ជាតិ
បោះឆ្នោត
លោក ហ៊ុន ម៉ានី៖ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ
23, Jun 2023 , 5:39 pm        
រូបភាព
រូបភាពពីហ្វេសហ៊ុនផេកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសហ៊ុនផេកលោក ហ៊ុន ម៉ានី
ភ្នំពេញ៖ រដ្ឋសភា សម្រេចអនុម័តសេចក្ដីព្រាងនៃវិសោធនកម្មច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងអ្នកមិនទៅបោះឆ្នោត នឹងមិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ។ លោក ហ៊ុន ម៉ានី យល់ថា ការធ្វើវិសោធនកម្មច្បាប់នេះ បញ្ជាក់ពីការទទួលខុសត្រូវ និងគុណសម្បត្តិរបស់បេក្ខភាពឈរឈ្មោះបោះឆ្នោត សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ។



រដ្ឋសភា សម្រេចអនុម័តសេចក្ដីព្រាងនៃវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង១១១ ខណៈសមាជិកសមាជិការដ្ឋសភាក្នុងអង្គប្រជុំមាន១១១រូប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ វិសោធនកម្មច្បាប់បោះឆ្នោត គឺមានការចែងថ្មី ពាក់ព័ន្ធនឹងអ្នកដែលមិនទៅបោះឆ្នោត។ បានន័យថា អ្នកមិនទៅបោះឆ្នោត និងមិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ។
 
ដ្បិតអវត្តមានក្នុងកិច្ចប្រជុំធ្វើវិសោធនកម្មច្បាប់ថ្ងៃនេះ តែលោក ហ៊ុន ម៉ានី យល់ស្របនឹងខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងស្រុង ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។
 
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភារូបនេះ យល់ថា៖«វិសោធនកម្មច្បាប់នេះ គឺជាការបញ្ជាក់ឡើងវិញការទទួលខុសត្រូវ និងគុណសម្បត្តិរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណាមួយឡើយ»។
 
មួយវិញទៀត ក៏ជាការបង្កើនទំនុកចិត្តខ្ពស់របស់ពលរដ្ឋជាម្ចាស់ឆ្នោត ចំពោះបេក្ខភាពឈរឈ្មោះជាតំណាងរបស់ខ្លួន ហើយរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការបោះឆ្នោត និងការឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ។ នេះជាការលើកឡើងរបស់លោក ម៉ានី ដដែល។
 
សូមបញ្ជាក់សេចក្ដីព្រាង នៃវិសោធនកម្មច្បាប់បោះឆ្នោត គឺមាន៨មាត្រា។ ចំពោះសេចក្ដីព្រាងខាងលើនេះ ចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ,ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ,ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ គោលបំណងនៃការធ្វើវិសោធនកម្ម គឺដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ៕ 
 

Tag:
 វិសោធនកម្មច្បាប់បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com