កីឡាអន្តរជាតិ
អន្តរជាតិ
Messi ជំរុញ Mbappe ផ្លាស់ទៅទឹកដីអេស្ប៉ាញ ព្រោះគេសក្តិសមទទួលគម្រោងឈ្នះពិតប្រាកដ
24, Jun 2023 , 11:59 am        
រូបភាព
Lionel Messi បានជំរុញ Kylian Mbappe អតីតមិត្តរួមក្រុម Paris Saint Germain ផ្លាស់ទៅកាន់ក្លិបនៅទឹកដីអេស្ប៉ាញ ដើម្បីសម្រេចបំណងនៃការឈ្នះពានរង្វាន់លំដាប់កំពូល។ Messi លើកទឹកចិត្តឱ្យ Mbappe ទៅចូលក្លិបចាស់របស់ខ្លួន Barcelona។


Mbappe អាចនឹងត្រូវចាកចេញពី PSG នាទីផ្សារដោះដូររដើមរដូវកាលថ្មី ២០២៣-២៤ បើទោះបីជាកិច្ចសន្យារបស់គេនៅសល់រយៈពេល ១២ខែជាមួយនឹងក្លិបអ្នកមានបារាំងក៏ដោយ។ កាលពីប៉ុន្មានសប្តាហ៍មុន កីឡាករប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ ត្រូវបានកាសែតល្បីៗជាច្រើនចុះផ្សាយថាបានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់បារាំង FFF ថារូបគេនឹងមិនបន្តលេងនៅទឹកដីបារាំងទៀតឡើយ បន្ទាប់ពីកិច្ចសន្យារបស់គេផុតកំណត់នៅក្នុងឆ្នាំ ២០២៤។
 
រឿងរ៉ាវទាំងនេះកំពុងតែជា រឿងដ៏រសើបមួយជុំវិញការសម្រេចចិត្តរបស់ក្លិប ​PSG ថាតើនឹងត្រូវលក់ Mbappe ឬអនុញ្ញាតឱ្យរូបគេចាកចេញដោយគ្មានតម្លៃខ្លួន។ ក្លិប Real Madrid ជាក្លិបមួយដែលតែងតែចង់បាន Mbappe ខ្លាំងបំផុត ខណៈបច្ចុប្បន្នក្លិបម្ចាស់ជើងឯក Champions League ១៤សម័យមួយនេះ គ្មានខ្សែប្រយុទ្ធមុតស្រួច សម្រាប់តំបន់ប្រយុទ្ធជួរមុខនៅឡើយ បន្ទាប់ពី Karim Benzema បានចាកចេញទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីត។ 
 
Messi ដែលទើបចាកចេញពីក្លិប PSG ក្រោយរួមរស់រយៈពេល ២ឆ្នាំ ដោយផ្លាស់ទៅក្លិប Inter Miami របស់អាម៉េរិក ត្រូវបានគេរាយការណ៍ថាបានប្រាប់ Mbappe អំពីការលេងបាល់នៅក្នុងទឹកដីអេស្ប៉ាញ ព្រមទាំងបានផ្តល់យោបល់ ជំរុញដល់ Mbappe ទៅកាន់ទឹកដីអេស្ប៉ាញផងដែរ។
 
បើតាមគេហទំព័រ DefensaCentrai របស់អេស្ប៉ាញ បានបញ្ចេញសម្តីរបស់ Messi ដោយរូបគេបាននិយាយដូច្នេះថា ៖ «ខ្ញុំចង់ឱ្យអ្នកទៅលេងនៅក្លិប Barca ប៉ុន្តែប្រសិនបើអ្នកចង់ទៅកាន់ Madrid គួរតែធ្វើវា ព្រោះអ្នកសក្ក័សមទទួលបាននូវគម្រោងនៃការឈ្នះដ៏ពិតប្រាកដ។»៕
 

Tag:
 Kylian Mbappe
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com