ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេមប្រ៊ូវ បើកយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ​ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ»
23, Jun 2023 , 2:48 pm        
រូបភាព
ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាប្រៀរ អង្គរ) រួមជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម  ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ បានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!» ។ គោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។​ 

កម្មវិធីនេះ បានធ្វើឡើងនៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ ភ្នំពេញ  ក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.  លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង​កីឡា   លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ  និងលោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ។ ក្នុងនោះក៏មានអ្នកចូលរួមជាង ១០០ នាក់ មកពីវិស័យផ្សេងៗ មានទាំងវិស័យសាធារណៈ ឯកជន សមាគមពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនផលិតស្រាបៀរ ក្រុមហ៊ុនដឹកជញ្ជូន និងយុវជន ក៏ដូចជាអ្នកបើកបររ៉ឺម៉កកង់បី ជាដើម។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាថ្ងៃសក្ខីកម្មនៃការចាប់ផ្តើមយុទ្ធនាការប៉ុណ្ណោះទេ តែក៏ដើម្បីបន្ទរ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីគោលដៅនៃយុទ្ធនាការ   និងប្រកាសស្វែងរកដៃគូបន្ថែម ដើម្បីចូលរួមក្នុងដំណើរឆ្ពោះកាន់ «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានទំនួលខុសត្រូវ» ព្រោះថាយើងម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំដ៏សំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានឲ្យសង្គមរបស់យើងកាន់តែប្រសើរ។ បន្ទាប់ពីពិធីប្រកាសយុទ្ធនាការនេះជាផ្លូវការ  វីដេអូ និងសារអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយទទួលខុសត្រូវ នឹងបង្ហោះផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្តាញសង្គមរបស់ ខេមប្រ៊ូវ ក៏ដូចជាចែករំលែកនៅលើទំព័រដៃគូផ្សព្វផ្សាយ និងសារព័ត៌មាន។ 


 
លោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានមានប្រសាសន៍ក្នុងពិធីនេះថា៖ លោកជឿថា គ្រឿងស្រវឹងនៅពេលទទួលទានក្នុងកម្រិតសមស្របប្រកបដោយការទទួលខុសត្រូវ អាចជាផ្នែកមួយនៃបែបផែនជីវិតរស់នៅក្នុងសង្គមដ៏មានតុល្យភាពរវាងសុខភាព និងទំនាក់ទំនង ក៏ដូចជាចូលរួម រិតចំណងមិត្តភាពកាន់តែរីករាយ។ លោកបានបន្តទៀត «ទោះជាយ៉ាងណា ការពិសាដោយគ្មានទំនួលខុសត្រូវ អាចប្រែក្លាយពេលវេលាវិជ្ជមានទាំងនោះទៅជាចំណុចអវិជ្ជមានទៅវិញ។ ពី ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានការទទួលខុសត្រូវខ្ពស់មួយ យើងចង់ឃើញអ្នកប្រើប្រាស់រីករាយពិសាគ្រឿងស្រវឹង ក្នុងកម្រិតសមស្រប និងដឹកនាំភាពជាគំរូលើការពិសាដោយការទទួលខុសត្រូវ»។
 
លោកបានបន្តទៀតថា «ជាកិច្ចការមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ដែលត្រូវធ្វើ ក្នុងការផ្តល់ព័ត៌មានជូនដល់អ្នកប្រើប្រាស់អំពីការទទួលទានដោយការទទួលខុសត្រូវ ដោយមិនត្រឹមតែអំពីការពិសាក្នុងកម្រិតសមស្របដើម្បីបង្កើនទំនាក់ទំនង និងភាពសប្បាយរីករាយរាល់ពេលជួបជុំប៉ុណ្ណោះទេ។ តែកិច្ចការនេះថែមទាំងណែនាំសាធារៈជនឲ្យបានយល់ដឹងពីកម្រិតដែលគួរទទួលទាន ពេលវេលាកាលៈទេសៈដែលគួរទទួលទាន ដឹងពីកម្រិតជាតិអាល់កុលរបស់យើង ហាមឃាត់ចំពោះអ្នកមិនទាន់គ្រប់អាយុទទួលទាន និងស្រ្តីមានផ្ទៃពោះ ក៏ដូចជាផ្តល់ជាដំណោះស្រាយ និងរៀបចំមធ្យោបាយធ្វើដំណើរ មុនពេលទទួលទាន ពោលគឺ ពិសាគ្រឿងស្រវឹង សូមកុំបើកបរ  បើបើកបរ កុំពិសាគ្រឿងស្រវឹង»។ 
   


លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន ខេមប្រ៊ូវ និងបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ នឹងរួមជាប្រយោជន៍ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈទាក់ទងនឹងការពិសាគ្រឿងស្រវឹង ជាពិសេសក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។  លោក ក៏បានបន្ថែមថា៖ «យើងចង់ឃើញឧស្សាហកម្មគ្រឿងស្រវឹងទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការពិសាដោយការទទួលខុសត្រូវ ក៏ដូចជាចូលរួមឲ្យសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងគ្រឿងស្រវឹង។ យើងត្រូវរួមគ្នាក្នុងគោលបំណងតែមួយ គឺដើម្បីប្រយោជន៍សង្គមជាតិយើងទាំងមូល»។
 

 
លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងនូវការសាទរ និងគាំទ្រចំពោះយុទ្ធនាការនេះ ដែលផ្តោតលើការអប់រំ ព្រោះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ យុទ្ធនាការនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ សម្រាប់ទស្សនៈរបស់លោកផ្ទាល់ លោកជឿថា បង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងស្រវឹង នឹងផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់យុវជន ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរ៍ភាព។ លោកមានជំនឿថា យុវជននឹងចូលរួមជួយបន្ទរ និងផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យកាន់តែទូលំទូលាយ។
 
 
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ។ លោកបានថ្លែងក្នុងពិធីថា៖ «ផ្អែកលើការយល់ឃើញរបស់លោកផ្ទាល់ លោកអាចមើលឃើញថាប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ កំពុងប្រើប្រាស់គ្រឿងស្រវឹង តែឥរិយាបថ ឬរបៀបនៃការទទួលទានរបស់អ្នកប្រើប្រាស់ អាស្រ័យលើចំណេះដឹង និងការអប់រំក្នុងប្រទេសនោះ។ បច្ចុប្បន្ន យើងបាន និងកំពុងព្យាយាមជំរុញឲ្យប្រជាជនរបស់យើង មានកម្រិតការយល់ដឹងខ្ពស់ពីឥរិយាបថ និងរបៀបប្រើប្រាស់គ្រឿងស្រវឹងដោយត្រឹមត្រូវ និងផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះ ការចាប់ផ្តើមយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ  កំពុងដើរលើវិធីសាស្រ្តដ៏ត្រូវ និងស្របតាមរបៀបវារៈរបស់រដ្ឋាភិបាល ឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តរ៍ភាព។ លោក ក៏បានគូសបញ្ជាក់ផងដែរថា ក.ប.ប បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជា វិស័យឯកជន ក្នុងការរៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹង ក្នុងគោលបំណងការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។  អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប  សាទរ និងផ្តល់កិច្ចសហការជាមួយវិស័យឯកជនជានិច្ចចំពោះគំនិតផ្តួចផ្តើមនានា ដែលមានគោលដៅរួមគឺការអភិវឌ្ឍប្រទេសឱ្យកាន់តែប្រសើរប្រកបដោយភាពស្វាហាប់។ 
 










ក្រុមហ៊ុន ខេមប្រ៊ូវ បានបញ្ជាក់ថា៖ «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ»  ត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន ដែលមានទាំងគោលដៅ និងផែនការសកម្មភាពជាក់លាក់ និងជាផ្នែកនៃគោលបំណងនិរន្តរ៍ភាពរបស់ក្រុមហ៊ុនគឺ «អភិវឌ្ឍឲ្យកាន់តែប្រសើរ ទាំងថ្ងៃនេះ និងថ្ងៃស្អែក»។ ក្រុមហ៊ុនក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមកិច្ចសហការ ការជួយជ្រោមជ្រែក និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល អតិថិជន អ្នកប្រើប្រាស់ និងការចូលរួមពីដៃគូពាក់ព័ន្ធនានានៃឧស្សាហកម្មគ្រឿងស្រវឹង គឺជាគន្លឹះដ៏សំខាន់ ដែលនឹងផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ប្រកបដោយភាពវិជ្ជមាន។ ហើយខណៈពេលនេះ ក្រុមហ៊ុន ខេមប្រ៊ូវ ក៏កំពុងស្វែងរកដៃគូបន្ថែមទៀត ដើម្បីចូលរួមដំណើរជាមួយគ្នាឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើររួមគ្នា៕
 

 












(អត្ថបទពាណិជ្ជកម្ម ) 


© រក្សាសិទ្ធិដោយ thmeythmey.com