ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
​លោក​ សេង វិសុទ្ធ ថាការបង្កើតរូបភាពដែលបង្កប់សំ​ណើ​ច អាចធ្វើឱ្យកុមារកាន់តែស្និទ្ធ​​​​​​​នឹង​សៀវ​ភៅ
24, Jun 2023 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ គំនូរ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ ​​ទាក់​ទាញ​​កុមារ​និង​យុវជន ​ឱ្យចង់​​​ចាប់​កាន់​​​សៀវ​ភៅ​ មុន​ពេល​ពួក​គេ​បន្ត​ចង់​ដឹង​សាច់​រឿងបន្ថែម​ ​នៅ​ក្នុង​សៀវ​ភៅ​នោះ​។ ទោះ​ជាយ៉ាង​ណា ការ​គូរគំនូរ​ក្នុង​សៀវ​ភៅ​កុមារ ត្រូវ​បាន​​បែង​ចែក​តាម​កម្រិត​អាយុកុមារ​​ ក៏​ដូច​ជា​​ប្រភេទ​គំនូរផង​​​​​ដែរ​។ ​លោក​ សេង វិសុទ្ធ អ្នក​រចនាក្រាហ្វិក​ និង​ជា​វិចិត្រ​ករ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា មុន​ពេល​ដែល​កុមារ​ចាប់​អារម្មណ៍​លើ​អត្ថបទ​ កុមារ​មើលនិង​ចាប់​អារម្មណ៍​លើ​​រូប​ភាព​មុន​។ ដូច្នេះសម្រាប់វិចិត្រកររូបនេះ តែងតែព្យាយាមរិះរកគំនិតច្នៃប្រឌិតសម្រាប់របស់ខ្លួន និង​បញ្ចូលសកម្មភាពដែលបង្កប់នូវសំណើចក្នុងគំនូរនោះផង ដើម្បីទាក់ទាញចិត្តកុមារ ឱ្យចូលចិត្ត ឬស្និទ្ធស្នាលនឹងសៀវភៅ។



ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង តាមដានកិច្ចសម្ភាសរវាង កញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សេង វិសុទ្ធ អ្នករចនាក្រាហ្វិក និងវិចិត្រករគូររូបសម្រាប់សៀវភៅកុមារ ដូចតទៅ៖ 
 
 
បើតាម លោក សេង វិសុទ្ធ កុមារ​មាន​ការ​សម្គាល់​របស់​ខ្លួន​ ពេល​ដែល​ពួក​គេ​មើល​រូប​ភាព​ បន្ទាប់​មកគេ​ចាប់​ផ្ដើម​ឆ្ងល់​ ហើយ​​ចង់​ដឹង​ថា ​អត្ថបទ​នៅ​ខាង​ក្នុ​ង​នោះ​សរសេរ​យ៉ាងណា ទើ​ប​បានជា​​រូបភាព​​ទាំង​នោះ ​ធ្វើ​សកម្ម​ភាព​បែប​នោះ​។  ​សៀវ​ភៅ​មួយ​ក្បាល ដែល​អា​ច​ទាក់​ទាញ​ចិត្ត​កុមារ​បាន​ ទាល់​តែ​សៀវ​ភៅ​នោះ​មាន​រូប​ភាព​ល្អ​​ ដែល​មើល​ទៅឃើញ​​ច្បាស់​​ ហើយ​កុមារ​​អាច​មើល​យល់​។ ​«ដូច​ជា​សៀវ​ភៅ “សោភា សាលារៀន និងសួន​កុមារ” រឿង​នេះ​អ្នក​និពន្ធ​មិន​បាន​សរសេរ​ថា ​មាន​កណ្ដុរ​ទេ​។ នៅ​ពេល​ខ្ញុំ​អាន​រឿង​នេះ​ទៅ​ វា​ដូច​សាមញ្ញពេក​ ដូច្នេះខ្ញុំ​បង្កើត​ឱ្យ​មាន​កណ្ដុរ​២​​ មាន​នៅ​គ្រប់​ទំព័រ​ចាំ​មើល​សកម្ម​ភាព​របស់​ក្មេង​នោះ។ តាម​ពិត​ក្មេង​ពេល​មើល​អ្វី​មួយ គាត់​មាន​ការ​សម្គាល់​របស់​គាត់​។ ដូច្នេះ​យើង​បង្កើត​អ្វី​មួយ​ឱ្យ​គាត់​ចាប់​អារម្មណ៍​»។ នេះ​​ជា​ការ​ពន្យល់​របស់​លោក សេង វិសុទ្ធ​។
 
លោក​ សេង វិសុទ្ធ ត្រូវ​ការ​ពេល​គូររូប​ និង​រចនាក្រាហ្វិច​ ចន្លោះ​ពី​៣​សប្ដាហ៍​ទៅ​មួយ​ខែ​ សម្រាប់​សៀវ​ភៅ​កុមារ​មួយ​ក្បាល​។ ប៉ុន្តែ​​ប្រសិន​កុមារ​នោះ​ មាន​អាយុ​ចាប់​ពី​៦​ឆ្នាំ​ឡើង​ រហូត​ដល់​១២​ឆ្នាំ លោក​ត្រូវ​ការ​ពេល​​លើស​នោះ​ ដោយ​សារ​តែ​គំនូរ​ទាំង​នោះ​ ត្រូវ​គូរ​លម្អិត​ជាង​កុមារ​​អាយុ​​ចាប់​ពី​០ឆ្នាំ ​ដល់​៦​ឆ្នាំ​។ បន្ថែម​ពី​នោះ​ ​ បុរស​សម្បុរ​ស្រអែម​មុខ​មូល​រូប​នេះ សង្កត់​ធ្ងន់​ថា ដើម្បី​គូរ​គំនូរ​ឱ្យ​មាន​ភាព​ទាក់​ទាញ​ ដល់អ្នក​អាន ពិសេស​​កុមារ វិចិត្រ​ករ​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ដោយ​ខ្លួន​ឯង​​ ដោយ​ផ្អែក​លើ​ចំណេះ​ដឹង​ទូ​ទៅ ដែល​ខ្លួន​បាន​ជួប​ប្រ​ចាំ​ថ្ងៃ៕
 


Tag:
 តោះយើងអានជុំគ្នា
  អប់រំ​
  អំណាន
  គំនូរ​
  កុមារ​
  សៀវ​ភៅ​
  សៀវ​ភៅកុមារ​​
© រក្សាសិទ្ធិដោយ thmeythmey.com