនទាន់មាននៅក្នុងនូវែលសេឡង់ជាមួយនឹងក្រុមជម្រើសជាតិនារីផ្ទាល់។ ដូច្នេះយើងត្រូវការបង្កើនការលក់ឱ្យច្រើនជាងនេះបន្ថែមទៀតនៅសប្តាហ៍បន្ទាប់។»។ អ្នកស្រី Bareman បាននិយាយបែបនេះ។
 
សំបុត្រប្រមាណជាង ១លានសន្លឹកសម្រាប់ FIFA Women’s World Cup 2023 ត្រូវបានលក់សម្រាប់ការប្រកួតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ ការប្រកួតដែលខិតជិតមកដល់ នឹងជួយឱ្យការប្រកួតបាល់ទាត់នារីមួយនេះ ក្លាយជាការប្រកួតមានមនុស្សចូលទស្សនា និងតាមដានច្រើនឡើងវិញ។
  


ប្រទេសនូវែលសេឡង់ នឹងត្រូវទទួលរៀបចំការប្រកួតចំនួន ២៩ប្រកួតពីការប្រកួតចំនួន ៦៤ប្រកួត ហើយពួកគេបានលក់សំបុត្របានប្រមាណចំនួន ២៥០,០០០សម្លឹកសម្រាប់ការប្រកួតទាំងនោះ។
 
ក្រុមជម្រើសជាតិអូស្ត្រាលីនារី ជាក្រុមដែលត្រូវបានគេរំពឹងថានឹងទទួលបានចំនួនអ្នកគាំទ្រចូលទស្សនាច្រើនជាងគេនៅក្នុងការប្រកួត ដោយអាចតាមស្មើក្រុមបុរសនូវចំនួនអ្នកទស្សនានៅពេលដែលពួកគេបានឡើងទៅកាន់វគ្គជម្រុះ ១៦ក្រុម អំឡុងការប្រកួត World Cup ឆ្នាំ២០២២ នៅកាតា៕
 

Tag:
 FIFA
  Women’s World Cup 2023
© រក្សាសិទ្ធិដោយ thmeythmey.com