ជាតិ
រដ្ឋ មានផែនការធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-មណ្ឌលគិរី និងភ្នំពេញ-ក្រចេះ
24, Jun 2023 , 2:29 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាព៖ ក្រសួងសាធារណការ
ដោយ:
រដ្ឋាភិបាលមានផែនការធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-មណ្ឌគិរី និង ភ្នំពេញ-ក្រចេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ចូនទំនិញរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ នេះជាលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  ខណៈគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប កំពុងស្ថិតក្នុងដំណាក់ការសិក្សា។​

 
ក្នុងពិធីសម្ពោធកំពង់ផែទេសចរណ៍និងទំនិញរាយ«ដងទង់» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៣ ខែមិថុនា លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវល្បឿនលឿនទី៤ អាចនឹងសាងសង់ពីភ្នំពេញ ទៅខេត្តមណ្ឌលគីរី ហើយឆ្ពោះទៅកោះញ៉ែក។ «ពីកោះញ៉ែកទៅផ្សារបានលុងទៅខេត្តរតនគិរី បន្ទាប់មកឆ្ពោះចេញទៅ ខេត្តស្ទឹងត្រែង និងចេញទៅខេត្តព្រះវិហារ ហើយតភ្ជាប់ទៅផ្លូវល្បឿនលឿនខេត្តសៀមរាប»។ លោក ស៊ុន ចាន់ថុល បានបង្ហើបបែបនេះ ដោយបន្ថែមថា ផ្លូវល្បឿនលឿនទី៥ អាចសាងសង់ពីភ្នំពេញ ទៅក្រចេះ មកស្ទឹងត្រែង ហើយឆ្ពោះទៅទល់ដែនកម្ពុជា-ឡាវ នៅត្រពាំងគ្រៀល។ 
 
លោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បន្តនិយាយយ៉ាងដូច្នេះ ៖«ខ្ញុំសង្ឃឹមថាយើងនឹងមានផ្លូវល្បឿនលឿនទី៤ និងទី៥ ដែលជាផែនការគ្រោងទុករបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៀត»។
 
កម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងមួយចំនួនទៀត​ កំពុងសាងសង់ជាបន្តបន្ទាប់។ ក្នុងនោះ កាលពីចុងឆ្នាំ២០២២ រដ្ឋាភិបាល បានប្រកាសឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនទីមួយពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានតម្លៃជាង២០០០លានដុល្លារ។  ដោយឡែក នៅថ្ងៃទី៧ខែមិថុនា  ឆ្នាំ២០២៣ កម្ពុជាបានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-បាវិតដែលមានតម្លៃជាង១​៤០០លានដុល្លារ ខណៈគម្រោងផ្លូវល្បឿនលឿនទី៣  ពីភ្នំពេញ-សៀមរាប ក៏បានចុះហត្ថលេខាក្រមខ័ណ្ឌក្នុងការសិក្សាលម្អិតបន្ថែមទៀតសម្រាប់ការសាងសង់ ផងដែរ៕
 
 

Tag:
 ផែនការផ្លូវល្បឿនលឿនទី៤ និងទី៥
© រក្សាសិទ្ធិដោយ thmeythmey.com