កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី ផ្តើមសិក្សាធ្វើយ៉ាងណាឱ្យកីឡាករជម្រើសជាតិមានជីវភាពកាន់តែប្រសើរ ក្រោយអាជីពបាល់ទាត់
23, Jun 2023 , 2:55 pm        
រូបភាព
រូបភាព៖ Football Association of Singapore
រូបភាព៖ Football Association of Singapore
សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) នៅថ្ងៃទី២២ ខែមិថុនា បានបង្ហាញគំនិតផ្តួចផ្តើមថ្មីមួយក្នុងការជួយគាំទ្រដល់កីឡាករជម្រើសជាតិរបស់ពួកគេ ឱ្យកាន់តែមានជីវភាពល្អប្រសើរឡើង ក្រោយបញ្ចប់អាជីពជាកីឡាបាល់ទាត់។



បើតាមការប្រកាសរបស់ FAS កម្មវិធីថ្មីមួយឈ្មោះថា FAS Players’ Concierge​ បង្កើតឡើងដើម្បីគាំទ្រជីវភាពរស់នៅរបស់កីឡាករដែលកំពុងលេងឱ្យក្រុមជម្រើសជាតិសិង្ហបុរីនាពេលបច្ចុប្បន្ន​ នៅពេលពួកគេចូលនិវត្តន៍។ ការផ្តួចផ្តើមគំនិតថ្មីរបស់ FAS នឹងដឹកនាំដោយអតីតកីឡាករជម្រើសជាតិសិង្ហបុរី លោក Baihakki Khaizan។


រូបភាព៖ Football Association of Singapore

​ស្ថិតនៅក្នុងសិក្ខាសាលា UEFA Career Assist Workshop នៅក្នុងប្រទេសសិង្ហបុរីពីថ្ងៃទី២១ ដល់ថ្ងៃទី២២ លោក ​Baihakki បាននិយាយថា គម្រោងនៃការផ្តួចផ្តើម ដើម្បីផ្តល់អំណាចដល់កីឡាករ និងផ្តល់ទិសដៅថ្មីសម្រាប់ពួកគេ នៅពេលពួកគេឈានដល់ដំណាក់កាលបញ្ចប់អាជីពបាល់ទាត់។
 
«យើងមិននៅទីនោះដើម្បីកំណត់ជីវិតរបស់ពួកគេទេ យើងចង់លើកទឹកចិត្តពួកគេឱ្យឆ្លងកាត់ដំណើរផ្លូវជីវិតទាំងនេះ ដើម្បីឱ្យពួកគេមានភាពល្អប្រសើរ។»។ លោក Baihakki បាននិយាយបែបនេះ។
 
គម្រោង FAS Players’ Concierge បង្កើតលើទិដ្ឋភាពពីរនៃកម្មវិធីសុខុមាលភាពកីឡាករជម្រើសជាតិ តាមរយៈការលើកទឹកចិត្តជាសាច់ប្រាក់ និងជាអាហារូបករណ៍សម្រាប់កីឡាករជម្រើសជាតិ ក្នុងការសិក្សាបន្ថែមអំពីកីឡាបាល់ទាត់នៅលើឆាកអន្តរជាតិ។ 
  

រូបភាព៖ Football Association of Singapore

 
FAS Players’ Concierge មានគំនិតផ្តួចផ្តើមជាគោលចំនួន ៦ រួមមាន ប្រាក់រង្វាន់អន្តរជាតិ, ឥណទានអាហារូបករណ៍, ឱកាសការងារ, ភាពជាដៃគូអប់រំ, ការហ្វឹកហាត់ និងការគាំទ្រពីក្រៅប្រទេស។ គម្រោងជាគោលទាំងអស់មានបំណងសម្រាប់ដោះស្រាយតម្រូវការ និងកង្វល់របស់កីឡាករបាល់ទាត់អាជីពដែលកំពុងស្វែងរកការផ្លាស់ប្តូរអាជីពលើវាលស្មៅ។
 
បើតាមសម្តីលោក Baihakki  គោលដៅរយៈពេលវែងនៃគំនិតផ្តួចផ្តើម FAS Players’ Concie ដើម្បីបង្ហាញឪពុកម្តាយរបស់កីឡាករបាល់ទាត់ជំនាន់ក្រោយ រួមទាំងកីឡាករផ្ទាល់កាន់តែមានភាពកក់ក្តៅ ក្នុងអាជីព និងក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ពួកគេ៕
 

Tag:
 បាល់ទាត់
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com